(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈនេះបញ្ជាក់ថា ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ថៃ ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មថៃ និងគណៈកម្មាធិការពាណិជ្ជកម្មថៃ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។

គោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកម្ពុជា-ថៃ ដែលនឹងមានការអញ្ជើញចូលរួមពីក្រុមហ៊ុនធំៗរបស់ ប្រទេសទាំងពីរ ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពសហប្រតិបត្តិការលើគម្រោងរួម។

ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈយោគយល់ជាមួយ ១៖ គណៈកម្មាធិការពាណិជ្ជកម្មថៃ (Board of Trade of Thailand) ក្នុង គោលបំណងចូលរួមលើកកម្ពស់ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ និង ២) ធនាគារអាហរ័ណនីហរ័ណថៃ (EXIM Bank of Thailand) ដើម្បីបង្កើតក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរក្នុងការអភិវឌ្ឍ និង គាំទ្រដល់ក្រុមហ៊ុនសហគ្រាសសក្តានុពលរបស់កម្ពុជា និងថៃ ខាងផ្នែកពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ ដោយក្នុងនោះ ធនាគារអាហរ័ណនីហរ័ណថៃនឹងពិនិត្យលទ្ធភាពផ្តល់ឥណទានលើការវិនិយោគ និងសេវាកម្មរបស់ក្រុមហ៊ុនសហគ្រាសកម្ពុជានិងថៃ។

ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង់ និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕