ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការសម្ពោធស្ពានកោះទីក្រុងនរា ភ្ជាប់ទីក្រុងកោះពេជ្រ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះហើយ។

ការដាក់ឱ្យប្រើប្រាស់ស្ពាននេះ នឹងមានសមត្ថភាពខ្ពស់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីផ្លូវជាតិលេខ១ ឆ្ពោះចូលរាជធានីភ្នំពេញ ក៏ដូចជាបញ្ចៀសការកក់ស្ទះជាប្រចាំនៅតំបន់ច្បារអំពៅ ជាពិសេសទីប្រជុំជនក្បាលថ្នល់។

សូមបញ្ជាក់ថា ស្ពានតភ្ជាប់កោះពេជ្រ-កោះនរា បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។

គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍ កោះ នរានេះ មាន ប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម សសរស្ពានមានគម្លាត២០ម+២១ម+១០៨ម+ ១៨០ម+១០៨ម+ ២៣ម+ ២៣ម ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម ផ្លូវតភ្ជាប់ ក្បាលស្ពាន កោះនរា ប្រវែង ៩២ម៉ែត្រ ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្ត ចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង ៣,២៥ម៉ែត្រ និងមានគន្លង សម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១,២៥ម៉ែត្រ សងខាង ។

ស្ពាន នេះតម្រូវឱ្យបេីកបរ ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង ជម្រាលទទឹងស្ពាន២% សសរ សម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម៉ែត្រ គិតពីផ្ទៃតួស្ពានទៅលើអាកាស សសរ ស្ពាន សម្រាប់ព្យួរខ្សែកាបមានចំនួន ២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត២ម៉ែត្រ គ្រឹះខួងសសរទី១មានជម្រៅ ៥៩,៤០ម៉ែត្រ និងសសរទី២មានជម្រៅ ៧៣,៤០ម៉ែត្រ ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣ ជើងតាងស្ពានមានទំហំ ២៤.៣មx១៧.៧មx៤.៥ម ។

កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត កំពស់អតិបរមា នាវា ឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត គម្លាតពីសរសរស្ពាន ខ្សែ កាប មានប្រវែង ១៨០ម សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើម សង ខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មម សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ មានបំពាក់បង្គោល ភ្លើងបំភ្លឺស្ព្ពាន រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ ។

ស្ពាននេះចំណាយការសាងសង់ ៣៨,០០០,០០០ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ។

ដើម្បីភ្ជាប់ការធ្វើដំណើរឡើងទៅផ្លូវជាតិលេខ១ ក្រុមហ៊ុនបានសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា មួយខ្សែផងដែរ។ ស្ពាននេះ មានបណ្តោយស្ពានសរុបប្រវែង៦០ម៉ែត្រ ទទឹងស្ពាន ២១ម៉ែត្រ បណ្តោយស្ពានបេតុង៤៥ម៉ែត្រ ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ ចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក៕