ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការ បានកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពន្លឿនការចុះបញ្ជីកម្មសិទ្ធិដីធ្លី ដើម្បីផ្តល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការ សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយវិវាទដីធ្លីនៅទូទាំងប្រទេស។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លានបណ្ណជូនប្រជាពលរដ្ឋរួចរាល់ហើយ ខណៈនៅសល់ប្រមាណ ២លានបណ្ណទៀត កំពុងតែចែកជូនប្រជាពលរដ្ឋរៀងរាល់ថ្ងៃ។

ក្រសួងសេដ្ឋកិច្ច និងក្រសួងដែនដី បានឯកភាពគ្នាប្រើប្រាស់កម្លាំងសរុបជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញា បន បត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា ដើម្បីផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងកត់ត្រាទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

គួរកត់សម្គាល់ថា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “កម្មវិធីនយោបាយសម្រាប់ការកសាង និងកិច្ចការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨” ដោយនៅក្នុងគោលនយោបាយអភិវឌ្ឍតាមវិស័យ គឺបានផ្តោតសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ឱ្យកាន់តែសកម្ម និងស៊ីជម្រៅលើវិស័យដីធ្លីតាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ការចុះបញ្ជីដីលើកដំបូង, ជំរុញការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងជំរុញការចុះបញ្ជីបន្តដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌ ។ លើសពីនេះ រដ្ឋាភិបាល ក៏បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែកដីជូនប្រជាពលរដ្ឋស៊ីវិលក្រីក្រ ឬ ផ្ទះជូនដល់កងកម្លាំងកំពុងឈរជើងតាមព្រំដែន, អតីតកងកម្លាំងប្រដាប់អាវុធ, គ្រួសារដែលក្រីក្រ ដែលខ្វះដីប្រើប្រាស់ ប្រកបដោយតម្លាភាព និងសមធម៌ ។