ទីក្រុងហាណូយ ៖ នាសៀលថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម។

ពិធីចុះអនុស្សរណៈយោគយល់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

គោលបំណងសំខាន់នៃអនុស្សរណៈយោគយល់នេះ គឺ ជួយជំរុញនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរ ព័ត៌មាន និងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នា ដូចជា ពិព័រណ៍ពាណិជ្ជកម្ម វេទិកាធុរកិច្ច ទស្សនកិច្ចធុរកិច្ច និងសិក្ខាសាលាជាដើម។

សភាពាណិជ្ជកម្មទាំងពីរ នឹងជួបពិភាក្សាគ្នាជាទៀងទាត់ ផ្លាស់ប្តូរព័ត៌មាន និងទស្សនៈ អំពីការពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច។