ភ្នំពេញ ៖ យោងតាម Online Business Registration Service ក្រុមហ៊ុនដែលជោគជ័យក្នុងការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ មានចំនួនជាង ៣១ ពាន់ក្រុមហ៊ុន ខណៈក្រុមហ៊ុនចុះបញ្ជីទាំងនេះមានដើមទុនសរុបជាង ៩ ពាន់លានដុល្លារ ក្នុងនោះផ្នែកសាងសង់អគារមានដើមទុនប្រមាណ ១,១១ ពាន់លានដុល្លារ និងសកម្មភាពផ្នែកអចលនទ្រព្យ មានដើមទុន ១ ពាន់លានដុល្លារ។

ចំនួនក្រុមហ៊ុនដែលជោគជ័យក្នុងការចុះបញ្ជីតាមប្រព័ន្ធ Single Portal មានសរុប ៣១ ៧០៣ ក្រុមហ៊ុន ស្មើនឹងដើមទុនចុះបញ្ជី ៩,៣៦ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ កាលពីដើមឆ្នាំ ២០២៣ គិតថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ក្រុមហ៊ុនដែលជោគជ័យក្នុងការចុះបញ្ជី មានចំនួន ២០ ៦៩៣ ក្រុមហ៊ុន និងមានដើមទុនចុះបញ្ជី ៥,៨១ ពាន់លានដុល្លារ។

យោងតាម Online Business Registration Service បានបញ្ជាក់ថា នៅក្នុងចំនួនដើមទុនទាំង ៩,៣៦ ពាន់លានដុល្លារ គឺផ្នែកសាងសង់អគារមានដើមទុនប្រមាណ ១,១១ ពាន់លានដុល្លារ ស្មើ ១១,៨៦ ភាគរយ, សកម្មភាពផ្នែកអចលនទ្រព្យ មានដើមទុន ១ ពាន់លានដុល្លារ ស្មើនឹង ១០,៧២ ភាគរយ, សកម្មភាពសេវាកម្មស្នាក់នៅ ៩៩៨ លានដុល្លារ ស្មើ ១០,៦៦ ភាគរយ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៥៨១ លានដុល្លារ ស្មើប្រមាណ ៦,២១ ភាគរយ, ផ្នែកកម្មន្តសាលសម្លៀកបំពាក់ (លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ) ៤៨៥ លានដុល្លារ ស្មើ ៥,១៨ ភាគរយ, និងផ្នែកផ្សេងៗ មានដើមទុនប្រមាណ ៥,១៨ ពាន់លានដុល្លារ ស្មើ ៥៥,៣៧ ភាគរយ។

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ ត្រូវបានរដ្ឋាភិបាលដាក់ឱ្យដំណើរការកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ដែលរួមមានក្រសួង-ស្ថាប័នរដ្ឋ ៦ ចូលរួម គឺក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រោយមករដ្ឋាភិបាលក៏បានដាក់ឱ្យដំណើរការដំណាក់កាលពី២ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ និងដំណាក់កាលទី៣ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ ដោយបានបន្ថែមក្រសួង-ស្ថាប័នមួយចំនួនបន្ថែមទៀត៕