នៅក្នុងទីផ្សារកំពុងតែមានការ រីកចម្រើនយ៉ាងឆាប់រហ័សដូចជាទីផ្សារនៅភ្នំពេញ ការ គ្រប់គ្រងអចលនទ្រព្យ លក្ខណៈវិជ្ជាជីវៈ អាចធ្វើឲ្យគម្រោងមានភាពលេចធ្លោបាន។
អ្នកទិញ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ដែលមានបទពិសោធខ្ពស់អាចយល់ដឹងថា ការគ្រប់គ្រងអចលនទ្រព្យបានល្អ គឺមានសារៈសំខាន់ក្នុងការបង្កើន និងទ្រទ្រង់តម្លៃអចនទ្រព្យមួយព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះ កិត្តិយស និងតម្លៃ តាមរយៈការថែទាំសម្ភារ និងការផ្តល់សេវាដែលមានគុណភាពខ្ពស់តាមរយៈការជួលអ្នកជំនាញដែលល្អបំផុតនៅក្នុងទីផ្សារដែលនេះនឹងធ្វើឲ្យបរិយាកាសរបស់អគារកាន់តែប្រសើរឡើង។
នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ ដែលនៅក្នុងនោះមានអគារថ្មីៗជាច្រើនត្រូវបានផ្គត់ផ្គង់ចូលទីផ្សារ និងដាក់ឲ្យដំណើរការ ដើម្បីធានានូវភាពជោគជ័យដល់គម្រោងវាមានសារៈសំខាន់ណាស់ ដែលអ្នកអភិវឌ្ឍ ឬម្ចាស់កម្មសិទ្ធិមានជំនាញខ្លាំងក្លាក្នុងការដើរយុទ្ធសាស្ត្រនៅក្នុងទីផ្សារមានភាពបត់បែន និងប្រើប្រាស់វិធីសាស្ត្រទោរទន់ទៅតាមចំណង់របស់អតិថិជន។
កំហុសឆ្គងជាទូទៅមួយនៃការផ្តោតសំខាន់លើផលិតផលពេក គឺផ្នត់គំនិតដែលគិតថាសាងសង់ហើយ អ្នកប្រើប្រាស់នឹងចូលមកដោយឯងៗនោះអាចនាំឲ្យមានការខ្វះការគិតទុកជាមុនអំពីការគ្រប់គ្រងសេវាកម្មអចលនទ្រព្យ ដែលអាចបណ្តាលឲ្យទំនុកចិត្តរបស់អ្នកជួល និងអ្នកទិញចុះខ្សោយនៅពេលដែលពួកគេមានជម្រើសនៃអគារដ៏ច្រើននៅពីមុខដើម្បីឲ្យធ្វើការជ្រើសរើស។
នៅ CBRE Cambodia យើងអនុវត្តវិធីសាស្ត្របត់បែនតាមអតិថិជននីមួយៗ ក្នុងការផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ ដោយបង្កើតនូវកញ្ចប់សេវាកម្មដែលសមស្របទៅតាមតម្រូវការរបស់អតិថិជន និងអចនទ្រព្យរបស់ពួកគេឲ្យកាន់តែស្របទៅតាមលក្ខណៈរបស់អចលនទ្រព្យនោះតាមដែលអាចធ្វើទៅបាន។ ចំណេះដឹងរបស់អ្នកជំនាញនៅលើទីផ្សារ និងអតិថិជនត្រូវតែរួមបញ្ចូលគ្នា នៅក្នុងក្រុមការងារគ្រប់គ្រងអចលនទ្រព្យដែលត្រូវបានកសាងជាពិសេសដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អ្នកកាន់ភាគហ៊ុន។
ការគ្រប់គ្រងអចលនទ្រព្យល្អមានគោលបំណងក្នុងការជួយកាត់បន្ថយចំណាយប្រតិបត្តិការ និងបង្កើនប្រាក់ចំណូលដោយមិនធ្វើឲ្យខូចប្រយោជន៍ដល់បូរណភាពរបស់អគារ ឬក៏ធ្វើឲ្យមានការចុះខ្សោយដល់សេវាកម្ម និងបរិក្ខារដែលផ្គត់ផ្គង់នោះឡើយ។
អ្នកអភិវឌ្ឍន៍ដែលគិតគូរពីការគ្រប់គ្រងអចលនទ្រព្យតាំងពីដំណាក់កាលដំបូងក្នុងដំណើរការអភិវឌ្ឍអាចចៀសវាងនូវកំហុសឆ្គង នៅក្នុងការរចនា និងបង្កើនការប្រើប្រាស់លម្ហបានច្រើន។ នេះជាធម្មតានឹងមានការទាក់ទងទៅនឹងការប្រឹក្សាយោបល់លើការគ្រប់គ្រងអចលនទ្រព្យដោយក្រុមការងារមានបទពិសោធខ្ពស់ដែលនឹងពិនិត្យឡើងវិញនូវការរៀបចំលម្ហនៅក្នុងប្លង់ និងការរចនាបច្ចេកទេសនៃអគាររួមទាំងកន្លែងចតរថយន្ត និងចរាចររថយន្ត ប្រព័ន្ធមេកានិក និងអគ្គិសនី និងកន្លែងទទួលភ្ញៀវ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធានការកាត់បន្ថយកាកសំណល់ និង កាត់បន្ថយពេលវេលាសាងសង់លើសកាលកំណត់ ដែលអាចបណ្តាលឲ្យចាយលើសកញ្ចប់ថវិកាដោយសារការពន្យារពេលសាងសង់។
ប្រសិនបើត្រូវបានដាក់ឲ្យអនុវត្តតាំងពីដំណាក់កាលដំបូង អ្នកពិគ្រោះយោបល់នឹងមានពេលវេលាដើម្បីធ្វើការជាមួយក្រុមការងារ ដើម្បីកំណត់ និងដោះស្រាយបញ្ហាដែលអាចកើតមានឡើង ឬបង្កើតដំណោះស្រាយគ្រោងទុកមុនមួយ ដើម្បីឲ្យពួកគេអាចរៀបចំ និងដោះស្រាយបញ្ហានានានៅពេលបញ្ចប់ការសាងសង់។
អ្នកអភិវឌ្ឍន៍ ឬម្ចាស់ផ្ទះជាច្រើនពឹងផ្អែកលើការចាត់ចែងថ្លៃសេវា ឬក៏ព្យាយាមកំណត់ពីការអភិវឌ្ឍដទៃទៀត ដែលជារឿយៗអាចនាំឲ្យមានប្រាក់ចំណូលមិនគ្រប់គ្រាន់ដើម្បីចំណាយប្រតិបត្តិការ។ នេះធ្វើឲ្យមានស្តង់ដារខ្សោយនៃការគ្រប់គ្រងអចលនទ្រព្យ និងអតិថិជនមិនពេញចិត្ត។
អ្នកអភិវឌ្ឍន៍អាចចៀសវាងសេណារីយ៉ោនេះ ដោយការស្វែងរកដំបូន្មានដើម្បីវិភាគ និងប៉ាន់ប្រមាណតម្លៃប្រតិបត្ដិការ និងលំហូរចំណូលតាមការរៀបចំថវិកាប្រតិបត្តិ និងការគណនាថ្លៃគ្រប់គ្រងប្រកបដោយនិរន្តរភាព។
ភាពត្រឹមត្រូវក្នុងការបង់ថ្លៃសេវាកម្មគួរតែទុកឲ្យអ្នកទិញ អ្នកជួលផ្ទះ និងអ្នកអភិវឌ្ឍន៍មិនមានការភ្ញាក់ផ្អើលអាក្រក់ដូចជាឱនភាពថវិកា ដែលអាចនាំឲ្យមានការកើនឡើងថ្លៃសេវា និង/ឬបន្ថយសេវាកម្ម៕
សរុបមកការគ្រប់គ្រងអចលនទ្រព្យ ត្រូវបានផ្អែកលើសមត្ថភាពរបស់អ្នកគ្រប់គ្រងក្នុងការកសាងទំនាក់ទំនងយូរអង្វែង ទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទាំងសងខាង និងផ្តល់នូវក្រុមការងារគ្រប់គ្រងអចលនទ្រព្យដែលមានការប្តេជ្ញាចិត្តដោយមានការឆ្លើយតបឆាប់រហ័ស និងមានវិជ្ជាជីវៈដើម្បីធានានូវភាពជោគជ័យនៃគម្រោង ហើយនៅពេលនោះហើយដែលអចលនទ្រព្យនោះអាចរក្សានូវតម្លៃរបស់ខ្លួនវា រួមទាំងតម្លៃហិរញ្ញវត្ថុរបស់វាក្នុងរយៈពេលយូរអង្វែង។