Hot line: +855 (0)99 283 388
● You are in: Media > Detail News
តើ​អ្នក​វិនិយោគ​អចលនទ្រព្យ​ គួរ​ចាប់​យក​អតិថិជន​មាន​ជីវភាព​មធ្យម​យ៉ាង​ដូច​ម្តេច​?
Date: 2017-09-28

ទីផ្សារ​អចលនទ្រព្យ​ទំនង​ជា​ដល់​វដ្ត​ថ្មី​មួយ​នៅ​ពេល​ក្រុម​ប្រជាជន​មាន​ជីវភាព​មធ្យម​បាន​កើនឡើង ទន្ទឹម​នឹង​ការ​កើនឡើង​នូវ​ការ​វិនិយោគ​លំនៅដ្ឋាន​សម្រាប់​ប្រជាជន​មាន​ជីវភាព​ថ្នាក់​កណ្តាល​ក៏​បាន​ចាប់ផ្តើម​ជាច្រើន​នៅ​ជាយក្រុង​ភ្នំពេញ​ផង​ដែរ​។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​នៃ​ក្រុមហ៊ុន Khmer Foundation Appraisal បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ចរន្ត​នៃ​កំណើន​ជីវភាព​ប្រជាពលរដ្ឋ បណ្តាល​មកពី​កត្តា​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ ដែល​ធ្វើ​ឲ្យ​ក្រុម​ប្រជាជន​មាន​ជីវភាព​មធ្យម​មាន​ការ​កើនឡើង​ជា​ប្រចាំ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទិញ​លំនៅឋាន​កាន់តែ​ច្រើន ពិសេស​លំនៅឋាន​មាន​តម្លៃ​មធ្យម ហើយ​ប្រជាជន​ខ្លះ​មាន​ផ្ទះ​រួចហើយ ប៉ុន្តែ​ពួកគេ​បាន​ទិញ​លំនៅឋាន​សម្រាប់​កូនចៅ​របស់​ពួកគេ​នាពេល​អនាគត​។

លោក​បន្ត​ថា៖ «​តម្រូវការ​លំនៅឋាន​ពិសេស​លំនៅឋាន​សម្រាប់​ប្រជាជន​មាន​ជីវភាព​មធ្យម​ពិត​ជា​បាន​កើនឡើង ហើយ​ខ្ញុំ​សង្កេត​ឃើញ​គម្រោង​វិនិយោគ​ថ្មីៗ​មួយ​ចំនួន​បាន​ចាប់ផ្តើម​ចាប់​យក​អតិថិជន​ប្រភេទ​នេះ​»​។

តាម​ទិន្នន័យ​នៃ​ការ​សិក្សា​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញ​ថា​ក្នុង​រយៈពេល​ ១៥ ​ឆ្នាំ​ខាង​មុខ​គិត​ចាប់ពី​ឆ្នាំ​ ២០១៥ ​ដល់​ ២០៣០ តម្រូវការ​លំនៅ​ឋាន​សម្រាប់​រាជធានី ក្រុង និង​ទីប្រជុំជន​នានា​មាន​ប្រមាណ​ ៨០ ​ម៉ឺន​លំនៅឋាន​ដែល​គិត​ជា​មធ្យម​មាន​តម្រូវការ​ប្រមាណ​ ៥ ​ម៉ឺន​លំនៅឋាន​ក្នុង​មួយ​ឆ្នាំ ខណៈ​ចំនួន​ប្រជាជន​រស់នៅ​រាជធានី ក្រុង និង​ទីប្រជុំជន​នៅ​ឆ្នាំ​ ២០១៤ មាន​ចំនួន​ ៤,៥ ​លាន​នាក់​ស្មើ​នឹង​ ២៧,១ ​ភាគរយ និង​បន្ត​កើនឡើង​ដល់​ ៧,៩២ ​លាន​នាក់​នៅ​ឆ្នាំ​ ២០៣០ ​ស្មើ​នឹង​ ៤៤ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia អ្នកនាង អាន សុធីតា បាន​មាន​ប្រសាសន៍​ថា​តម្រូវការ​លំនៅ​ឋាន​សម្រាប់​ប្រជាជន​មាន​ជីវភាព​មធ្យម ពិតជា​កើនឡើង​ព្រោះ​វា​ជា​មូលដ្ឋាន​នៃ​តម្រូវការ​ពិតប្រាកដ​ដោយសារ​ប្រជាជន​មាន​ជីវភាព​មធ្យម​មាន​ចំនួន​ច្រើន និង​ជា​ទីផ្សារ​ធំ​មួយ​ដែល​អ្នក​វិនិយោគ​គួរ​តែ​ចាប់​យក​។

អ្នកនាង​បន្ត​ថា ៖ «​ការ​វិនិយោគ​លើ​លំនៅឋាន​មាន​តម្លៃ​ទាប និង​មធ្យម​ជា​ការ​វិនិយោគ​ត្រឹមត្រូវ និង​ឆ្លើយតប​មូលដ្ឋាន​ទីផ្សារ​ពិតប្រាកដ​»​។

លំនៅឋាន​សម្រាប់​ប្រជាជន​មាន​ជីវភាព​មធ្យម​មិន​មាន​ការ​កំណត់​និយមន័យ​ជាក់លាក់​ណាមួយ​នោះ​ឡើយ ប៉ុន្តែ​វា​ទំនង​ជា​លំនៅឋាន​ដែល​មាន​តម្លៃ​ចាប់ពី​ ២ ដល់​ ៦ ​ម៉ឺន​ដុល្លារ​អាមេរិក​។

បច្ចុប្បន្ន​ក្រុមហ៊ុន World Bridge Group ដែល​ជា​ក្រុមហ៊ុន​ដំបូង​គេ​ផ្តោត​លើ​អ្នក​មាន​ជីវភាព​មធ្យម​កំពុង​រៀបចំ​សាងសង់​គម្រោង​របស់​ខ្លួន​ដែល​មាន​តម្លៃ​ផ្ទះ​ចាប់ពី​ ២ ទៅ​ ៣ ​ម៉ឺន​ដុល្លារ និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ដូចជា​បុរី​ពិភពថ្មី គម្រោង​ទីក្រុង Skyland របស់​ក្រុមហ៊ុន Jet Group និង​គម្រោង​មួយ​ចំនួន​ទៀត​បាន និង​កំពុង​វិនិយោគ​លើ​លំនៅឋាន​ប្រភេទ​នេះ​។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​ជា​អគ្គនាយក​បុរី​វិមាន​ភ្នំពេញ​លោក​ឧកញ៉ា លី ហួរ បាន​ថ្លែង​ថា​តម្រូវការ​លំនៅឋាន​នៅ​តែ​មាន​នៅ​ឡើយ ប៉ុន្តែ​ការ​អភិវឌ្ឍ​លំនៅឋាន​ទទួល​ជោគជ័យ​ឬ​អត់ វា​អាស្រ័យ​លើ​អ្នក​វិនិយោគ​ចាប់ផ្តើម​វិនិយោគ​ផ្តោត​លើ​ក្រុម​អតិថិជន​ប្រភេទ​ណា និង​ស្ថិត​នៅ​ទីតាំង​ណា​ព្រោះ​ការ​សាងសង់​លំនៅឋាន​ដែល​មាន​តម្លៃ​ខ្ពស់ វា​អាស្រ័យ​លើ​ទីតាំង​ប្រសិន​ជា​ទីតាំង​ល្អ​នឹង​ទទួល​បាន​ជោគជ័យ​។

ដូច​គ្នា​ដែរ​ការ​សាងសង់​លំនៅឋាន​សម្រាប់​ប្រជាជន​មាន​ជីវភាព​មធ្យម​ក៏​មិន​អាច​យក​ទីតាំង​ល្អ និង​ដី​មាន​តម្លៃ​ថ្លៃ​ខ្ពស់ៗ​ទៅ​ធ្វើ​បាន​ដែរ​។

លោក​បន្ត​ថា៖ «​ខ្ញុំ​បាន​វិនិយោគ​លំនៅឋាន​តម្លៃ​មធ្យម​នៅ​តាម​ផ្លូវជាតិ​លេខ​ ៦A ក្នុង​តម្លៃ​ជាង​ ៣ ​ម៉ឺន​ដុល្លារ ហើយ​ទទួល​បាន​ជោគជ័យ​នាពេល​នេះ​»​។

លោក​បណ្ឌិត ហុង វណ្ណៈ សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​លោក​សង្កេត​ឃើញ​មាន​និន្នាការ​ ២ ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​បច្ចុប្បន្ន​នេះ​ទី​ ១ គម្រោង​វិនិយោគ​ដោយ​ជនបរទេស សហការ​ជាមួយ​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​ទី​ ២ គម្រោង​របស់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ដែល​ភាគច្រើន​ពី​មុន​មក​ពួកគេ​ផ្តោត​លើ​លំនៅឋាន​សម្រាប់​អ្នក​មាន​ជីវភាព​មធ្យម​ឡើង​លើ ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​វិនិយោគ​ទាំង​នោះ​បាន​ងាក​មក​ចាប់​យក​អតិថិជន​ជា​អ្នក​មាន​ជីវភាព​មធ្យម​។

លោក​បន្ត​ថា៖ «​នៅ​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ ចំនួន​ប្រជាជន​មាន​ជីវភាព​មធ្យម​មាន​ទំហំ​ធំ ហើយ​ពួកគេ​ជា​ក្រុម​ប្រជាពលរដ្ឋ ដែល​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច ហេតុ​នេះ​ពេល​មាន​តម្រូវការ​ធំ ការ​វិនិយោគ​លំនៅឋាន​សម្រាប់​ប្រជាជន​ក្រុម​នេះ​នឹង​ទទួល​បាន​ជោគជ័យ​»​។

លោក​បន្ត​ថា៖ «​នៅ​ពេល​ប្រទេស​មួយ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្រុម​ប្រជាជន​មាន​ជីវភាព​មធ្យម​ក៏​មាន​ការ​កើនឡើង និង​ធ្វើឲ្យ​តម្រូវការ​លំនៅឋាន​ក៏​ដូចជា​សេវាកម្ម​ផ្សេងៗ​ទៀត​កើនឡើង​ផង​ដែរ​»​។

លោក​បណ្ឌិត ហុង វណ្ណៈ បាន​ថ្លែង​ថា​ជាមួយ​គ្នា​នេះ​វិស័យ​ហិរញ្ញវត្ថុ​ដូចជា ធនាគារ និង​មីក្រូហិរញ្ញវត្ថុ គួរ​ជួយ​សម្រួល​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ឥណទាន​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ដើម្បី​ឲ្យ​ពួកគេ​កាន់តែ​មាន​លទ្ធភាព​ក្នុង​ការ​ស្វែងរក​លំនៅឋាន​ស្នាក់នៅ​សមរម្យ​៕

Source From: http://www.postkhmer.com
Share
Our Partners