ក្រុមហ៊ុនអចលនទ្រព្យ OrangeTee និង Edmund Tie & Company កំពុងចូលរួមសហការគ្នាក្នុងការវិនិយោគរួមថ្មីមួយ ដែលពួកគេសង្ឃឹមថា នឹងតាំងខ្លួនជាកំផែងការពារប្រឆាំងនឹងការរំខានផ្នែកបច្ចេកវិទ្យា និងការកើនឡើងនៃដៃគូប្រកួតប្រជែង។
ក្រុមហ៊ុន OrangeTee & Tie(JV) ដែលជាឈ្មោះនៃក្រុមហ៊ុនរួមទុនជាមួយគ្នានេះ នឹងរួមបញ្ចូលសាខាទីភ្នាក់ងាររបស់ក្រុមហ៊ុន OrangeTee ដែលមានភ្នាក់ងារចំនួន២,៩៣៨ និងភ្នាក់ងារ ១,១២២ របស់សាខាទីភ្នាក់ងារ Property Network របស់ក្រុមហ៊ុន Edmund Tie & Company។
បើយោងតាមសម្តីរបស់ក្រុមហ៊ុនទាំងពីរនេះនៅក្នុងកិច្ចប្រជុំរួមមួយនៅសណ្ឋាគារ Amara កាលពីម្សិលមិញការច្របាច់បញ្ចូលគ្នានេះ នឹងត្រូវបានបញ្ចប់នៅថ្ងៃសុក្រ ហើយក្រុមហ៊ុនថ្មីនេះនឹងចាប់ផ្តើមដំណើរការពេញលេញនៅថ្ងៃទី ១ ខែមករា ដែលនឹងធ្វើឲ្យក្រុមហ៊ុនមួយនេះក្លាយជាទីភ្នាក់ងារអចលនទ្រព្យធំជាងគេទីបីរបស់ប្រទេសសិង្ហបុរី។
ការបោះជំហាននេះធ្វើឡើងបន្ទាប់ពីការរួមបញ្ចូលគ្នានៅក្នុងខែមិថុនា នៃក្រុមហ៊ុន PropNex Realty និងភ្នាក់ងាររបស់ Dennis Wee Group ដោយការរួមបញ្ចូលនេះបង្កើតបានជាទីភ្នាក់ងារធំបំផុតដែលមានភ្នាក់ងារជិត ៧,០០០ក្រុមហ៊ុន នាំមុខក្រុមហ៊ុន Era Realty ដែលមានភ្នាក់ងារប្រហែលជា៦,២០០ក្រុមហ៊ុន។
លោក Steven Tan នាយកគ្រប់គ្រងនៃក្រុមហ៊ុន OrangeTee បានថ្លែងថា៖ «វិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចទ្រង់ទ្រាយធំ កំពុងតែឆ្លងកាត់ដំណាក់កាលផ្លាស់ប្តូររចនាសម្ព័ន្ធ»។ ការធ្វើឌីជីថលកម្ម និងវប្បធម៌ចែករំលែកការកាន់កាប់សេដ្ឋកិច្ច ធ្វើឲ្យមានការរំខានដល់បែបបទធ្វើពាណិជ្ជកម្មតាមប្រពៃណីហើយទីផ្សារបានឆ្លើយតបការផ្លាស់ប្តូរនេះដោយការបញ្ចូលគ្នា និងការធ្វើសនិទានកម្ម»។
លោកបានកត់សម្គាល់ថា ជំនួញអចលនទ្រព្យប្រពៃណីនៅតែពឹងផ្អែកលើសេវាកម្មក្រៅប្រព័ន្ធអ៊ីនធឺណិត ហើយដោយមានអ្នកប្រឡូកផ្នែកបច្ចេកវិទ្យានៅក្នុងទីផ្សារនេះចូលមកកាន់តែច្រើន តួនាទីមួយចំនួនអាចនឹងក្លាយជាអត់ប្រយោជន៍លុះត្រាតែក្រុមហ៊ុនអចលនទ្រព្យព្យាយាមអភិវឌ្ឍតាមសម័យកាល។
លោក Tan បន្ថែមថា ឧទាហរណ៍ក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យកំពុងព្យាយាមកាត់បន្ថយ «អន្តរកម្មផ្ទាល់ជាមួយអតិថិជន» ដូច្នេះគេសង្កេតឃើញថា មានភាពរួសរាន់មួយក្នុងការធានាថាភ្នាក់ងារត្រៀមខ្លួនបានត្រឹមត្រូវសម្រាប់ការផ្លាស់ប្តូរបែបនេះ។
ផលបត្ររួមបញ្ចូលគ្នាមានន័យថា OrangeTee & Tie មានគម្រោងលំនៅឋានចំនួនជាង៥០គម្រោងនៅលើដៃស្រាប់ដូចជា Corals នៅ Keppel Bay បាននិងកំពុងតែធ្វើការយ៉ាងហោចណាស់ក៏លើគម្រោងចំនួន៤ ដែល នឹងចាប់ផ្តើមដំណើរការនាពេលខាងមុខនេះរួមមានទាំង South Beach Residences ផងដែរ។ ពួកគេក៏នឹងមានកម្មវិធីបណ្តុះបណ្តាលក្នុងក្រុមហ៊ុនជាង៥០ ដែលមានរយៈពេលជាង១,៤០០ ម៉ោងក្នុងមួយឆ្នាំ សម្រាប់ភ្នាក់ងារ។ ចំនួនទឹកប្រាក់ដែលក្រុមហ៊ុននីមួយៗកំពុងវិនិយោគក្នុងការបណ្តាក់ទុនរួមគ្នា និងថាតើភាគហ៊ុនរបស់ពួកគេមានចំនួនប៉ុន្មានត្រូវបានទុកជាការសម្ងាត់។
ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Edmund Tie & Company Property Network គឺក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអចលនទ្រព្យពេញសេវាដែលមានបទពិសោធនៅក្នុងការផ្សព្វផ្សាយទីផ្សារឲ្យគម្រោងផ្សេងៗ និងផ្តល់សេវាកម្មមួយចំនួនទៀត។ OrangeTee ចាត់ទុកខ្លួនថាជាសហគ្រាសអចលនទ្រព្យហើយកំពុងតែផ្តោតទៅលើការប្រើប្រាស់បច្ចេកវិទ្យា។
One initiative គឺជាច្រកផ្លូវមួយសម្រាប់ការចុះបញ្ជីអចលនទ្រព្យថ្មីៗ។ ពូកគេ (One Initiative) ក៏កំពុងធ្វើការលើវេទិកាឌីជីថលដែលត្រូវបានគេស្គាល់ថា Property Agents Review ដែលនឹងធ្វើបញ្ជីរាយឈ្មោះភ្នាក់ងាររបស់អតិថិជន“list agents' ដើម្បីវាយតម្លៃនិងផ្តល់ការឆ្លើយតប។
ផែនការដែលបានគ្រោងទុក គឺតម្រូវឲ្យភ្នាក់ងាររបស់ OrangeTee & Tie ទាញយកបច្ចេកវិទ្យាបែបនេះនិងទទួលបានឧបករណ៍ល្អៗ រួមទាំងលទ្ធភាពទទួលបានការស្រាវជ្រាវស៊ីជម្រៅដែលក្រុមហ៊ុនមេទាំងពីរបានផ្តល់ជូនក៏ដូចជាអ្វីៗផ្សេងទៀតជាច្រើន។
ទន្ទឹមនឹងនេះដែរលោក Ismail Gafoor នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PropNex បានប្រកាសកាលពីថ្ងៃម្សិលមិញនូវផែនការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលដែលមានទឹកប្រាក់ចំនួន $៥លាន ហើយដែលក្នុងនោះរួមមានកម្មវិធីជាច្រើន សម្រាប់អ្នកលក់ថ្មី និងចាស់។
លោកបាននិយាយថា ៖ «ខ្ញុំជឿជាក់ថា ទីផ្សារសព្វថ្ងៃនេះល្អបំផុតអាចអនុញ្ញាតឲ្យមានភ្នាក់ងារធំៗ ចំនួន៤ ប៉ុណ្ណោះ ដែល អាចប្រតិបត្តិការបានដោយជោគជ័យ។ ក្នុងរយៈពេលបន្ទាប់ពីនោះទៀតមានតែភ្នាក់ងារពីរទេដែលនឹង គ្រប់គ្រងឧស្សាហកម្មនេះ»។
ខណៈពេលនេះ ទីផ្សារអចលនទ្រព្យ ដែលមានការប្រកួតប្រជែងខ្ពស់ ត្រូវបានគេសង្កេតឃើញថាមានសញ្ញានៃការរីកចម្រើនឡើងវិញ។ នាយកប្រតិបត្តិក្រុមហ៊ុន Edmund Tie & Company លោកស្រី Ong Choon Fah បាននិយាយថា វេទិកាបច្ចេកវិទ្យានិងឧបករណ៍សម្រាប់ភ្នាក់ងារ គឺជាគន្លឹះនៃការត្រួតពិនិត្យបុគ្គលិកនាពេលអនាគត។
លោកស្រីបានកត់សម្គាល់ថា ៖ «អ្នកដែលមានការចាប់អារម្មណ៍ចង់យកអចលនទ្រព្យ និងការលក់ជាអាជីពនឹងមានការស្វិតស្វាញខ្ពស់ក្នុងការអភិវឌ្ឍខ្លួនឲ្យទៅជាទីប្រឹក្សា ដូច្នេះពួកគេលែងគ្រាន់តែជាឈ្មួញជើងសាសុទ្ធសាធ ដែលទិញលក់ និងជួលអចលនទ្រព្យនោះទេ។ ឥឡូវនេះ គឺមានវេទិកាពិភាក្សារវាងអ្នកធ្វើការក្នុងវិស័យដូចគ្នាច្រើន (Peer-to-peer platforms) និងវេទិកាដែលបច្ចេកវិទ្យាអាចកាត់បន្ថយចំនួនឈ្មួញកណ្តាល ដូច្នេះយើងចាំបាច់ត្រូវកែច្នៃ ខ្លួនឯងឡើងវិញ បើមិនដូច្នោះទេ យើងនឹងចុះតាមផ្លូវរបស់ Kodak»៕