ភ្នំពេញ៖ ពិព័រណ៍អចលនទ្រព្យ ជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ ដែលចង់ស្វែងយល់អំពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យកម្ពុជា។ ពិព័រណ៍អចលនទ្រព្យនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៦ដល់ថ្ងៃទី ៧ តុលា នៅសណ្ឋាគារណាហ្គាវើល។
ពិព័រណ៍អចលនទ្រព្យនេះ ជាព្រឹត្តិការណ៍ដែលរៀបចំដោយក្រុមហ៊ុន realestate.com.kh។ ក្រុមហ៊ុន realestate.com.kh រៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងជួយសម្រួលដល់កំណើននៃតម្រូវការអចលនទ្រព្យនៅកម្ពុជា។
ក្នុងពិព័រណ៍រយៈពេល២ថ្ងៃនេះ មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជិត ៣០ ចូលរួមដាក់បង្ហាញក្នុងពិព័រណ៍នេះ។ អំឡុងពេលនៃការតាំងពិព័រណ៍នេះ អ្នកចូលរួមអាចចូលរួមស្តាប់បទបង្ហាញទាក់ទងនឹងប្រធានបទនានា ដែលជួយដល់អ្នកទិញ និងវិនិយោគិនឲ្យបានយល់ដឹងពីទីផ្សារអចលនទ្រព្យកម្ពុជា និងដើម្បីជួយដល់អ្នកទិញ និងវិនិយោគិន សម្រេចចិត្តបានកាន់តែប្រសើរនៅពេលដែលចង់ធ្វើការវិនិយោគ។៕