ភ្នំពេញ ៖ ថ្មីៗនេះ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានសម្រេចតែងតាំង ឧកញ៉ា គិត ស៊ូឡា ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ។

អ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យនៅពីក្រោយក្រុមហ៊ុន រ៉ូយាល់ គ្រុប បានថ្លែងថា ៖ «ជាង ៣ ទសវត្សរ៍មកនេះ ខ្ញុំបានកសាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឲ្យក្លាយជាក្រុមហ៊ុនពហុផលិតផលឈានមុខគេ ដែលមានម៉ាកយីហោត្រូវបានទទួលស្គាល់បំផុតនៅក្នុងប្រទេស។ ថ្ងៃនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា គិត ស៊ូឡា នឹងចូលរួមជាមួយ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប » ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ឧកញ៉ា គិត ស៊ូឡា ដែលពេលនេះមានវ័យ១៩ឆ្នាំ បានយល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ។ ដោយទទួលបានការអប់រំនៅសាលាអន្តរជាតិ ន័រប្រ៊ីដ ក្នុងប្រទេសកម្ពុជា និងបច្ចុប្បន្ន កំពុងសិក្សា នៅសាលាអន្តរជាតិ Hwa Chong ដែលជាសាលាដ៏ល្បីល្បាញមួយក្នុងប្រទេសសិង្ហបុរី ឧកញ៉ា គិត ស៊ូឡា បានត្រៀមខ្លួនរួចជាស្រេចក្នុងការខិតខំឲ្យអស់ពីសមត្ថភាព។ ក្នុងតួនាទីថ្មីរបស់ឧកញ៉ាក្នុងនាមជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ ឧកញ៉ានឹងកាន់តំណែងសំខាន់នេះក្នុងការបង្កើតឲ្យកាន់តែមានភាពចម្រុះ និងធ្វើឲ្យចំណូលក្រុមហ៊ុនប្រសើរទ្បើងនៅក្នុងពិភពឌីជីថល។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បង្កើតឡើងក្នុងឆ្នាំ១៩៩១ គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជា ហើយត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងភាពចម្រុះបំផុតរបស់ប្រទេស។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានបុត្រសម្ព័ន្ធអាជីវកម្មជាច្រើន រួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ពាណិជ្ជកម្ម រួមជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសផងដែរ។