រាជធានីភ្នំពេញ ៖ កម្ពុជា និងថៃគ្រោងបើកច្រកព្រំដែនអន្តរជាតិចំនួន៤កន្លែងទៀត ខណៈដែលច្រកស្ទឹងបត់ រវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ កំពុងជំរុញការសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងផ្តល់ភាពកាន់តែងាយស្រួលដល់ភ្ញៀវទេសចរសម្រាប់ធ្វើដំណើរឆ្លងកាត់ព្រំដែន ។
ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីការពង្រីកសក្តានុពលពាណិជ្ជកម្មកម្ពុជា-ថៃ ដែលប្រារព្ធឡើងនៅថ្ងៃទី១២ កញ្ញា ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា លោក Nuttavuodh Photisaro បានលើកឡើងថា បច្ចុប្បន្នការធ្វើពាណិជ្ជកម្មនៅតាមច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ពីមួយថ្ងៃទៅមួយថ្ងៃបានកើនឡើងជានិច្ច ជាពិសេស នៅច្រកអន្តរជាតិប៉ោយប៉ែតមានការកកស្ទះជាខ្លាំង ។
លោកបានបន្តថា ៖« ច្រកព្រំដែនដែលគ្រោងបើកក្នុងពេលឆាប់ៗខាងមុខនេះ នឹងចំណាយពេលវេលាតែ១ឆ្នាំប៉ុណ្ណោះ រួមមាន ៖
១-ច្រកអានសេស ក្នុងខេត្តព្រះវិហារ និងច្រកអានម៉ា ខេត្តកេតវ័នឡាសុថានី ប្រទេសថៃ ។
២-ច្រកខ្សែទុកួរ ជប់គគី ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបូរីរ៉ាំ ។
៣-ច្រកភ្នំដី ក្នុងខេត្តបាត់ដំបង និងច្រកខោឌីន ក្នុងខេត្តស្រះកែវ ។
៤-ច្រកថ្មដារ ក្នុងខេត្តពោធិ៍សាត់ និងច្រកថាសេន ក្នុងខេត្តស្រះកែវ ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក កឹម ស៊ីថន បានថ្លែងថា កម្ពុជា-ថៃ ជាប្រទេសជាប់ភូមិផងរបងតែមួយ និងជាដៃគូពាណិជ្ជកម្មរវាងគ្នាគួរឲ្យទុកចិត្ត ក្នុងនោះក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រមុខដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញនូវផែនការបង្កើនទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរឲ្យសម្រេចបានទឹកប្រាក់ចំនួន១៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ ។
ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា-ថៃ ក្នុងឆ្នាំ២០១៥ សម្រេចជាង៥ពាន់លានដុល្លារអាមេរិក ក្នុងនោះនៅឆ្នាំ២០១៦ ចំនួននេះបានកើនឡើងត្រឹមតែ០,៦%ប៉ុណ្ណោះ ។ ការនាំចេញរបស់កម្ពុជាទៅប្រទេសថៃ នៅក្នុងឆ្នាំ២០១៥ មានចំនួន៦៣៨លានដុល្លារ និងឆ្នាំ២០១៦ ចំនួន៩៤៤លានដុល្លារ កើនឡើងជាង៤៧%។ ចំណែកថៃនាំចូលមកកម្ពុជាក្នុងឆ្នាំ២០១៥ មានចំនួនជិត៤ពាន់លានដុល្លារ ។ នៅក្នុងឆ្នាំ២០១៦ ចំនួននេះបានថយចុះជាង៥%ទៅវិញ ៕