Hot line: +855 (0)87 427 722
● You are in: Media > Detail News
ផ្សារដារ ត្រូវ​បាន​បុក​គ្រឹះ​សាងសង់​ហើយ បន្ទាប់​ពី​​ពន្យារ​ពេល​អស់​ជា​ច្រើន​ឆ្នាំ
Date: 2018-01-16

ក្រោយ​ពី​ពន្យារពេល​អស់​ជា​ច្រើន​ឆ្នាំ ពោល​គឺ​តាំង​ពី​ឆ្នាំ​២០១៣​មក នៅ​ទីបំផុត ផ្សារដារ ដែល​ជា​ផ្សារ​គំរូ​ជាប់​ព្រំដែន​កម្ពុជា​-វៀតណាម ត្រូវ​បាន​រាជ​រដ្ឋាភិបាល​សម្រេច​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ ខណៈ​ដែល​គម្រោង​ផ្សារ​គំរូ​ជាប់​ព្រំដែន​មួយ​នេះ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​កម្ពុជា-​វៀតណាម ខិតខំ​ផ្ដួច​ផ្ដើម​និង​ជំរុញ​ឲ្យ​ចេញ​ជា​រូបរាង​យ៉ាង​ខ្លាំង។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ផ្សារ​គំរូ​ព្រំដែន​នេះ​នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន និង​លើក​កម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​-វៀតណាម។ លើស​ពី​នេះ វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​កិច្ច​សហការ និង​សម្រួល​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​និង​ជិត​ប្រជាពលរដ្ឋ ជាពិសេស ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ចំនួន ៥.០០០​លាន​ដុល្លារ តាម​ផែនការ​មេ​ដែល​បាន​គ្រោងទុក​ក្នុង​ពេល​អនាគត​របស់​រាជ​រដ្ឋាភិបាល។ 

បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ការ​សាង​សង់​ផ្សារ​ដារ​ នេះ​ឲ្យ​បាន​រួចរាល់​ជា​ស្ថាពរ​ក្នុង​រយៈពេល​១២​ខែ តាម​កិច្ច​សន្យា​ដែល​ក្រុមហ៊ុន​វៀតណាម​បាន​ព្រមព្រៀង​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា។ 

បើ​តាម​ការ​​អះអាង​​​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ពាណិជ្ជកម្ម ផ្សារ ដារ ដែល​កំពុង​សាងសង់​នៅ​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ​នេះ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​សម្រាប់​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ទិញ​លក់ ដោះដូរ​ទំនិញ​សំខាន់ៗ រវាង​គ្នា​ទៅ​វិញ​ទៅ​មក ពិសេស គឺ​ផលិតផល​កសិកម្ម​តែ​ម្ដង។ 

គម្រោង​សាងសង់​ផ្សារ​គំរូ​ជាប់​ព្រំដែន​កម្ពុជា​-វៀតណាម​មួយ​នេះ ត្រូវ​បាន​អនុម័ត​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​បន្ត​អនុវត្ត​ឡើង​វិញ​នៅ​ឆ្នាំ​២០១៦ នៅ​លើ​ផ្ទែ​ដី​ទំហំ​ជិត ២​ម៉ឺន​ម៉ែត្រ​ការ៉េ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ថារី ត្បូង​ឃ្មុំ ជាមួយ​ទុន​វិនិយោគ​សរុប​ប្រមាណ​ជិត ២​លាន​ដុល្លារ​អាមេរិក ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម។ 

បើតាម​ប្រសាសន៍​របស់​ឯកអគ្គរដ្ឋទូត​វៀតណាម ឯកឧត្តម វ៉ូ ហ្គុងមិញ បាន​គូស​បញ្ជាក់​ដែរ​ថា ការ​សាង់សង់​ផ្សារ​ដារ​នេះ នឹង​នាំ​មក​នូវ​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា និង​វៀតណាម ហើយ​នឹង​ក្លាយ​ជា​គំរូ​នៃ​ការ​អភិវឌ្ឍ និង​ការ​ពង្រីក​កិច្ច​សហការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​អនាគត ប្រកប​ដោយ​ជោគជ័យ។

ទោះ​យ៉ាង​ណា​ក៏​ដោយ បើ​តាម​អ្នក​ជំនាញ​សេដ្ឋកិច្ច លោក ង៉ែត ជូ ធ្លាប់​បាន​ប្រាប់ ខេមបូណូមីស ថា ការ​បង្កើត​ផ្សារ​គំរូ​ជាប់​ព្រំដែន​វៀតណាម​នេះ កម្ពុជា​ហាក់​ទទួល​បាន​ផល​ចំណេញ​តិច​ជាង​ប្រទេស​វៀតណាម។ 

ចំណេញ​តិច គឺ​ដោយសារ​តែ​បច្ចុប្បន្ន ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​វៀតណាម គឺ​មាន​តិច​តួច​ជាង​ទំនិញ​វៀតណាម​នាំ​ចូល​មក​កម្ពុជា ពិសេស គឺ​ទំនិញ​ដែល​វៀតណាម​នាំចូល​ត្រឡប់​មក​វិញ គឺ​ជា​ទំនិញ​កែច្នៃ​រួច​ដែល​មាន​តម្លៃ​ថ្លៃ ដូចជា ផលិត​ចំណី​អាហារ និង​សម្ភារៈ​ប្រើប្រាស់​ជាដើម ខណៈ​ដែល​កម្ពុជា​នាំ​ទៅ​វៀតណាម​វិញ គឺ​មាន​ភាគ​ច្រើន​តែ​កសិផល​ប៉ុណ្ណោះ។ 

សូម​ជម្រាប​ដែរ​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​-វៀតណាម មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ តួយ៉ាង គិត​ត្រឹម​រយ:ពេល​១១​ខែ​ឆ្នាំ​២០១៧ កន្លង​ទៅ ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម ជាង ៣៤០០​លាន​ដុល្លារ ពោល​គឺ​បាន​កើន​ឡើង ជាង ៣១% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ ដែល​មាន​ប្រមាណ​តែ​ជិត ៣​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ៕

Source From: https://cambonomist.com
Share
Our Partners