ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ ២០២៣ ស្តីពីបរិយាកាសវិនិយោគនិងសក្តានុពលនៃការធើ្វធុរកិច្ចនៅកម្ពុជា នាប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែធ្នូ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញលើកទឹកចិត្តវិនិយោគិនជប៉ុន ស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដែលជាទីតាំងយុទ្ធសាស្ត្រនៅចំបេះដូងនៃ តំបន់អាស៊ីអាគ្នេយ៍ និងផ្តល់អំណោយផលក្នុងការវិនិយោគ។

សូមជម្រាបថា៖សិក្ខាសាលានេះ នឹងដើរតួសំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្មនិងវិនិយោគកិច្ចសហប្រតិបត្តិការធុរកិច្ចនិងនវានុវត្តន៍, ការយោគយល់គ្នាទៅវិញទៅមកនិង មិត្តភាព រវាង ប្រទេស ទាំងពីរកម្ពុជា-ជប៉ុន ។វិនិយោគិនចូលរួមសរុបចំនួនប្រមាណជិត ៧០០ នាក់ ក្នុងនេះវិនិយោគិនជប៉ុនចូលរួមដោយផ្ទាល់ និងតាមអនទ្បាញមាន ចំនួនប្រមាណជាង ៦០០ នាក់ និងវិនិយោគិនកម្ពុជាចំនួនប្រមាណជាង ៨០ នាក់ ។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា៖ ឆ្នាំ២០២៣ គឺជាខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងកាទូតរវាងកម្ពុជា និងជប៉ុន ហើយប្រទេសទាំងពីរ បានលើកកម្ពស់ទំនាក់ទំនងទ្វេ ភាគី ទៅជាភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជប៉ុន ដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏ធំជាងគេបង្អស់មួយរបស់កម្ពុជា ហើយក៏ជា ប្រទេសផ្តល់ជំនួយដ៏ធំ ជាងគេមួយ ផងដែរ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។

អ្នកឧកញ៉ាបានគូបញ្ជាក់បន្ថែមថា ឆ្នាំ២០២៣ ក៏ជាខួបអនុស្សាវរីយ៍លើកទី ៥០ ឆ្នាំ នៃទំនាក់ទំនង អាស៊ាន-ជប៉ុន ហើយក៏ជាឆ្នាំនៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនដែរ។ កម្ពុជា គឺជាសមាជិកអាស៊ាន ដែល មានទីតាំងយុទ្ធសាស្ត្រនៅចំបេះដូងនៃតំបន់អាស៊ីអាគ្នេយ៍។ កម្ពុជាគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលូតលាស់ លឿនបំផុតមួយនៅក្នុងតំបន់ ដោយមានអត្រាកំណើន ៧.៧% ក្នុងមួយឆ្នាំរយៈពេលជាងពីរទសវត្សរ៍។

អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា៖«ជប៉ុន អាចទទួលបានច្រើនយ៉ាងពីកម្ពុជា ទាំងទីផ្សារនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាដៃគូយុទ្ធសាស្ត្រ និង នយោបាយ ដែល អាចជួយជប៉ុន ក្នុងការលើកកម្ពស់តួនាទី និងជំហររបស់ជប៉ុននៅ ក្នុងតំបន់។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលជាផែនការរយៈពេលវែង សំដៅ សម្រេចឲ្យបាន កម្ពុជាក្លាយជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ២៥ ឆ្នាំខាងមុខ គឺជារបត់ថ្មីសម្រាប់កម្ពុជា»៕