អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា បានជំរុញលើកទឹកចិត្ត និងអញ្ជើញវិនិយោគិនអូស្ត្រាលី ស្វែងរកកាលានុវត្តភាពដ៏ទូលំទូលាយនៅកម្ពុជា និងប្រើប្រាស់ជំនាញរបស់អូស្ត្រាលី ដើម្បីជោគជ័យរួមគ្នា ហើយកម្ពុជា គឺជាច្រកទ្វាទៅកាន់ពិភពលោក ដែលក្រុមហ៊ុនអូស្ត្រាលីអាចប្រើប្រាស់ភាពអនុគ្រោះរបស់កម្ពុជា ដើម្បីចូលទៅកាន់ទីផ្សារដ៏ទូលាយ។

អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដាក់ចេញនូវគោលនយោបាយគាំទ្រធុរកិច្ច និងប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគី និងកិច្ចព្រមព្រៀងអន្តរជាតិ ហើយកម្ពុជា គឺជាប្រទេសឈានមុខគេ ដែលមានគោលនយោបាយបើកចំហរ និងការលើកទឹកចិត្តខ្ពស់ចំពោះវិនិយោគិន។

ការលើឡើងរបស់អ្នកឧកញ៉ា គិត ម៉េង ធ្វើឡើងក្នុងអញ្ជើញចូលរួមវេទិកាធុរកិច្ចអូស្ត្រាលី-កម្ពុជា ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

វេទិកាធុរកិច្ចអូស្ត្រាលី-កម្ពុជា សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ រួមនិងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មញូសោសវែល (New South Wales) នាយកប្រតិបត្តិសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ ក្រុមហ៊ុនរបស់ប្រទេសទាំងពីរ និងតំណាងពីស្ថាប័នពាក់ព័ន្ធសរុបជាង ៣៥០នាក់។

ក្នុងឱកាសនៃវេទិកាធុរកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង អញ្ជើញថ្លែងសុន្ទរកថា និងបានគូសបញ្ជាក់ថា កម្ពុជានិង
អូស្ត្រាលី ឈរលើមូលដ្ឋានគ្រឹះរួមគ្នាគោរពគ្នាទៅវិញទៅមក មានចំណងការទូតស្អិតរមួត និងមានឆន្ទៈក្នុងការជំរុញវិបុលភាពក្នុងតំបន់ ដែលក្នុងនោះ អូស្ត្រាលីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍នៅកម្ពុជា និង រំពឹងថាទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីនឹងកាន់តែត្រូវបានពង្រឹង។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង បានរំលឹកអំពីប្រវត្តិដែលពលរដ្ឋកម្ពុជា និងអ្នកឧកញ៉ាផ្ទាល់ រស់នៅប្រទេសអូស្ត្រាលី ក្នុងអំឡុងឆ្នាំ ១៩៨០ ក្នុងឋានៈជាជនភៀសខ្លួន។ ជាង៤០ឆ្នាំ ក្រោយមកពោលគឺពេលបច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជាមកអូស្ត្រាលីក្នុងនាមជាទេសចរណ៍ ឬធុរជន ពុំមែនជាជនភៀសខ្លួនទៀតទេ ដោយកម្ពុជាមានសុខសន្តិភាពពេញលេញ។

ក្នុងឱកាសនៃវេទិកាធុរកិច្ចនេះផងដែរ សភាពាណិជ្ជកម្មកម្ពុជា បានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្ត្រី។

គោលបំណងនៃអនុស្សរណៈយោគយល់គ្នានេះ គឺចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងព្រះរាជាណចក្រកម្ពុជា និង ប្រទេសអូស្រ្តាលី។

វេទិកាធុរកិច្ចអូស្ត្រាលីកម្ពុជា បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងបានជជែកផ្លាស់ប្តូរទស្សនអំពីបរិយាកាសវិនិយោគ និង សក្តានុពលកាលានុវត្តភាពធុរកិច្ចនៅកម្ពុជានិងអូស្ត្រាលី ព្រមទាំងបទពិសោធន៍ជាក់ស្តែង របស់ក្រុមហ៊ុនអូស្ត្រាលី ដែលមានវត្តមាន និងកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា៕