រដ្ឋាភិបាលបាននិងកំពុងស្វះស្វែងរកដៃគូវិនិយោគពីវិស័យឯកជន ដើម្បីសាងសង់ទីក្រុងថ្មីមួយ ដែលគ្រោងដាក់ឈ្មោះថា «ទីក្រុងនាគរាជសម្តេចតេជោ» ស្ថិតនៅប្រជុំរវាងទន្លេសាប និងទន្លេមេគង្គ។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ភឿង សុភ័ណ បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលបាននិងកំពុងស្វែងរកដៃគូវិនិយោគពីក្រុមហ៊ុនឯកជន ដើម្បីសាងសង់ទីក្រុងថ្មីមួយដែលមានទំហំផ្ទៃដីពី២ ទៅ៣ម៉ឺនហិកតា និងគ្រោងចំណាយទឹកប្រាក់វិនិយោគ៨០ពាន់លានដុល្លារអាមេរិក។
លោកបន្តថា រហូតមកទល់ពេលនេះមានក្រុមហ៊ុនវិនិយោគចិនចំនួន៣ដែលបានចាប់អារម្មណ៍លើគម្រោងនេះ តែមិនទាន់ប្រាកដប្រជាទេ ប៉ុន្តែបើពួកគេប្រាកដប្រជាទាល់តែពួកគេទម្លាក់លុយចូលមក។
លោកបន្តថា ៖ «ការសាងសង់ទីក្រុងថ្មីនេះ នឹងដំណើរការនៅពេលណាមានថវិកា ព្រោះរដ្ឋាភិបាលមិនចង់ចំណាយទឹកប្រាក់ច្រើនបែបនេះទេ ទើបយើងចង់បានការសហការពីវិស័យឯកជន»។
លោកបន្តថា ៖ «ទីក្រុងថ្មីនេះអាចនឹងចំណាយរយៈពេលជាង១០ឆ្នាំក្នុងការសាងសង់ ប្រសិនជាមានថវិកាគ្រប់គ្រាន់ ហើយប្លង់មេរបស់ទីក្រុងនេះបានរៀបចំរួចរាល់ហើយ»។
លោក ភឿង សុភ័ណ្ឌ បានបន្តថា រយៈពេល៥៨០ឆ្នាំហើយ កម្ពុជាមិនធ្លាប់កសាងទីក្រុងថ្មីទេ «ហេតុនេះទើបយើងនឹងសាងសង់ទីក្រុងថ្មីនេះដោយដាក់ឈ្មោះទីក្រុងនាគរាជសម្តេចតេជោ ត្រូវនឹងឆ្នាំកំណើតរបស់សម្តេច» ដែលអគារក្នុងទីក្រុងនេះនឹងរចនាដូចរូបនាគផុសចេញពីដី។ លោកបន្តថា៖ «យើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រោមដី ផ្លូវគោក និងផ្លូវទឹក រួចរាល់ក្នុងប្លង់មេរួចហើយ ដោយធានាថា មិនមានបញ្ហាចរាចរណ៍បានរយៈពេល ៥០០ឆ្នាំទៅមុខទៀត»។
លោកបន្តថា ៖ «សំណង់ទីក្រុងនេះនឹងមានលក្ខណៈទំនើប តាមរចនាប័ទ្មខ្មែរទំនើប ដើម្បីរក្សាអត្តសញ្ញាណជាតិ»។
ទោះជាយ៉ាងណាលោក ភឿង សុភ័ណ្ឌ មិនបញ្ជាក់ឲ្យដឹងពីទីតាំងនៃទីក្រុងនេះច្បាស់លាស់នៅឡើយទេ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានថ្លែងថា លោកស្វាគមន៍គម្រោងនេះ ប្រសិនជាសាងសង់បានវានឹងជួយចូលរួមអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែលោកមិនសូវមានសុទិដ្ឋិនិយមពីការសាងសង់ទីក្រុងនេះឡើយ ដោយលោកបានថ្លែងថា លោកមិនសូវមានជំនឿពីការសាងសង់ទីក្រុងនេះទេ «យើងរង់ចាំមើល ប៉ុន្តែបើសាងសង់បានលោកពិតជាអបអរសាទរ»។
លោកបន្តថា ៖ «និយាយពីការសាងសង់ទីក្រុង វាងាយស្រួល សរសេរក៏ងាយស្រួល តែការធ្វើពិតប្រាកដមិនងាយស្រួលទេ។ ជាក់ស្តែងមើលតែក្រុងថ្មី ត្បូងឃ្មុំ រហូតមកទល់ពេលនេះ ធ្វើបានប៉ុនណាហើយ»។
ទោះជាយ៉ាងណាលោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានសម្តែង សុទិដ្ឋិនិយមចំពោះគម្រោងអភិវឌ្ឍន៍នេះ ដោយលោកបានថ្លែងថា សម្រាប់គម្រោងសាងសង់ទីក្រុងថ្មីនេះ និងទំហំទីក្រុងថ្មីនេះមិនធំនោះទេ។ អ្វីសំខាន់គឺការរៀបចំឲ្យមានប្លង់មេច្បាស់លាស់ពិតជាល្អប្រសើរ និងអាចធ្វើទៅបានហើយ។
លោកបន្តថា ៖ «ទីក្រុងធំបែបនេះ មិនមែនសាងសង់១ឆ្នាំ ឬ២ឆ្នាំទេ វាត្រូវការរយៈពេល១០ឆ្នាំឡើងទៅ ព្រោះវាជាពេលវេលាសមស្រប ដោយសារកំណើនប្រជាសាស្ត្រ និងប្រាក់ចំណូលប្រជាជនក៏កើនឡើង»។
លោកបន្តថា ៖ «ប្រសិនជាទីក្រុងនេះស្ថិតនៅស្របផ្លូវជាតិលេខ៦ វាពិតជាល្អប្រសើរ ព្រោះតំបន់នេះមានទីក្រុងរណបពីរបីរួចទៅហើយ ហេតុនេះបើសិនគម្រោងទីក្រុងថ្មីមកតំបន់នេះ ពិតជាអាចទៅរួច និងមានសក្តានុពលអាចផ្គួបគ្នាបាន»។
លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកឯកទេសផ្នែកនគរូបនីយកម្ម បានថ្លែងថា តំបន់ដែលគ្រោងរៀបចំទីក្រុងនេះមានដីទំនាបបន្តិច ប៉ុន្តែជាតំបន់មានបរិស្ថានល្អ និងខ្យល់អាកាសបរិសុទ្ឋ ដោយសារវាជាតំបន់ដីទំនាប និងមានទន្លេនៅជុំវិញ។ តែយ៉ាងណាតំបន់នេះជាទីទំនាបដែលទាមទារឲ្យមានការសិក្សាឲ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសការលិចលង់នាពេលអនាគត។
លោកបន្តថា ទោះជាយ៉ាងណា រដ្ឋាភិបាលមិនគួរអភិវឌ្ឍតែនៅក្បែរទីក្រុងភ្នំពេញនោះទេ គួរពង្រីកទៅកាន់ខេត្តមានសក្តានុពលសេដ្ឋកិច្ច ដើម្បីឲ្យរបាយនៃការអភិវឌ្ឈមិនឃ្លាតគ្នាពេករវាងទីក្រុង និងជនបទ និងមិនធ្វើឲ្យមានប្រជាជនចំណាកស្រុកច្រើន។
លោកបន្តថា ៖ «រដ្ឋាភិបាលសាងសង់ទីក្រុងនឹងបានផលជំរុញដល់កំណើនសេដ្ឋកិច្ច ធ្វើឲ្យប្រជាជនទទួលបានការងារ និងផលប្រយោជន៍ ប៉ុន្តែរដ្ឋាភិបាលគួរផ្តោតទៅកាន់ខេត្តដទៃ ព្រោះបើគម្រោងថ្មីនេះនៅជិតក្រុងភ្នំពេញ វាហាក់ដាក់ទម្ងន់បន្ថែមទៀត សម្រាប់ទីក្រុងនេះ»។ លោកបន្តថា ៖ «បើកសាងទីក្រុងក្បែរក្រុងភ្នំពេញ នឹងធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងការបំពុលបរិស្ថានបន្ថែមទៀត»៕