Hot line: +855 (0)99 283 388
● You are in: Media > Detail News
លោក​ឧកញ៉ា សៀ រិទ្ធី ៖ ខ្ញុំ​សំណូមពរ​ឲ្យ​អ្នក​នយោបាយ​គ្រប់​ភាគី​ទាំង​អស់​មាន​ភាព​អត់​ធ្មត់
Date: 2017-09-07

ជាមួយ​នឹង​ការ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ស្វាហាប់ ក្នុង​វិស័យ​អចលនទ្រព្យ​លោក​ឧកញ៉ា សៀ រិទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Group នៅ​តែ​មាន​សុទិដ្ឋិ​និយម​លើ​វិស័យ​នេះ និង​បាន​និង​កំពុង​ចាប់​ផ្តើម​គម្រោង​ជាច្រើន​ទៀត​។

ដើម្បី​ស្វែងយល់ ថា​តើ​លោក​មាន​គម្រោង​អ្វី​ថ្មី និង​មាន​ទស្សន​វិស័យ​យ៉ាង​ដូចម្តេច​ទាក់ទង​នឹង​វិស័យ​នេះ​ក្រោយ​សម្រាប់​ឆ្នាំ​បោះឆ្នោត​នា​ពេល​ខាង​មុខ លោក​ឧកញ៉ា សៀ រិ​ទ្ធី បាន​ជួប​ពិភាក្សា​ជាមួយ​លោក ស៊ីវ ម៉េង អ្នក​យក​ព័ត៌មាន​អចលនទ្រព្យ​នៃ​កាសែត​ភ្នំពេញ​ប៉ុស្ត៍ ដើម្បី​លើក​ឡើង​ពី​ការងារ​ដ៏​ច្រើន​របស់​លោក និង​ទស្សន​វិស័យ​នា​ពេល​អនាគត​។

តើ​រហូត​មក​ទល់​ពេល​នេះ គម្រោង​លំនៅឋាន​សាធារណៈ​លើក​ដំបូង​របស់​លោក​វិវឌ្ឍ​យ៉ាង​ដូច​ម្តេច​?

គម្រោង​លំនៅឋាន​សាធារណៈ​ដែល​មាន​តម្លៃ​ទាប និង​មធ្យម របស់​យើង បាន​និង​កំពុង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ប៉ុន្តែ​ដោយសារ​ភ្លៀង​ជោគជាំ​ពេក ធ្វើ​ឲ្យ​ការងារ​របស់​យើង​មាន​ភាព​យឺត​យ៉ាវ​។ ការ​សាង​សង់​របស់​យើង​នឹង​ចាប់​ផ្តើម​ចុង​ឆ្នាំ​នេះ​យ៉ាង​យូរ ប៉ុន្តែ​រយៈពេល​បញ្ចប់​ការ​សាង​សង់​នឹង​មិន​យឺតយ៉ាវ​ជាង​ផែនការ​ទេ ទោះ​ជា​ការ​ចាក់​ដី​យឺត​យ៉ាវ​បន្តិច​ក៏​ដោយ​។

ពេល​នេះ​សុំ​ឲ្យ​អតិថិជន​ដែល​បាន​ចាប់​អារម្មណ៍ និង​ចុះ​ឈ្មោះ​ក្នុង​ការ​ជាវ​លំនៅឋាន​នៅក្នុង​គម្រោង​នេះ កុំ​គិត​ថា​គម្រោង​នេះ​ មិន​ទៅ​មុខ​។ មាន​ការ​និយាយ​តាម​ហ្វេស​ប៊ុក​ច្រើន​ថា គម្រោង​នេះ​មិន​ទៅ​មុខ​ទេ តែ​ខ្ញុំ​ចង់​បញ្ជាក់​ថា ការគិត​បែប​នេះ​ខុស​ហើយ ព្រោះ​អ្វី​ខ្ញុំ​ធ្វើ​មិន​ដែល​ចេះ​បរាជ័យ​ទេ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ចេញ​ជា​លទ្ធផល គឺ​គ្រាន់​តែ​ថា ការ​ចាក់ដី​យឺត និង​កំពុង​​រង់ចាំ​ការងារ​ផ្លូវ​ច្បាប់​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​។ ការងារ​រដ្ឋាភិបាល​ទាក់ទិន និង​គោល​នយោបាយ​បាន​បញ្ចប់​ហើយ នៅ​រង់ចាំ​តែ​ដាក់​សុំ​ការ​អនុម័ត​ពី​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ប៉ុណ្ណោះ​។

តើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដែល​ផ្តល់​ការ​លើក​ទឹក​ចិត្ត លើ​ការ​អភិវឌ្ឍ​លំនៅឋាន​សាធារណៈ​មាន​លក្ខណៈ ដូច​ម្តេច ហើយ​លោក​ពេញ​ចិត្ត​ឬទេ​?

យើង​អរគុណ​រដ្ឋាភិបាល​ដែល​បាន​ឆ្លើយ​តប នឹង​សំណូមពរ​របស់​យើង ព្រោះ​តាម​ខ្ញុំ​ដឹង​តាម​រយៈ​សារព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​នឹង​ជួយ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ភ្ជាប់​គម្រោង​របស់​យើង ជួយ​ត​ភ្ជាប់​បណ្តាញ​ទឹក​ស្អាត និង​អគ្គិសនី និង​ការ​លើក​លែង​ពន្ធអាករ​ផ្សេងៗ​នៅ​ក្នុង​គម្រោង​លំនៅឋាន​សាធារណៈ​នេះ គឺជា​ការ​ជួយ​ច្រើន​មែន​ទែន​។ មាន​ន័យ​ថា រដ្ឋាភិបាល​ឆ្លើយតប​តាម​ការ​សំណូមពរ​របស់​យើង​។

តើ​គម្រោង​លំនៅឋាន​សាធារណៈ​នេះ​មាន​ទំហំ​ដី​ប៉ុន្មាន និង​មាន​លក្ខណៈ​យ៉ាង​ដូចម្តេច​?

គម្រោង​នេះ​ស្ថិត​នៅ​លើ​ផ្ទៃដី​២០​ហិកតា និង​មាន​ផ្ទះ​សរុប​ចំនួន​២៤០០​យូនីត និង​ធ្វើ​ឡើង​តែ​មួយ​ដំណាក់​កាល​ប៉ុណ្ណោះ។ ការ​លក់​នេះ​មិន​ទាន់​ចាប់​ផ្តើម​ទេ ប៉ុន្តែ​យើង​ជឿ​ជាក់​ថា ការលក់​គម្រោង​នេះ នឹង​ទទួល​បាន​ជោគជ័យ ព្រោះ​យើង​លក់​ក្នុង​តម្លៃ​សមរម្យ​ជូន​អតិថិជន អ្វី​សំខាន់​នា​ពេល​នេះ គឺ​បើ​រដ្ឋាភិបាល​លើក​លែង​ពន្ធ និង​ជួយ​តភ្ជាប់​បណ្តាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ យើង​នឹង​លក់​តាម​តម្លៃ​កំណត់ ប៉ុន្តែ​បើ​រដ្ឋាភិបាល​មិន​ជួយ​យើង​មិន​អាច​លក់​ក្នុង​តម្លៃ​ទាប​បាន​ទេ​។

ងាក​មក​វិស័យ​ខុនដូ​វិញ តើ​គម្រោង The Bridge មាន​លក្ខណៈ​ដូច​ម្តេច និង​បញ្ចប់​នៅ​ពេល​ណា​?

ក្នុង​គម្រោង​នេះ ផ្សារ​លក់​រាយ​របស់​យើង​នឹង​អាច​ដំណើរ​ការ​បាន​នៅ​ខែ​មេសា ឆ្នាំ​២០១៨​។ ខុន​ដូរ​បស់​យើង​បាន​ទទួល​ការ​ជាវ​អស់​១០០​ភាគរយ​រួច​ហើយ​។ អ្វី​កាន់​តែ​ពិសេស​នោះ គឺ​អតិថិជន​ជា​ជនជាតិ​ខ្មែរ​បាន​ស្នើ​សុំ​ចូល​រចនា​ផ្ទះ​របស់​ខ្លួន ប៉ុន្តែ​យើង​មិន​ទាន់​អនុញ្ញាត​ទេ ព្រោះ​វា​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​រៀបចំ​។

ចុះ​គម្រោង The PeAk ទទួល​ជោគ​ជ័យ​ក្នុង​ការ​លក់​ដែរ​ឬ​ទេ​? ហើយ​គម្រោង នេះ​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​គម្រោង The Bridge យ៉ាង​ដូច​ម្តេច?

បើ​និយាយ​តែ​ខុនដូ​ក្នុង​គម្រោង​នេះ​រហូត​មក​ទល់​ពេល​នេះ​យើង​លក់​បាន​៦៤​ភាគរយ​រួច​ហើយ ប៉ុន្តែ​ផ្នែក​ផ្សារ​ទំនើប​របស់​យើង​មិន​ទាន់​បើក​លក់​នៅ​ឡើយ​ទេ។ គម្រោង​នេះ​មាន​ផ្សារ​ទំនើប​កម្ពស់​៥​ជាន់ ហើយ​ផ្សារ​ទំនើប​នេះ​ជា​ផ្សារ​ដែល​បាន​ទិញ Franchise មកពី​បរទេស​។ គម្រោង​នេះ​ក៏មាន​សណ្ឋាគារ Shangri-La កម្រិត​ផ្កាយ​៥​ផង​ដែរ។ គម្រោង The Bridge មិន​មាន​សណ្ឋាគារ​ទេ តែ​មាន​ការិយាល័យ​តូចៗ ប៉ុន្តែ​គម្រោង The PeAk គឺមាន​សណ្ឋាគារ និង​មាន​ការ​រៀបចំ​ប្រណីត​ជាង​គម្រោង The Bridge។

ចំណែក​ផ្សារ​ទំនើប​កម្ពស់​៥​ជាន់​នៅ​ក្នុង​គម្រោង The Bridge គឺ​រៀបចំ​និង​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​វិនិយោគ​របស់​យើង​ផ្ទាល់​។

មាន​ផ្សារ​ទំនើប​ច្រើន​នៅ​កម្ពុជា តែ​អ្នក​មាន​ជីវភាព​ធូរធារ​នៅ​តែ​និយម​ទៅ​ទិញ​ទំនិញ​នៅ​បរទេស តើ​លោក​ឧកញ៉ា​គ្រោង​វិនិយោគ​ផ្នែក​ផ្សារ​ទំនើប​ខ្នាត​ធំ ដើម្បី​​កាត់​បន្ថយ​ការ​ទិញ​ទំនិញ​នៅ​បរទេស​ឬទេ​?

ទាក់ទង​នឹង​បញ្ហា​នេះ យើង​ត្រូវ​និយាយ​ពី​គោលការណ៍​ចំនួន​ពីរ ទី​១ និយាយ​ពី​ផលិតផល​ប្រណីត ដែល​មាន​យីហោ​ល្បី​ឈ្មោះ តែ​សម្រាប់​ស្រុក​ខ្មែរ​នា​ពេល​នេះ​មិន​ទាន់​ដល់​ពេល​ទេ ព្រោះ​បើ​និយាយ​ពី Luxury Brand គេ​និយាយ​ពី​ផ្នត់​គំនិត​របស់​ប្រជា​ពលរដ្ឋ​។ បើ​និយាយ​ពី​ជនជាតិ​ថៃ​វិញ ហេតុ​អ្វី​ថៃ​មិន​ទិញ​ផលិតផល​ប្រ៊េនៗ​នៅ​ក្នុង​ប្រទេស​របស់​គាត់ ហើយ​ហោះ​ទៅ​ទិញ​នៅ​ប៉ារីស? ដោយ​សារ​គាត់​យល់​ថា តម្លៃ​ថោក។ ក៏​ដូច​ជា​ជនជាតិ​ខ្មែរ ដែល​ធ្វើ​ដំណើរ​ទៅ​ទិញ​នៅ​ប្រទេស​ថៃ គឺ​មិន​មែន​តម្លៃ​ថោក​ជាង​នៅ​ខ្មែរ​ទេ តែ​ពួក​គេ​យល់​ថា ផលិតផល​នៅ​ទីនោះ​វា​សុទ្ធ​ជាង​។

អ្វីៗ​វា​ស្ថិត​នៅ​លើ​ផ្នត់​គំនិត ព្រោះ​មិន​មែន​ផលិតផល​ស្លាក​យីហោ​ល្បីៗ​នៅ​កម្ពុជា​មិន​សុទ្ធ​នោះ​ទេ តែ​វា​ស្ថិត​នៅ​លើ​អារម្មណ៍ ព្រោះ​បើ​អារម្មណ៍​វា​ទើស​ហើយ អ្វី​ក៏​ទើស​ដែរ​។ នៅ​វៀត​ណាម​ក៏​ដូច​គ្នា គឺ​មាន​គ្រប់​ផលិតផល​យីហោ​ល្បីៗ​ទាំង​អស់​តែ​វៀតណាម​មិន​ទិញ​ទេ ប៉ុន្តែ​អ្នក​នាំ​ចូល​ផលិតផល​ប្រ៊េន​ល្បីៗ​ពួក​គេ​មិន​ខ្វល់​ទេ ព្រោះ​អ្វី​សំខាន់ គឺ​ពួក​គេ​ពង្រីក​ការ​យល់​ដឹង​ពី​ផលិតផល​របស់​គេ ខាត​នៅ​ទីនេះ​ពួក​គេ​ចំណេញ​នៅ​ទីនោះ​។

បើ​និយាយ​ពី​ការ​ជួល ការ​លក់ និង​កម្លាំង​ទិញ​នៅ​កម្ពុជា​មាន​សភាព​ដូច​ម្តេច​?

បើ​និយាយ​ពី​កម្លាំង​ទិញ ការ​ជួល​នៅ​កម្ពុជា​មិន​ទាន់​ស័ក្តិសម​ទេ វា​ត្រូវ​ការ​ពេល​យ៉ាង​តិច ៥​ឆ្នាំ​ទៀត​។ វា​មិន​ទាន់​ស័ក្តិ​សម​នឹង​ការ​បោះ​ទុន​ទេ​។

ត្រឡប់​មក​និយាយ​ពី​ទីផ្សារ​ខុន​ដូ តើ​មាន​ការ​វិវឌ្ឍ​យ៉ាង​ដូច​ម្តេច​?

និយាយ​ពី​ខុន​ដូវា​ដូចជា​រឿង​ដដែលៗ តែ​អ្វី​ដែល​ត្រូវ​និយាយ​គឺ​ពីមុន​ស្រុក​ខ្មែរ​មិន​មាន​ខុន​ដូ​ទេ តែ​ដល់ពេល​មាន​ច្រើន ក៏​នាំគ្នា​ភ័យ​ថា វា​លើស​តម្រូវការ​។ ចំណុច​នេះ ហេតុ​អ្វី​យើង​មិន​និយាយ​ពី​តម្រូវ​ការ​របស់​អ្នក​ទិញ​ផង​? អ្នកទិញ​ស្រុក​ខ្មែរ​មាន​​ពីរ​គឺ​ទិញ​ខុន​ដូ និង​ទិញ​លំនៅឋាន​នៅ​តាម​បុរី ប៉ុន្តែ​អ្នក​លក់​ខុនដូ​មាន​អតិថិជន​ច្រើន មាន​អ្នក​ទិញ​នៅ​ខ្មែរ​​ផង និង​​នៅ​បរទេស​ផង​។

បើ​ពិនិត្យ​មើល​ពេល​បច្ចុប្បន្ន គឺ​មាន​ការ​សាងសង់​ខុន​ដូ​ច្រើន​មែន តែ​ការ​សាង​សង់​ខុនដូ​មិន​មែន​សាង​សង់​១​ឆ្នាំ​បាន​ទេ យ៉ាង​តិច​ក៏​ត្រូវ​ចំណាយ​២​ឆ្នាំ​កន្លះ​ដែរ ដូច្នេះ​តម្រូវ​ការ និង​ការ​ប្រគល់​ខុន​ដូ​ដល់​អតិថិជន​រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​លើស​តម្រូវ​ការ​ទេ​។

តើ​អ្នក​វិនិយោគ​ថ្មីៗ​គួរ​ចាប់​ផ្តើម​វិនិយោគ​លើ​វិស័យ​នេះ​បន្ត​ឬ​រង់ចាំ​មើល​សិន​?

អ្នក​វិនិយោគ​ក៏​គួរ​គិត​គូរ ព្រោះ​ធម្មតា​ការ​ផ្គត់ផ្គង់​មាន​ច្រើន​។ អ្នក​ទិញ​ក៏​មាន​ជម្រើស​ច្រើន​ដែល​មាន​ន័យ​ថា ពួក​គេ​នឹង​ពិចារណា​លើ​គម្រោង​ផ្សេងៗ​ថា មាន​តម្លៃ​យ៉ាង​ដូច​ម្តេច​ទីតាំង​យ៉ាង​ដូច​ម្តេច។ ដូច្នេះ​បើ​អ្នក​មិន​ឆ្លាត អ្នក​នឹង​ជួប​បញ្ហា​។ ខ្ញុំ​មិន​និយាយ​ជា​ទូទៅ​ទេ តែ​ត្រូវ​គិត​ថា ដើម្បី​លក់​ផលិតផល​របស់​ខ្លួន​បាន តើ​ត្រូវ​គិត​ពី​កត្តា​អ្វីខ្លះ​? ខ្ញុំ​មិន​ដឹង​គេ​គិត​យ៉ាង​ណា​ទេ ពេល​ពួក​គេ​សាងសង់​ខុនដូ​នៅ​ទីតាំង​មិនល្អ ប៉ុន្តែ​គម្រោង​របស់​ខ្ញុំ​ដែល​ផ្តោត​លើ​ទីតាំង​ល្អវា​ដាច់​ខាត​ត្រូវ​តែ​ជោគ​ជ័យ​។

ឥឡូវ​មាន​អ្នក​សុំ​ចូល​ដេគ័រ​ខុនដូ​ក្នុង​អគារ The Bridge ប៉ុន្តែ​មិន​ទាន់​ដល់​ពេល​ទេ​។ ពួក​គាត់​ចង់​ស្នាក់​នៅ​ខុនដូ​ចង់​ភ្លក្ស​អ្វី​ដែល​ថ្មី និង​ចង់​ស្នាក់​នៅ​ព្រោះ ពួក​គេ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ដោយ​សារ​ការ​កកស្ទះ​ចរាចរណ៍​។ ហេតុ​នេះ​ពួក​គេ​អាច​មក​ស្នាក់​នៅ​ខុនដូ​ច្រើន និង​ញុំា​បាយ​នៅ​ខុន​ដូ​របស់​ខ្លួន​។

មាន​ការ​សាងសង់​ខុនដូ​កាន់​តែច្រើ​ន និង​រីក​ទៅ​តំបន់​ជាយក្រុង តើ​លោក​ឧកញ៉ា​មាន​ដំបូន្មាន​យ៉ាង​ដូច​ម្តេច​?

អ្នក​ទិញ​ខុនដូ​ភាគ​ច្រើន​ជា​មនុស្ស​មាន​ភាព​ស៊ី​វិល័យ ជា​អ្នក​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​បរទេស ព្រោះ​ទិញ​ខុន​ដូ​មិន​មែន​ទិញ​គ្រែ​ទេ មិន​មែន​ទិញ​កន្លែង​ដេក​តែ​មួយ​មុខ​ទេ​។ ការ​ទិញ​ខុន​ដូ​គឺ​ទិញ Lifestyle តើ​ខុនដូ​នោះ​ផ្តល់​អ្វីៗ​ងាយ​ស្រួល​សម្រាប់​ការ​រស់​នៅ​យ៉ាង​ដូចម្តេច​? មាន​សេវាកម្ម​អ្វីខ្លះ​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​គាត់ គឺ​យើង​មាន​ផ្តល់​ជូន​ផ្សារ​ទំនើប គ្លីនិក សាលារៀន ហាង​កាហ្វេ ការិយាល័យ​មេធាវី​ជាដើម​។

បើ​សាងសង់​តែ​កន្លែង​ស្នាក់​នៅ គ្មាន​អ្នក​ណា​ស្នាក់​នៅ​ទេ​។ ហេតុ​នេះ​បើ​គាត់​មាន​ដី​ទំហំ​២០​គុណ​៣០​ម៉ែត្រ​ហើយ​ចង់​សាងសង់​ខុន​ដូ សូម​ពិចារណា​ឡើង​វិញ។ ខ្ញុំ​មិន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ធ្វើ​ទេ​។ វា​ជា​ចរន្ត​លើ​ពិភពលោក កុំ​ថា តែ​ស្រុក​ខ្មែរ គឺ​នៅ​ស្រុក​គេ​សុទ្ឋ​តែ​ផ្តោត​លើ​គម្រោង​អភិវឌ្ឍន៍​ដែល​មាន​ភាព​ចម្រុះ​។

និយាយ​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​វិញ វិស័យ​ឯកជន​ហាក់​ដើរ​មុន​រដ្ឋាភិបាល​លើ​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា តើ​លោក​ឧកញ៉ា​លើក​ឡើង​ដូច​ម្តេច​?

ធម្មតា​រវាង​អ្នក​ផ្គត់ផ្គង់ និង​អ្នក​អនុវត្តន៍​តែង​តែ​បែប​នេះ នៅ​ប្រទេស​ណា​ក៏​ដោយ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ផ្តោត​លើ​ប្លង់​មេ​។ នៅ​ពេល​រដ្ឋាភិបាល​រៀបចំ​គម្រោង​ប្លង់​មេ អាជ្ញាធរ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ត្រូវ​អនុវត្ត​តាម​គម្រោង​ប្លង់​មេ​មិន​មែន​ធ្វើតាម​គំនិត​ខ្លួន​ឯង​នោះ​ទេ​។ បច្ចុប្បន្ន​មិន​ទាន់​មាន​ការ​កំណត់​ថា តំបន់​ណា​មួយ​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​។

នា​ពេល​ថ្មីៗ​នេះ កម្ដៅ​នយោបាយ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ និង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ តើ​នឹង​ប៉ះពាល់​វិស័យ​អចលនទ្រព្យ​ដែរ​ឬ​ទេ​?

ខ្ញុំ​មិន​មែន​ជា​អ្នក​នយោបាយ​ទេ​តែ​ខ្ញុំ​សំណូមពរ​ឲ្យ​អ្នក​នយោបាយ​គ្រប់​ភាគី​ទាំង​អស់​មាន​ភាព​អត់ធ្មត់​។ ខ្ញុំ​សង្ឃឹម​ថា ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ព្រោះ​យើង​អ្នក​រក​ស៊ី​ត្រូវ​ការ​ស្ថិរភាព​នយោបាយ ប៉ុន្តែ​ជា​ផ្នត់​គំនិត​របស់​ប្រជាជន ប្រជាជន​ខ្មែរ​យើង​តែង​តែ​បារម្ភ ប៉ុន្តែ​សម្រាប់​ខ្ញុំ​មាន​ការ​ជឿ​ជាក់​ថា នឹង​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​។ អ្នក​វិនិយោគ​គេ​ដឹង​ច្បាស់​គ្រាន់​តែ​គេ​មិន​និយាយ​ចេញ ព្រោះ​បើ​អ្នក​វិនិយោគ​ដែល​ពូកែ គឺជា​អ្នក​ពូកែ​ឆក់​ឱកាស​។ បើ​អ្នក​ណា​មិន​ហ៊ាន និង​អ្នក​ណា​ហ៊ាន ​អ្នក​ហ៊ាន​គឺជា​អ្នក​ជោគជ័យ។

សម្រាប់​រូប​ខ្ញុំ​នៅ​ពេល​គេ​មិន​ទិញ​ដី ខ្ញុំ​ទិញ​នៅ​ពេល​គេ​មិន​អភិវឌ្ឍ​ ខ្ញុំ​អភិវឌ្ឍ។ បើ​ប៉ះ​អារម្មណ៍​ប៉ះ​ទៅ​សំខាន់​ពេល​សាង​សង់​ខុន​ដូ យើង​មិន​សាងសង់​មួយ​ឆ្នាំ​ឯណា​សំខាន់​យើង​រៀបចំ​ខ្លួន​បាន​រួច​រាល់ ឬ​នៅ? ព្រោះ​បើ​គេ​ចាប់​ផ្តើម​វិនិយោគ ទើប​យើង​ចាប់​ផ្តើម យើង​បរាជ័យ ព្រោះ​យើង​ដើរ​ក្រោយ​គេ​ទៅ​ហើយ​។

បច្ចុប្បន្ន​អ្នក​វិនិយោគ​ចិន​បាន​ឈាន​ជើង​ មក​ដល់​កម្ពុជា​កាន់​តែ​ច្រើន តើ​លោក ឧកញ៉ា​ យល់​ឃើញ​យ៉ាង​ដូច​ម្តេច​?

សម្រាប់​អ្នក​អភិវឌ្ឍន៍ ចិន​ចូល​មក​រដ្ឋាភិបាល​ស្វាគមន៍​ហើយ មិន​ប្រកាន់​ពូជ​សាសន៍ យក​តែ​អ្នក​វិនិយោគ​ប្រទេស​នេះ ឬ​ប្រទេស​នោះ​ទេ​។ ហេតុ​អី​បាន​ចិន​ចូល​មក​ច្រើន ព្រោះ​អី​? ព្រោះ​ពួក​គេ​មើល​ឃើញ​ថា កម្ពុជា​មាន​សក្តានុពល​។ ក្នុង​តំបន់​អាស៊ាន​មាន​តែ​សាំង​ហ្កា​ពួរ​មួយ​ទេ ដែល​បាន​ដើរ​លឿន​ជាង​គេ ក្រៅ​ពី​សាំងហ្កាពួរ ស្រុក​ខ្មែរ គឺជា​កន្លែង​ដែល​គួរ​វិនិយោគ​ច្រើន​ជាង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​នេះ​។

ហេតុ​អី​បានជា​ដូច្នេះ គឺ​ក្របខ័ណ្ឌ​ច្បាប់​មាន​ភាព​បើកចំហ​ជាងគេ តម្លៃ​នៃ​ការចំណាយ​ជារួម​ទាប​ជាងគេ ជា​ភូមិ​សាស្ត្រ​នៃ​ការ​ដឹក​ជញ្ជូន​ល្អ​ជាង​ប្រទេស​ជិត​ខាង ទោះជា​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​ថ្លៃ តែ​ចម្ងាយ​ផ្លូវ​ជិត និង​កត្តា​មួយ​ទៀត គឺ​ប្រទេស​កម្ពុជា​ប្រើប្រាស់​ប្រាក់​ដុល្លារ ព្រោះ​អ្នក​វិនិយោគ​ត្រូវ​ការ​រូបិយប័ណ្ណ​តែ​មួយ​ទេ គឺ​ដុល្លារ​៕

Source From: http://www.postkhmer.com
Share
Our Partners