ភ្នំពេញ ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើង មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ដល់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងដូច្នេះ នាឱកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន 2,241បណ្ណ ជូនប្រជាពលរដ្ឋ ចំនួន 2ភូមិ គឺភូមិថ្មគរ និងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្ដកណ្ដាល កាលថ្ងៃទី 29 ខែឧសភា ឆ្នាំ 2023។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការនេះកន្លងមក ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តរបស់យើង ឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ដល់បងប្អូនប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាពស្មុកស្មាញជូនបងប្អូនប្រជាពលរដ្ឋឡើយ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា ការវាស់វែងដីធ្លី និងចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺដើម្បីឱ្យប្រជាពលរដ្ឋយកទៅបង្កបង្កើនផលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន៕