Hot line: +855 (0)99 283 388
● You are in: Media > Detail News
ទីផ្សារអាផាតមិន ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង
Date: 2017-07-22

ភ្នំពេញៈ ទីផ្សារអាផាតមិន បាននិងកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង ដោយសារតែការកើនឡើងនូវការផ្គត់ផ្គង់ បើទោះបីជាតម្រូវការមានការកើនឡើងក៏ដោយ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA ដែលបានវិនិយោគលើអគារអាផាតមិនចំនួន1កន្លែងនៅតំបន់បឹងត្របែកបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី21 កក្កដានេះថា ទីផ្សារអាផាតមិនបានស្ថិតក្នុងសភាពទ្រឹង ដោយសារតែមានការប្រកួតប្រជែងកើនឡើង ព្រោះមានការផ្គត់ផ្គង់កាន់តែច្រើននៅក្នុងទីផ្សារបើទោះជាតម្រូវការជួលក៏មានកំណើនដែរក៏ដោយ ប៉ុន្តែនិន្នាការទីផ្សារបានផ្លាស់ប្តូរ ដោយសារខុនដូសម្រាប់ប្រជាជនមានជីវភាពមធ្យមបានផ្តល់ការបង់រំលស់ត្រឹមមួយខែពី 400ទៅ 500ដុល្លារ ដែលបានធ្វើឲ្យអ្នកជួលអាផាតមិនក្នុងតម្លៃប្រហាក់ប្រហែលគ្នានេះងាកមកសម្រេចចិត្តទិញខុនដូបង់រំលស់ជំនួសវិញ។

លោកបន្តថា “ទោះជាមានការប្រកួតប្រជែងខ្លាំងក្តី ក៏ប៉ុន្តែតម្លៃជួលអាផាតមិនមិនទាន់ធ្លាក់ចុះនៅឡើយទេ ដោយសារអ្នកជួលអាផាតមិនមានជម្រើសកាន់តែច្រើនដើម្បីជ្រើសរើសទីតាំងនៅជិតកន្លែងធ្វើការរបស់ពួកគេ”។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងស្រដៀងគ្នាថា ទីផ្សារអាផាតមិនពិតជាមានការប្រកួតប្រជែងខ្ពស់ ដោយសារចំនួនយូនីតថ្មីៗដែលដាក់ចូលទីផ្សារបានកើនឡើងខ្ពស់ ស្របពេលចំនួនខុនដូបញ្ចប់ការសាងសង់ក៏បានកើនឡើងព្រមគ្នាផងដែរ។លោកបន្តថា តាមការព្យាកររហូតដល់ដំណាច់ឆ្នាំនេះនឹងមានអាផាតមិនចន្លោះពី7,000ទៅ8,000យូនីតត្រូវបានដាក់ចូលទីផ្សារ ដែលចំនួននេះមានភាពប្រហាក់ប្រហែលគ្នានឹងចំនួនខុនដូផងដែរ។

លោកបន្តថា “បច្ចុប្បន្នខ្ញុំសង្កេតឃើញទីផ្សារអាផាតមិនមិនទាន់ប្រឈមបញ្ហាធ្ងន់ធ្ងរទេ ប៉ុន្តែរយៈពេល2ទៅ3ឆ្នាំខាងមុខ តម្លៃអាផាតមិននឹងធ្លាក់ចុះ ព្រោះចរន្តនៃការប្រកួតប្រជែងកាន់តែលំបាក”៕

Source From: http://www.lareine.com.kh/news/article/7210
Share
Our Partners