Hot line: +855 (0)99 283 388
● You are in: Media > Detail News
បច្ចេកវិទ្យាជួយធ្វើឲ្យវិស័យខុនដូ និងអាផាតមិន កាន់តែរីកចម្រើន
Date: 2017-08-04

ភ្នំពេញៈ ជីវិតមិននៅមួយកន្លែងទេ ការរីកចម្រើននៃបច្ចេកវិទ្យា នឹងចូលរួមផ្លាស់ប្តូររបៀបនៃការរស់នៅ ដែលធ្វើឲ្យអគារសហកម្មសិទ្ធិនានានឹងទទួលបានផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មនេះ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisalបានមើលឃើញពីនិន្នាការនៃការរស់នៅតាមអគារសហកម្មសិទ្ធិកើនឡើង ហើយលោកក៏បានវិនិយោគអាផាតមិនKFAដែរនោះបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី4 សីហានេះថា ការស្នាក់នៅតាមខុនដូ និងអាផាតមិនជាការសន្សំសំចៃពេលវេលា និងការចំណាយលើការធ្វើដំណើរ ព្រោះនៅពេលទីក្រុងកាន់តែធំ មនុស្សរស់នៅកាន់តែច្រើន ចរាចរណ៍កាន់តែចង្អៀតកកស្ទះ មនុស្សនឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេជាមួយនឹងភាពកាន់តែមមាញឹកក្នុងជីវិត ហើយពេលនោះបច្ចេកវិទ្យានឹងជួយសម្រួលដល់ការរស់នៅរបស់ពួកគេ។

លោកបន្តថា “ខុនដូ ឬអាផាតមិនមានទីតាំងនៅជិតសាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងកាហ្វេជាសេវាកម្មដែលផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅ”។ លោកបន្តថា “បដិវត្តន៍បច្ចេកវិទ្យាក៏ជួយមនុស្សបានច្រើនផងដែរ ដោយពួកគេអាចកុម្ម៉ង់អាហារ ទំនិញ និងសេវាកម្មដទៃទៀតតាមរយៈទូរស័ព្ទដៃបាន”។

វាជាអ្វីដែលគេហៅថា Express Service ដែលមានការរីកចម្រើននៅប្រទេសជឿនលឿនដូចជានៅប្រទេសកូរ៉េ សិង្ហបុរី និងប្រទេសរីកចម្រើនដទៃទៀត ហើយកម្ពុជាបាន និងកំពុងដើរតាមលំអាននេះសម្រាប់ការរស់នៅដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដែលផ្តល់ឲ្យគុណភាពជីវិតកាន់តែប្រសើរឡើង។ នេះបើតាមឧកញ៉ានួន រិទ្ធី។

លោក សុវណ្ណ ដារា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន GO –X បានថ្លែងថា កាលពី5ឬ10ឆ្នាំមុន បច្ចេកវិទ្យាមិនទាន់មានការរីកចម្រើននៅកម្ពុជាទេ ប៉ុន្តែពេលនេះអ្វីៗទាំងនោះកំពុងដំណើរការ និងចូលមកក្នុងជីវិតប្រជាជនកម្ពុជា ពិសេសយុវជនវ័យក្មេងដែលចូលចិត្តជីវិតបែបស៊ីវិល័យ។ លោកបន្តថា បច្ចេកវិទ្យាអាចភ្ជាប់ជាមួយទូរស័ព្ទដែលផ្តល់ឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការទទួលបានជីវិតកាន់តែប្រសើរឡើង និងបង្កើតការងារផងដែរ។

លោកបន្តថា “ឥឡូវនេះប្រជាជនអាចហៅម៉ូតូឌុប រ៉ឺម៉កកង់3 និងតាក់ស៊ីតាមទូរស័ព្ទដៃដោយគ្រាន់តែចូលកម្មវិធីណាមួយប៉ុណ្ណោះ”។ លោកបន្តថា “បច្ចេកវិទ្យាមិនត្រឹមតែជួយធ្វើឲ្យគុណភាពជីវិតប្រសើរឡើងនោះទេ តែក៏ចូលរួមបង្កើតការងារផងដែរ”។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានរកឃើញថា ចំនួនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញនឹងកើនដល់ជាង4លាននាក់នៅឆ្នាំ2030ដែលពេលនោះបច្ចេកវិទ្យាកាន់តែរីកចម្រើន ការកកស្ទះចរាចរណ៍កាន់តែខ្លាំង មនុស្សនឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេ ពិសេសយុវជនសម័យថ្មីនឹងសម្រេចចិត្តរស់នៅខុនដូកាន់តែច្រើន។

លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុន Ratanaka Realty បានថ្លែងថា បច្ចេកវិទ្យាថ្មីៗកាន់តែមានការរីកចម្រើននៅកម្ពុជាវានឹងផ្តល់ឲ្យមនុស្សរស់នៅកាន់តែប្រសើរតាមរយៈការប្រើប្រាស់សេវាកម្មនានា ដោយទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាជាជាងប្រើប្រាស់សេវាកម្មតាមបែបប្រពៃណី។ លោកបន្តថា នៅពេលបច្ចេកវិទ្យាកាន់តែរីកចម្រើន មនុស្សនឹងប្រមូលផ្តុំរស់នៅក្នុងទីក្រុងដែលមានសេវាកម្មគ្រប់បែបយ៉ាងជាជាងចេញទៅរស់នៅជាយក្រុងដែលមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធរីកចម្រើន។

លោកបន្តថា “បច្ចុប្បន្នជម្រើសយុវជនវ័យក្មេងគឺ ខុនដូបន្ទាប់ពីរៀបការរួចពួកគេទិញខុនដូរស់នៅក្នុងលក្ខណៈជាគ្រួសារតូចមួយរបស់ពួកគេជាជាងរស់នៅជាមួយឪពុកម្តាយ ហើយវាមានទីតាំងនៅជិតកន្លែងធ្វើការងាររបស់ពួកគេទៀតផង”។

អ្នកវិនិយោគខុនដូ L Resident លោក ទុយ ប៊ុន បានថ្លែងថា ខុនដូរបស់លោកបានផ្តោតលើអ្នកមានជីវភាពមធ្យម និងគ្រួសារថ្មីថ្មោង។ ជាលទ្ធផលអ្នកទិញខុនដូក្នុងគម្រោងលំនៅដ្ឋានអឹលកម្ពុជា ភ្នំពេញ ភាគច្រើនមានអាយុ 35ឆ្នាំឡើង ពួកគេជាគូស្វាមីភរិយាថ្មីថ្មោងផងដែរ៕

Source From: http://www.lareine.com.kh/news/article/8292
Share
Our Partners