ភ្នំពេញ៖ រយៈពេល១២ខែ ឆ្នាំ២០២៣ កម្ពុជារកចំណូលបានសរុបជិត៣៨លានដុល្លារអាមេរិក។នេះបើយោងតាមគ្រឹះស្ថានអង្គរដែលជាអ្នកគ្រប់គ្រងចំណូលពីការលក់បណ្ណ ឬសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ។

របាយការណ៍គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ មករា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ មានទេសចរបរទេសសរុប ៧៩៨ ០៦៩នាក់ បានចូលទិញ សំបុត្រទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ កើនឡើង១៧៧,៧៣ភាគរយធៀបនឹងឆ្នាំ២០២២។ ចំនួននេះគិតជាថវិកា ស្មើនឹង ៣៧ ១៩៨ ៩៨៨ដុល្លារអាមេរិក ស្មើនឹងជាង២០០ភាគរយធៀបនឹងឆ្នាំ២០២២។

គ្រឹះស្ថានអង្គរក៏បានរាយការណ៍ពីការលក់សំបុត្រនៅប្រាសាទកោះកែរផងដែរ ដែលសរុបទាំង១២ខែ ឆ្នាំ២០២៣ បានចំនួន២២២ ០៩០ដុល្លារ លើអ្នកទេសចរបរទេស ១៤ ៨០៦នាក់។ ចំណែកនៅតំបន់ចុងឃ្នៀស ភ្នំក្រោម រកចំណូលពីការលក់សំបុត្រទូកបានចំនួន ៥៦៤ ៦៧១ដុល្លារ។
ជាមួយគ្នានេះដែរ ថវិកាដែលបានឧបត្ថម្ភចូលនិធិគន្ធបុប្ផារយៈពេល១២ខែ ឆ្នាំ២០២៣ សរុបមានចំនួន ១ ៥៩៦ ១៣៨ដុល្លារអាមេរិក។

គួររំលឹកថា៖រយៈពេល ១២ខែ ឆ្នាំ ២០២២ គ្រឹះស្ថាន អង្គរ រក ចំណូល បាន ជាង ១១លានដុល្លារ ពី ការ លក់ សំបុត្រ ចូល ទស្សនា រមណីយដ្ឋាន អង្គរ ។ ក្នុងឆ្នាំ២០២២ រមណីយដ្ឋាន អង្គរ ទទួល បាន ភ្ញៀវទេសចរ អន្តរជាតិចំនួន ២៨៧ ៤៥៤នាក់ កើន ឡើង ២១៣៣ភាគរយ បើ ធៀប នឹង ឆ្នាំ ២០២១។តាមរយៈចំណូលនេះគ្រឹះស្ថាន អង្គរ បាន បរិច្ចាគ ទៅ កាន់មូលនិធិ គន្ធ បុប្ផា សរុប ចំនួន ៥៧៤ ៩០៨ដុល្លារផងដែរ។