នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចសាធារណរដ្ឋម៉ាល់ឌីវ នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-ម៉ាល់ឌីវ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ហ្វាយ៉ាស អ៊ីស្មាល (Fayyaz Ismail) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចសាធារណរដ្ឋម៉ាល់ឌីវ។

វេទិការធុរកិច្ចនេះ ផ្តោតទៅលើការជំរុញទំនាក់ទំនងធុរកិច្ចប្រទេសទាំងពីរ និងមានការពិភាក្សាផ្លាស់ប្តូរយោបល់ អំពីកាលានុវត្តភាព បរិយាកាសវិនិយោគ និងវិស័យសក្តានុពលផងដែរ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច សាធារណរដ្ឋម៉ាល់ឌីវ ធុរជនម៉ាល់ឌីវ និងកម្ពុជា។

សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈយោគយល់ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាល់ឌីវ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការចុះអនុស្សរណៈយោគយល់នេះ គឺក្នុងគោលបំណង ជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម ធុរកិច្ច និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ។ ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចតំបន់ឧស្សាហកម្ម ទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍សំខាន់ នៅសាធារណរដ្ឋម៉ាល់ឌីវ៕