ភ្នំពេញ ៖ ធនាគារ វីង (ខេមបូឌា) ម.ក កាលពីពេលកន្លងទៅថ្មីៗនេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីជួយសម្រួលទៅដល់សមាជិកយុវជនរបស់ខ្លួនអាចទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថចាំបាច់នានាក្នុងការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ តាមរយៈការទទួលយកបទពិសោធន៍នៃដំណោះស្រាយធនាគារឌីជីថលដ៏ទំនើប ក៏ដូចជាចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មៗជាច្រើនទៀត។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ហោ ប៊ុនថែ អគ្គនាយករងនៃ ធនាគារ វីង។

កម្មវិធី នេះក៏ទទទួលបានការអញ្ចើញចូលរួមជា អធិបតីភាព និងសក្ខីភាព ពីសំណាក ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ “ភាពជាដៃគូជាមួយធនាគារ វីង នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការតាំងចិត្តឥតឈប់ឈររបស់យើងក្នុងការជំរុញដល់សក្តានុពលរបស់យុវជនកម្ពុជា។ តាមរយៈកិច្ចសហការនេះ យើងផ្តល់ឲ្យសមាជិករបស់យើងនូវចំណេះដឹង និងប្រភពនៃការយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាដំណើរឆ្ពោះទៅសម្រេចគោលដៅអនាគតរបស់ពួកគេ”។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ “អនុស្សរណៈនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការជំរុញឲ្យមានបរិយាបន្នហិរញ្ញវត្ថុ និងជួយពង្រឹងសមត្ថភាពទៅដល់់យុវជនកម្ពុជាផងដែរ។ យើងខ្ញុំមានទំនុកចិត្តថា តាមរយៈគំនិតផ្តួចផ្តើមរួមគ្នារបស់យើងនាពេលនេះ យើងនឹងរួមចំណែកក្នុងការកសាងយុជនជំនាន់ថ្មីមួយ ដែលពោរពេញទៅដោយចំណេះដឹងផ្នែកហិរញ្ញវត្ថុ ហើយថែមទាំងមានសមត្ថភាពរឹងមាំ។”

កិច្ចសហការរវាង ធនាគារ វីង និង ស.ស.យ.ក គឺជាកម្លាំងសាមគ្គីនាដោយឈរលើចក្ខុវិស័យរួម តាមរយៈការប្រើប្រាស់ជំនាញការនៃស្ថាប័នទាំងពីរ ដើម្បីជួយអភិវឌ្ឍន៍សហគមន៍ឲ្យបានកាន់តែប្រសើរឡើង។ ស.ស.យ.ក មានការប្តេជ្ញាចិត្តក្នុងការបំពាក់បំប៉នយុវជនកម្ពុជានូវចំណេះដឹង និងជំនាញចាំបាច់នានា ដើម្បីក្លាយជាសសរស្តម្ភរបស់ប្រទេសជាតិ ក្នុងការជួយរក្សានិរន្តរភាពសមិទ្ធផលកន្លងមក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលអនាគត។ ទន្ទឹមគ្នានេះ ធនាគារ វីង ត្រូវបានជំរុញដោយការតាំងចិត្តរបស់ខ្លួនក្នុងការធានាបានថា ប្រជាជនកម្ពុជាគ្រប់រូបមានថមានភាពអាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុដែលពាក់ព័ន្ធ ហើយអាចជួយសម្រួលទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេឱ្យបានកាន់តែប្រសើរ៕