រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិកា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សប្ដាហ៍នេះបានបើកិច្ចប្រជុំលើកទី៦ ជាមួយក្រុមការងារបច្ចេកទេសអន្តរក្រសួងស្ដីពីការសម្របសម្រួលលើការរៀបចំ «ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»។

នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់មួយនេះត្រូវបានដឹកនាំដោយ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួលផែនការមេ «ក.ប.ស.ផ.» និងដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសអន្តរក្រសួងដែលពាក់ព័ន្ធ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គោលបំណងចម្បងនៃកិច្ចប្រជុំនេះបានលើកឡើងពីចំណុចសំខាន់ៗមួយចំនួនមកពិភាក្សារួមមាន ទី១ កិច្ចពិភាក្សា និងផ្តល់យោបល់ទៅលើសេចក្តីព្រាងផែនការមេ ជាភាសាខ្មែរនៃផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង, និង ទី២ ធ្វើបច្ចុប្បន្នភាពសមាសភាពសមាជិក-សមាជិកា ក្រុមការងារបច្ចេកទេសអន្តរក្រសួង។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអន្តរាគមន៍នៅក្នុងកិច្ចប្រជុំនេះ ដោយបានលើកឡើង ៨ ចំណុច ដោយក្នុងនោះក្រៅតែពីការរៀបចំទម្រង់ឱ្យស្របទៅតាមការណែនាំរបស់ទីស្តីការគណៈរដ្ឋមន្រ្តី,
ក៏មាននូវការប្រជុំពិភាក្សាទៅលើរបៀបរៀបចំឱ្យមានផ្នែកអក្សរកាត់ (Abbreviation) របស់ផែនការមេ។

បន្ថែមលើសពីនេះការពិភាក្សាក៏ត្រូវបានធ្វើឡើងដើម្បីស្វែងរកការពន្យល់នូវនិយមន័យរបស់វាក្យសព្ទបច្ចេកទេស, ការប្រើប្រាស់ពាក្យបច្ចេកទេសឱ្យមានសង្គតិភាពពីដើមរហូតដល់ចប់, ការពិនិត្យឡើងវិញនូវអក្ខរាវិរុទ្ធ, ការចេញដាក់នូវយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧, ការប្រើប្រាស់ពាក្យឱ្យមានភាពផ្សារភ្ជាប់គ្នារវាងពាក្យដឹកជញ្ជូន និងភស្តុភារកម្ម ឬឡូជីស្ទីកជាមួយគ្នា និងចុងក្រោយគឺការរៀបចំផែនកាមេនេះត្រូវឱ្យបានសមស្របគ្នាជាមួយផែនការមេគ្រប់ជ្រុងជ្រោយស្តីពី «ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣»ផងដែរ ។

ក្នុងចំណែកនៃការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយនោះក្រសួងក៏មានកំណត់នូវច្រករបៀងដឹកជញ្ជូនមេចំនួន៣ គឺ ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-បាវិត, ភ្នំពេញ-ប៉ោយប៉ែត និងច្រករបៀងដឹកជញ្ជូនរងចំនួន៣ គឺ កោះកុង-កែប, ភ្នំពេញ-ស្ទឹងត្រែង, ប៉ោយប៉ែត-អូរយ៉ាដាវផងដែរ។

គួរបញ្ជាក់ផងដែរថា គោលដៅអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រួមមាន៖ ១- ទីក្រុងដ៏ល្បីក្នុងតំបន់អាស៊ីអាគ្នេយ័ និងប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ២- តំបន់ដែលប្រើប្រាស់បច្ចេកវិទ្យាវ័យឆ្លាត (SMART TECHNOLOGY) ៣- តំបន់ប្រកបដោយបរិស្ថានបៃតង និង ៤- តំបន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់៕