ខេត្តកែប ៖ មន្ត្រីថ្នាក់ដឹកនាំខេត្តបានបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាលមានគម្រោងសាងសង់កំពង់ផែខ្នាតអន្តរជាតិមួយនៅទឹកដីខេត្តជាប់មាត់សមុទ្រមួយនេះ ។ ទោះបីយ៉ាងណា គម្រោងផែអន្តរជាតិមួយនេះ ពុំទាន់សម្រេចជាផ្លូវការនៅឡើយទេ ។
លោក កែន សត្ថា អភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានគម្រោងកសាងកំពង់ផែមួយមានលក្ខណៈអន្តរជាតិ ប៉ុន្ដែគម្រោងនេះមិនទាន់សម្រេចចេញជាផ្លូវការទេ ។
លោកអភិបាលខេត្តថ្លែងថា ៖« កន្លងមក គម្រោងនេះមានការសិក្សារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តែយើងពុំទាន់អាចផ្សព្វផ្សាយលម្អិតបានទេ ហើយក៏មានក្រុមការងារចុះមកសិក្សាធ្វើកំពង់ផែអន្តរជាតិដែរ។ ផែនេះជាលក្ខណៈតំបន់ដែរ ដោយមានការឆ្លងកាត់ពីតំបន់កោះត្រល់មកខេត្តយើង ហើយមានភ្ញៀវចេញតាមច្រករបៀងតាមផ្លូវកោះកុង ច្រកចាំយាម និងចេញមកទិសដៅយើង ។ យើងទទួលការសិក្សា ប៉ុន្តែមិនទាន់ចេញជាផ្លូវការ ។ ដូច្នេះ យើងមិនទាន់អាចផ្សព្វផ្សាយទូលំទូលាយនៅឡើយទេ ចាំវាក្លាយជាផ្លូវការមានចុះហត្ថលេខា បោះត្រាភ្លាម យើងនឹងផ្សព្វផ្សាយភ្លាមៗតែម្តង » ។
យ៉ាងណាមិញ លោកអភិបាលខេត្តក៏បានឲ្យដឹងដែរថា អាជ្ញាធរខេត្តកំពុងតែសម្រុកអភិវឌ្ឍន៍វិស័យដឹកជញ្ជូន ដូចជា ធ្វើផ្លូវយ៉ាងណាឲ្យមានស្ដង់ដា, អភិវឌ្ឍន៍ផ្លូវក្រួសក្រហមឲ្យទៅជាផ្លូវកៅស៊ូប្រភេទ AC ហើយផ្លូវកៅស៊ូដែលមានស្រាប់ នឹងរៀបចំកែលម្អឲ្យស្អាត ដើម្បីធានាបាននូវសុវត្ថិភាព មានគំនូសចរាចរណ៍ ផ្លូវទោចក្រយានយន្ត ផ្លូវកង់ និងផ្លូវថ្មើរជើង ជាដើម ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើសោភ័ណភាព អនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈខ្ពស់ ដើម្បីជំរុញឲ្យសក្ដានុពលទេសចរណ៍ក្នុងខេត្តមួយនេះបានកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ស្របពេលពិធីបុណ្យសមុទ្រឆ្នាំ២០១៧ នឹងប្រារព្ធធ្វើឡើងនៅខេត្តកែប នាចុងឆ្នាំនេះផងដែរ ។
លោក សោម ពិសិដ្ឋ អភិបាលរងខេត្ត បានលើកឡើងថា គម្រោងផ្លូវលេខ៣៣A នឹងបញ្ចប់១០០%នៅក្នុងឆ្នាំ២០១៨ខាងមុខ ហើយខេត្តនឹងគិតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត រួមមាន ផ្លូវថ្នល់ពាក់ព័ន្ធនឹងការបម្រើផ្លូវសាធារណៈផ្សេងៗ ជាពិសេស បង្គន់អនាម័យ និងបង្គន់សាធារណៈដែលខេត្តបានគិតគូរខ្ពស់ ។
លោកអភិបាលរងខេត្តថ្លែងថា ៖« បុណ្យសមុទ្រឆ្នាំនេះ នឹងមានភ្ញៀវទេសចររាប់លាននាក់មកកម្សាន្ត ។ អីចឹង រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋានកំពុងគិតគូរទៅលើអនាម័យ និងការកែលម្អ បំពាក់ភ្លើងបំភ្លឺសាធារណៈ ហើយកែលម្អរចនាសម្ព័ន្ធអ្វីដែលមានស្រាប់ និងអ្វីដែលយើងបង្កើតឲ្យមានថ្មី » ។
គួរបញ្ជាក់ថា ផ្លូវកំពុងសាងសង់នេះមានទទឹង៣០ម៉ែត្រ និងអ៊ុតកៅស៊ូ AC ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានប្រវែង៨គីឡូម៉ែត្រ នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០១៨ខាងមុខ ។
ប្រជាពលរដ្ឋដែលរស់នៅជាប់ផ្លូវលេខ៣៣Aនេះ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពួកគាត់ ព្រោះកន្លងមក ពួកគាត់ពិបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ ឬលក់ដូរផ្សេងៗ ដោយសារពីមុនថ្នល់តូច ឥឡូវថ្នល់ធំ ប៉ុន្តែពេលធ្វើអត់ទាន់ហើយ គឺហុយខ្លាំងណាស់ ធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ ដោយសារដីហុយចូលមុខមាត់ និងច្រមុះ ហើយផ្ទះវិញមានសុទ្ធតែដីពេញទាំងអស់ ។
កញ្ញា ម៉ាត់ រ៉ទីយ៉ាស់ រស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប បានសំណូមពរដល់រាជរដ្ឋាភិបាលធ្វើផ្លូវថ្នល់ឲ្យឆាប់រួចរាល់ មុនពេលបុណ្យសមុទ្រជិតចូលមកដល់ ព្រោះថា កំណាត់ផ្លូវពីសេះស មកដល់ចំណុចក្រុងកែប គឺអត់ទាន់ហើយអស់ទេ ព្រមទាំងសូមឲ្យដាក់ភ្លើងបំភ្លឺ និងធ្វើសួនច្បារគ្រប់ទីកន្លែង ដើម្បីឲ្យមានភាពស្រស់ស្អាតនៅតាមដងផ្លូវនេះ ។
បច្ចុប្បន្ន ខេត្តកែបបាននិងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដ៏ស្រស់ស្អាត អមទៅដោយសួនច្បារ និងបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវមានលក្ខណៈទំនើបដើរដោយពន្លឺព្រះអាទិត្យ និងចរន្តខ្យល់ ។ ខេត្តក៏មានផ្លូវទោចក្រយានយន្ត ផ្លូវថ្មើរជើង និងកន្លែងហាត់ប្រាណ ជាពិសេស មានសញ្ញាចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ៕