សព្វថ្ងៃនេះ ខណៈដែលវិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកលូតលាស់ខ្លាំង ចំនួនក្រុមហ៊ុនបម្រើសេវាអចលនវត្ថុ (ទិញ លក់ ឬជួលដីធ្លីនិងផ្ទះ) ក៏មានច្រើន និងកើនឡើងឥតឈប់។ ប៉ុន្តែ ប្រសិនបើត្រូវការពឹងពាក់ ឬប្រើសេវារបស់ក្រុមហ៊ុនបម្រើសេវាផ្នែកអចលនវត្ថុណាមួយ តើលោកអ្នកត្រូវមើលទៅលើលក្ខណសម្បត្តិអ្វីខ្លះរបស់ក្រុមហ៊ុននោះ?
របាយការណ៍ពីក្រសួងសេដ្ឋកិច្ច បង្ហាញថា គិតរហូតមកត្រឹមដំណាច់ខែឧសភាឆ្នាំ២០១៧ ក្រសួងបានផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាប័ណ្ណសេវាកម្មវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុ ដល់ក្រុមហ៊ុនជាតិនិងអន្តរជាតិសរុប ២៥៥ក្រុមហ៊ុន។
ដើម្បីជាជំនួយដល់លោកអ្នកក្នុងការសម្រេចចិត្តជ្រើសរើសក្រុមហ៊ុនបម្រើសេវាផ្នែកអចលនទ្រព្យឲ្យបានត្រឹមត្រូវ លោកឧកញ៉ា នួន រិទ្ធី ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនបម្រើសេវាអចលនវត្ថុ KFA បានផ្ដល់ជាគន្លឹះមួយចំនួន។
លោកឧកញ៉ាថា ដើម្បីជ្រើសរើសប្រើសេវារបស់ក្រុមហ៊ុនអចលនទ្រព្យណាមួយ លោកអ្នកត្រូវពិនិត្យមើលទៅលក្ខណសម្បត្តិ ៧យ៉ាងរបស់ក្រុមហ៊ុននោះ៖
១. យើងត្រូវមើលទៅលើ profile ឬប្រវត្តិរបស់ក្រុមហ៊ុន ថាតើក្រុមហ៊ុននោះបានចុះបញ្ជីត្រឹមត្រូវដែរ ឬទេ? តើក្រុមហ៊ុននោះមានបុគ្គលប៉ុន្មាននាក់ជាជំហរពីក្រោយ ហើយតើបុគ្គលក្នុងជួរប្រតិបត្តិមានបទពិសោធន៍ ឬប្រវត្តិយ៉ាងណាដែរ?
២. តើក្រុមហ៊ុននោះមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដែរ ឬទេ? គឺអាជ្ញាប័ណ្ណដែលចេញដោយរដ្ឋាភិបាល ពោលគឺសាមីក្រសួង ដើម្បីអនុញ្ញាតឲ្យគាត់ធ្វើអាជីវកម្មផ្នែកនេះ។
៣. ធនធានរបស់ក្រុមហ៊ុន គឺសំខាន់ណាស់ ព្រោះថា នៅក្នុងសេវាកម្មអចលនវត្ថុ ប្រសិនបើក្រុមហ៊ុនមួយមិនមានធនធានមនុស្សត្រឹមត្រូវទេ វានឹងធ្វើឲ្យមានការខាតបង់ទាំងសងខាង គឺទាំងអតិថិជន ទាំងម្ចាស់ទ្រព្យ។ មានន័យថា ការចរចាដែលគ្មានបទពិសោធន៍ នឹងធ្វើឲ្យខាតប្រយោជន៍ដល់គូភាគីទាំងសងខាង។
៤. ទីតាំងក្រុមហ៊ុន។ តើក្រុមហ៊ុននោះមានទីតាំងត្រឹមត្រូវដែរ ឬទេ? ឬក៏ក្រុមហ៊ុននោះរកស៊ីក្នុងលក្ខខណ្ឌមួយដែលគេហៅថា លើកកញ្ជើ ឬឆបោក។ អ្នកខ្លះ គ្មានទីតាំងច្បាស់លាស់អីទេ គ្រាន់តែគាត់បានគម្រោងអ្វីមួយ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ រួចហើយក៏រើទីតាំង ឬបិទទីតាំងដោយគ្មានការទទួលខុសត្រូវ។
៥. ការចូលរួមរបស់ក្រុមហ៊ុនជាមួយនឹងសង្គម។ តើក្រុមហ៊ុននោះមានការចូលរួមអ្វីខ្លះជាមួយសង្គម? តើអតិថិជនដែលប្រើសេវាកម្មក្រុមហ៊ុននោះបានចូលរួមចំណែកដល់ផ្នែកណាមួយនៃសង្គម? មានន័យថា បើក្រុមហ៊ុននោះបានចូលរួមចំណែកជួយដល់សង្គម គឺការប្រើប្រាស់សេវាកម្មក្រុមហ៊ុននោះ ក៏ដូចគ្នានឹងអតិថិជនបានចូលរួមចំណែកជួយដល់សង្គមដែរ។
៦. ក្រុមហ៊ុនសេវាកម្មអចលនវត្ថុ ត្រូវតែមានការធានារ៉ាប់រងវិជ្ជាជីវៈ ដោយមានការកំណត់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលតម្រូវឲ្យក្រុមហ៊ុនមានធានារ៉ាប់រងទៅលើអាជីវកម្មដែលខ្លួនបានធ្វើ ដូចជា ការវាយតម្លៃអចលនវត្ថុ ឬការគ្រប់គ្រងអាផាតមិន ជាដើម ត្រូវតែមានធានារ៉ាប់រង ចេញពីធនាគារមួយដើម្បីការពារផលប្រយោជន៍របស់អតិថិជន។
៧. ចំណុចសំខាន់បំផុត គឺការទទួលខុសត្រូវ។ ទោះបីមានក្រដាសស្នាមត្រឹមត្រូវក្ដី ត្រូវមើលទៅលើថា តើអគ្គនាយកក្រុមហ៊ុននោះមានឆន្ទៈទទួលខុសត្រូវខ្ពស់ទេ ប្រសិនបើការអនុវត្តរបស់ខ្លួនខុសពីក្រមវិជ្ជាជីវៈមុខជំនួញ ឬជំនាញរបស់គាត់។
ទាំង៧ចំណុចខាងលើនេះ ជាអ្វីដែលលោកឧកញ៉ា នួន រិទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុនបម្រើសេវាកម្មអចលនវត្ថុ បានផ្ដល់ជាយោបល់ក្នុងករណីដែលលោកអ្នកត្រូវជ្រើសរើសយកសេវារបស់ក្រុមហ៊ុនអចលនទ្រព្យណាមួយ៕