កោះកុង៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៥២.១២% ហើយនៅរដូវប្រាំងនាខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០%។

ឯកឧត្តម សូរ វ៉ិចទ័រ ប្រធានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ បានបញ្ជាក់ថា ពេលនេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ កំពុងមមាញឹកខ្លាំងក្នុងការអ៊ុត AC ជាបន្តបន្ទាប់។ ក្រុមការងារបានធ្វើការងារ Base Course ជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់នៅរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។

សូមបញ្ជាក់ថា ប្រវែងផ្លូវ ១៤៨ គីឡូម៉ែត្រ តម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ (Variation Order) ដែលមានកិច្ចការជាច្រើនក្នុងនោះរួមមានដូចជា ពង្រីកទំហំផ្លូវ ២គន្លង ពី១១ម៉ែត្រ ទៅ១៣ម៉ែត្រ កាត់ចំណោតភ្នំបន្ថែម កាត់បន្ថយចំណោតផ្លូវបន្ថែម ពង្រីកពី២គន្លង ទៅ ៤គន្លង នៅ PK84 ជាដើម។ល។

ចំពោះការត្រួតពិនិត្យគុណភាពត្រូវមានការតាមដានត្រួតពិនិត្យជាដំណាក់ៗ តាមរយៈក្រុមការងារ PMU PIU និងទីប្រឹក្សាកូរ៉េ ហើយឧបករណ៍សម្រាប់ត្រួតពិនិត្យមានដូចជា ម៉ាស៊ីន FWD ប្រភេទធំ ម៉ាស៊ីន LWD ប្រភេទតូច និងម៉ាស៊ីនត្រួតពិនិត្យ Nuclear។ រាល់ការពិនិត្យត្រូវមានលក្ខណៈហ្មត់ចត់ លទ្ធផលខ្ពស់ជាងស្តង់ដារកំណត់ និងមានទិន្នន័យតាមដានទាំងអស់ទាំងកាលបរិច្ឆេទ និងចំណុចដែលបានត្រួតពិនិត្យ៕