ភ្នំពេញ ៖ ក្រុមហ៊ុន Royal Railway PLC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានចាប់ផ្តើមការចេញមូលបត្រចុះបញ្ជីទី 2 តម្លៃ 24 លានដុល្លារ នៅលើផ្សារហ៊ុនកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា។

ថ្លែងក្នុងពិធីបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. (Royal Railway PLC) នៅថ្ងៃទី22 ខែធ្នូ ឆ្នាំ2022 ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនិយតករមូលបត្រកម្ពុជា (SERC) បានថ្លែងថា នេះគឺជាមូលបត្របំណុល (Bond) ទី2 ដែលបានចុះបញ្ជីដោយក្រុមហ៊ុន Royal Railway លើទីផ្សារមូលបត្រកម្ពុជា ដែលប្រាក់ចំណូលនឹងត្រូវប្រើប្រាស់ ដើម្បីបន្តការអភិវឌ្ឍន៍ និងពង្រីកទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបានបន្តថា មូលបត្របំណុលនេះ គឺជាមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធដំបូងគេ ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ហើយមានលក្ខណៈពិសេសជាច្រើន ដែលមានសក្តានុពលក្នុងការផ្លាស់ប្តូរ ដើម្បីដឹកនាំការផ្តល់មូលនិធិហេដ្ឋារចនាសម្ព័ន្ធនា ពេលអនាគតតាមរយៈទីផ្សារមូលធនក្នុងស្រុក នៅក្នុងប្រទេស។

ឯកឧត្តមបន្តថា មូលបត្របំណុលក៏កំណត់ផងដែរនូវគោលដៅមួយដែលបានផ្តល់បានការវាយតម្លៃ Kh-AAA ដោយទីភ្នាក់ងារវាយតម្លៃដែលបានបង្កើតឡើងថ្មីនៃ Rating Agency (Cambodia) Plc (ខេមបូឌា) ភីអិលស៊ី។

អ្នកឧកញ៉ា គិត ម៉េង ប្រធាននាយកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group និង Royal Railways មានប្រសាសន៍ថា «ទឹកប្រាក់ចំនួន 24 លានដុល្លារ ដែលបានចុះបញ្ជី Bond និងការវិនិយោគរបស់ខ្លួន ទៅក្នុងក្រុមហ៊ុន Royal Railway Plc នឹងអភិវឌ្ឍ ជាយុទ្ធសាស្ត្រដ៏សំខាន់លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដើម្បីគាំទ្រដល់ការកើនឡើង នូវតម្រូវការដឹកជញ្ជូនរបស់កម្ពុជា តាមរយៈការបង្កើនសមត្ថភាព ការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងការចំណាយទាប។

អ្នកឧកញ៉ាបានបន្តថា «មូលបត្របំណុលនេះ គឺជាការប្តេជ្ញាចិត្តរបស់ខ្ញុំ សម្រាប់ការរីកចម្រើនផ្លូវដែក បន្ថែមសេវាកម្មថ្មី និងកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជា»។

GuarantCo ដែលជាផ្នែកមួយនៃក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន បានផ្តល់ការធានាចំនួន 24លានដុល្លារអាមេរិក ដើម្បីគាំទ្រការផ្តល់ចំណាត់ថ្នាក់ឥណទានខ្ពស់ សម្រាប់អ្នកវិនិយោគ។ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ដែលជាក្រុមហ៊ុនមូលបត្រឈានមុខគេក្នុងប្រទេសកម្ពុជា បានដើរតួជាអ្នកនាំមុខផ្តាច់មុខនៃមូលបត្របំណុល។

អ្នកវិនិយោគមូលបត្របំណុលរួមមាន Prudential (Cambodia) ព្រូដិនសល (ខេមបូឌា), Life Assurance Plc ធានារ៉ាប់រងអាយុជីវិត ភីអិលស៊ី និង Manulife (Cambodia) Plc មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី ហើយប័ណ្ណបំណុលត្រូវបានវាយតម្លៃ Kh-AAA Rate Agency of (Cambodia) Plc ដោយទីភ្នាក់ងារវាយតម្លៃ (ខេមបូឌា) ភីអិលស៊ី។

មូលបត្របំណុលទី 2 នេះ ធ្វើតាមការចុះបញ្ជីដំបូងនៃមូលបត្របំណុល 10លានដុល្លារ ដែលជាការចុះបញ្ជីមូលបត្របំណុល ហេដ្ឋារចនាសម្ព័ន្ធដំបូងគេនៅកម្ពុជា។ មូលបត្របំណុលទី2 នេះក៏សម្រេចបាននូវមូលបត្របំណុលដំបូងគេមួយចំនួន នៅក្នុងប្រទេសកម្ពុជាផងដែរ ទាក់ទងនឹងការក្លាយជាមូលបត្របំណុលរយៈពេល 10ឆ្នាំដំបូងនៅក្នុងទីផ្សារ ដែលជាគន្លឹះសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុក ដើម្បីផ្គូរផ្គងបំណុលរបស់ពួកគេ៕