ភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ស្ពានអាកាសក្បាលថ្នល់ដំណាក់កាលទី១ ដែលប្រសព្វនឹងមហាវិថីចំនួន៣ រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរក្នុងរយៈពេល៧៤ថ្ងៃទៀតតែប៉ុណ្ណោះបន្ទាប់ពីពិធីចាក់តភ្ជាប់តួស្ពានត្រូវបានប្រារព្វឡើងរួចរាល់ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញជាអធិបតី។

សូមជម្រាបថា ស្ពានអាកាសព្រះមុនីវង្សនេះមានកម្ពស់ ២ ជាន់ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ តាមការគ្រោងទុកនៅជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ និងជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥។

ការសាងសង់ស្ពានអាកាស ព្រះមុនីវង្ស គឺដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពានអាកាសនេះ ស្ថិតក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យនិង សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) គ្រោងចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលវេលាសាងសង់ជាង៣០ខែ។

គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និង មហាវិថីសម្តេចតេជោ ហ៊ុន សែន។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានឱ្យដឹងនាពេលកន្លងទៅថ្មីៗដែរថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ពានអាកាសព្រះមុនីវង្ស នឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺ ជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ ដែលក្នុងគម្រោងនឹងបញ្ជប់នៅខែសីហា ២០២៤។ចំណែក ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ ដែលតាមគម្រោងនឹងបញ្ចប់នាខែសីហា ឆ្នាំ២០២៥៕