Hot line: +855 (0)99 283 388
● You are in: Media > Detail News
តម្លៃ​ខុនដូ​ប្រណីត​ធ្លាក់​ចុះ​ ១ ​ភាគរយ​ នៅ​ក្នុង​ដើម​ឆ្នាំ​នេះ
Date: 2017-09-14

សរុប​ពេល​ការ​ផ្គត់ផ្គង់​កើន​ឡើង​បាន​ធ្វើ​ឲ្យ​តម្លៃ​ខុនដូ​ប្រណីត​ ដែល​​បាន​លក់​ចេញ​បាន​ធ្លាក់​ចុះ​ ១​ ភាគរយ នៅ​ក្នុង​ឆមាស​ទី ១​ ឆ្នាំ​ ២០១៧ ​នេះ ធៀប​នឹង​ដំណាច់​ឆ្នាំ​មុន​។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia ដែល​បាន​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ ​បាន​រក​ឃើញ​ថា តម្លៃ​នៃ​ការ​លក់​ខុនដូ​ប្រណីត​ បាន​ធ្លាក់​ចុះ ១ ​ភាគរយ គិត​ត្រឹម​ឆមាស​ទី ១ ឆ្នាំ​នេះ ធៀប​នឹង​ដំណាច់​ឆ្នាំ​មុន ប៉ុន្តែ​ និន្នាការ​អ្នក​ទិញ ខុនដូ​មាន​ការ​ប្រែប្រួល ដោយ​អ្នក​ទិញ​ខុនដូ​ភាគ​ច្រើន​ផ្តោត​លើ​ខុនដូ​ដែល​បាន​បញ្ចប់​ការ​សាងសង់ ជា​ជាង​ទិញ​គម្រោង​កំពុង​សាងសង់​។ លើស​ពី​នេះ​អ្នក​ទិញ​ខុនដូ គឺ​ទិញ​សម្រាប់​រស់នៅ​ជាជាង​សម្រាប់​វិនិយោគ​បន្ត ហើយ​ប្រជាជន​ខ្មែរ​ទិញ​ខុន​ដូ​បាន​កើន​ចន្លោះ​ពី ៥​ទៅ​១០​ភាគរយ​។

ការ​សិក្សា​ដដែល​បាន​រក​ឃើញ ផង​ដែរ​ថា តម្លៃ​ខុនដូ​ប្រភេទ High-end មាន​តម្លៃ​មធ្យម ៣ ១០៨ ​ដុល្លារ ខុនដូ​ប្រភេទ Mid-end មាន​តម្លៃ​ ២ ៦៥៩​ ដុល្លារ និង​ខុនដូ​ប្រភេទ Affordable មាន​តម្លៃ​ជា​មធ្យម ​១ ៤៩៨​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។

ការ​សិក្សា​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ខុនដូ​ចំនួន​ ១ ៩១១ ​យូនីត បាន​ដាក់​ចូល​ទីផ្សារ​នៅ​ក្នុង​ឆមាស​ទី ១ ​ឆ្នាំ​នេះ និង​រំពឹង​កើន​ឡើង​ដល់ ១១,៣០០ ​យូនីត នៅ​ដំណាច់​ឆ្នាំ​នេះ សម្រាប់​ខុនដូ​សរុប​ដែល​បាន​ផ្គត់ផ្គង់​តាំងពី​មុន​ដល់​ពេល​បច្ចុប្បន្ន​នេះ​។

អ្នក​នាង អាន សុធីតា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ថា ស្ថានភាព​ទីផ្សារ​ខុនដូ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ បើ​ទោះ​បី​ជា​តម្លៃ​ជួល និង​តម្លៃ​លក់​ចេញ​បាន​ធ្លាក់​ចុះ​ក៏​ដោយ​។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ ប៊ុណ្ណា​ រៀល​ធី​គ្រុប ដែល​ទើប​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ក៏​បាន​រក​ឃើញ​ថា ចំនួន​ខុនដូ​បាន​កើន​ពី​ ១២១ ​គម្រោង​ដល់​ ១២៥ ​គម្រោង និង​ចំនួន​ផ្ទះ​សរុប​បាន​កើន​ពី​ ៤៣,៦០៤​ យូនីត ដល់​ចំនួន​ ៤៧,៧០៤​ យូនីត នៅ​ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

លោក​ឧកញ៉ា សៀ រិទ្ធី អគ្គនាយក​ក្រុម​ហ៊ុន World Bridge Group ដែល​បាន​វិនិយោគ​ខុនដូ The Bridge, The Peak តម្លៃ​ជិត ​១ ០០០ ​លាន​ដុល្លារ បាន​ថ្លែង​ថា ទីផ្សារ​ខុនដូ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ ហើយ​គម្រោង​ដែល​លោក​វិនិយោគ «​បើ​មិន​ជោគជ័យ​លោក​មិន​ធ្វើ​ទេ​» ព្រោះ​គម្រោង​របស់​លោក​មិន​មែន​លក់​បន្ទប់​គេង​ទេ​ មិន​មែន​លក់​គ្រែ​ដេក​ទេ តែ​ជា​ «​ការ​លក់ Life Style»​។

លោក បន្ត​ថា​ ៖ «​យើង​នឹង​ផ្តល់​សេវាកម្ម​ចម្រុះ ដើម្បី​ផ្តល់​ឲ្យ​អ្នក​រស់​នៅ​មាន​ភាព​ងាយ​ស្រួល​ដែល​ពួក​គេ​អាច​ទទួល​បាន​សេវា​លម្ហែរ ការ​ថែ​ទាំ​សុខភាព មាន​ផ្សារ​ទំនើប មាន​ការិយាល័យ​មេធាវី និង​មាន​សេវាកម្ម​ចាំបាច់​មួយ​ចំនួន​ទៀត សម្រាប់​ធ្វើជា​មូលដ្ឋាន​នៃ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​អ្នក​រស់​នៅ​»​។

លោក​បន្ត​ថា​៖ «​បើ​សាងសង់​ខុនដូ​លក់ ហើយ​លក់​តែ​គ្រែ​ដេក ខ្ញុំ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​ទេ ព្រោះ​និន្នាការ​ជា​អន្តរជាតិ គឺ​គេ​ផ្តោត​ការ​វិនិយោគ​លើ​គម្រោង​ដែល​មាន​ភាព​ចម្រុះ​»​។

នាយក​ផ្នែក​ទីផ្សារ​នៃ​គម្រោង Olympia CITY លោក ស៊ុន ហួត បាន​ថ្លែង​ស្រដៀង​គ្នា​ថា ស្ថានភាព​នៃ​ការ​លក់​ខុន​ដូ​ឆ្នាំ​នេះ​មិន​មាន​ភាព​ប្រែប្រួល​ខុស​ពី​ឆ្នាំ​មុន​នោះ​ទេ ប៉ុន្តែ​ក្នុង​ស្ថានភាព​បែប​នេះ​ការ​លក់​ខុនដូ​ក្នុង​គម្រោង​នេះ​មិន​បាន​បញ្ចុះ​តម្លៃ​នោះ​ទេ​។ ខុនដូ​ ក្នុង​គម្រោង Olympia City មាន​តម្លៃ​ចន្លោះ​ពី ​២ ៣០០ ​ទៅ ​២ ៦០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។

លោក​បន្ត​ថា​ ៖ «​ក្នុង​ចំណោម​អ្នក​ទិញ​ខុនដូ​ក្នុង​គម្រោង​នេះ​មាន​ប្រជាជន​ខ្មែរ​ប្រមាណ​៧០​ភាគរយ ដែល​អ្នក​ខ្លះ​ទិញ​សម្រាប់​ស្នាក់​នៅ និង​ខ្លះ​ទៀត​ទិញ​សម្រាប់​ជួល»៕

Source From:
Share
Our Partners