ភ្នំពេញ: អ្នកធ្លាប់ទៅលេងខេត្តមណ្ឌលគិរីច្បាស់ជាដឹងហើយថា ចុងឆ្នាំជាពេលវេលាដ៏ស័ក្តិសមបំផុតក្នុងការទៅលេងនៅភូមិភាគឥសាន្តនៃប្រទេសកម្ពុជាយើង ព្រោះមានអាកាសធាតុត្រជាក់ល្អ និងមិនមានភ្លៀង ងាយស្រួលក្នុងការធ្វើដំណើរទៅមក។ ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាឲ្យបានស្គាល់កន្លែងដើរលេងមួយចំនួនដែលខ្លះលាក់ខ្លួនក្នុងព្រៃ តែមានសម្រស់ស្រស់ស្អាតមែនទែន។

១. ភ្នំដោះក្រមុំ
ស្ថិតនៅក្បែរនឹងកណ្តាលក្រុងផ្ទាល់ ភ្នំដោះក្រមុំជាកន្លែងដែលមិនគួររំលងពេលទៅលេងមណ្ឌលគិរី ដោយហេតុទីនេះជាកន្លែងស័ក្តិសមបំផុតសម្រាប់មើលថ្ងៃលិច និងទេសភាពក្រុងសែនមនោរម្យពីចម្ងាយផងដែរ។ ភ្នំ ដោះ ក្រមុំ គឺជា បូជនីយដ្ឋាន ទេសចរណ៍ មួយ នៅ ក្នុង ខេត្ត មណ្ឌល គិរី ដែល ជនជាតិភាគ តិច និង ខ្មែរ ធ្វើ ការ គោរព បូជា តាម ជំនឿ ទំនៀម ទម្លាប់ របស់ ពួក គេ។

២. ទឹកធ្លាក់លែងអង លែងឃិន
លាក់ខ្លួនក្នុងតំបន់អូរាំងនៃខេត្តមណ្ឌលគិរី ទឹកធ្លាក់នេះមានសម្រស់ស្រស់ស្អាត និងប្លែកពីទឹកធ្លាក់ផ្សេងៗ ដោយមានដំណាក់ទី១ហៅថា លែងអង និងដំណាក់ទី២ ហៅថាលែងឃិន។ នៅពេលយើងធ្វើដំណើរចូលទៅទីនោះផងដែរ យើងនឹងឆ្លងកាត់ទេសភាពវាលស្មៅដែលអមសងខាងផ្លូវយ៉ាងវែងផងដែរ។

៣. ភូមិពូតាំង
ភូមិពូតាំង មានចម្ងាយប្រហែល១០គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ នៃក្រុងសែនមនោរម្យ។ នៅទីនេះ ភ្ញៀវទេសចរអាចស្វែងយល់ជីវភាពរស់នៅជនជាតិភូមិពូតាំង ភ្លក្សរសជាតិស្រាឪទិន បោះតង់ និងសាកអាហាររបស់បងប្អូនជនជាតិផងដែរ។

៤. ទឹកជ្រោះប៊ូស្រា
នៅពេលនិយាយពីខេត្តមណ្ឌលគិរី គេតែងនឹកឃើញទឹកធ្លាក់ប៊ូស្រាជាមិនខាន ក៏ព្រោះតែទីនេះជាគោលដៅទេសចរណ៍សំខាន់ និងមានទេសភាពស្រស់ស្អាតក្នុងការទៅកម្សាន្ត។ អ្វីដែលពិសេសនោះគឺ ការធ្វើដំណើរមិនឆ្ងាយប៉ុន្មានពីក្រុងសែនមនោរម្យត្រឹម ៣៨គីឡូម៉ែត្រ។ នៅទីនោះ ភ្ញៀវទេសចរអាចសម្រាកទទួលទានអាហារថ្ងៃត្រង់ និងលេងទឹកធ្លាក់ផងដែរ។

៥. អណ្តូងស្នេហ៍
អណ្តូងស្នេហ៍ មានទីតាំងស្ថិតនៅក្នុងឃុំដាក់ដាំ ដែលមានចំងាយប្រមាណ២២ គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ ដោយផ្លូវទៅកាន់កន្លែងកម្សាន្តនេះមានភាពងាយស្រួលដោយវាជាប់ហ្នឹងផ្លូវធំស្រាប់។ ទីនេះជាទួលខ្ពស់ដែលយើងអាចឡើងទៅគយគន់ទេសភាពព្រៃភ្នំ និងផ្លូវកាច់កោងចេញជារាងអក្សរ S ផងដែរ។

៦. ភ្នំណាំលៀ
ជារមណីយដ្ឋានប្លែកមួយក្នុងខេត្តមណ្ឌលគិរី និងប្រទេសកម្ពុជា ភ្នំណាំលៀជាភ្នំថ្មលាក់ខ្លួននៅកណ្តាលព្រៃ ដែលពេលយើងដើរឡើងទៅលើ យើងអាចទស្សនាទេសភាពព្រៃព័ទ្ធជុំវិញទីនោះផងដែរ។