រាជធានីភ្នំពេញ ៖ ព្រលានយន្តហោះអន្តរជាតិកងកេង ស្ថិតនៅខេត្តព្រះសីហនុ កំពុងតែមានសកម្មភាពខ្លាំងឡើងៗ តាមរយៈការភ្ជាប់ជើងហោះហើរពីក្រុមហ៊ុនអាកាសចរណ៍នានា។ សកម្មភាពដ៏មមាញឹកនេះបានធ្វើឲ្យក្រុមហ៊ុនវិនិយោគព្រលានយន្តហោះនេះកំពុងពង្រីកបន្ថែមនូវទំហំ និងផ្លូវរត់របស់ខ្លួនឲ្យមានវិសាលភាពកាន់តែធំជាងមុន ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៤ កញ្ញា ថា បច្ចុប្បន្ន ព្រលានយន្តហោះនេះកំពុងពង្រីកបន្ថែម ដោយពង្រីកទំហំកន្លែងសម្រាប់អ្នកដំណើរធំជាងមុន៣ដង និងទំហំព្រលានជាក់ស្តែងធំជាងមុន៨០% ធៀបនឹងទំហំបច្ចុប្បន្ន ។ ការពង្រីកព្រលាននេះបានចាប់ផ្តើមហើយ និងគ្រោងបញ្ចប់ក្នុងរយៈពេល៦ខែ ។
លោកបន្តថា ៖« ការពង្រីកនេះ នឹងធ្វើឲ្យសមត្ថភាពព្រលានអាចចុះចតយន្តហោះប្រភេទ៤C ដែលជាយន្តហោះខ្នាតមធ្យម ព្រោះផ្លូវរត់របស់យន្តហោះ បានពង្រីកពីទំហំ២.៣០០ ដល់ប្រវែង២.៥០០ម៉ែត្រ » ។
ព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននេះ ទទួលការចុះចតយន្តហោះពីក្រុមហ៊ុនអាកាសចរណ៍នានាចំនួន៥២លើកក្នុង១សប្ដាហ៍ ក្នុងនោះមានជើងហោះហើរមកពីក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ដូចជា Air Asia, Bayon Air, JC Airline, Sky Angkor និង Basaka Airline ។
លោក ស៊ិន ចាន់សិរីវុត្ថា បានបន្ដថា ៖«ការមកដល់នៃជើងហោះហើរកាន់តែច្រើននេះ ដោយសារខេត្តព្រះសីហនុបានក្លាយជាខេត្តដែលមានសក្ដានុពលសេដ្ឋកិច្ចទី២ បន្ទាប់ពីទីក្រុងភ្នំពេញ, មានការកើនឡើងនូវតំបន់សេដ្ឋកិច្ចឧស្សាហកម្ម, ការផ្សព្វផ្សាយទូលំទូលាយពីទេសចរណ៍ខេត្ត និងចំណាប់អារម្មណ៍ចូលរួមសហការពីក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀតនាពេលខាងមុខ » ។
លោកបណ្ឌិត សុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានអភិវឌ្ឍន៍ធនធានកម្ពុជា (CDRI) បានថ្លែងថា នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលបានដាក់ខេត្តនេះជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មពិសេស ដែលបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេស២ឬ៣ កំពុងកំណើរការ ហើយប្រសិនជាវិស័យឧស្សាហកម្មដំណើរការល្អ នឹងផ្តល់ផលចំណូលដល់សេដ្ឋកិច្ចជាតិច្រើន ព្រោះក្រៅពីជាតំបន់ឆ្នេរទាក់ទាញទេសចរណ៍ ខេត្តព្រះសីហនុ ក៏មានកំពង់ផែអន្តរជាតិក្នុងបរិបទផ្លូវសូត្រ ផ្លូវមួយ ខ្សែក្រវាត់មួយ គឺឆ្ពោះមកតំបន់នេះ ព្រោះគេមើលតំបន់នេះមានកំពង់ផែអន្តរជាតិ ។
លោកបន្តថា ៖« ខ្ញុំគិតថា មិនដល់រយៈពេល១០ឆ្នាំទេ ខេត្តព្រះសីហនុនឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី២បន្ទាប់ពីក្រុងភ្នំពេញ គឺនៅរយៈពេល៥ទៅ៦ឆ្នាំទៀតប៉ុណ្ណោះ » ។ លោកបន្តថា ៖« យើងមិនអាចប្រៀបធៀបខេត្តសៀមរាប និងក្រុងព្រះសីហនុទេ វាប្រៀបដូចជាធៀបចេក និងឪឡឹក » ។
លោក ហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ខេត្តព្រះសីហនុ ពិតជាមានភាពរីកចម្រើន ដោយសាររាជរដ្ឋាភិបាលបានរៀបចំពង្រីកហេដ្ឋារចនាសម្ព័ន្ធនានា ការកើនឡើងនូវចំនួនវិនិយោគិន ជាពិសេស បន្ទាប់ពីឆ្នេរសមុទ្រកម្ពុជាបានជាប់ជាសមាជិកក្លិបឆ្នេរស្អាតជាងគេលើពិភពលោក បានធ្វើឲ្យខេត្តនេះទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន ប៉ុន្តែទន្ទឹមនឹងការរីកចម្រើននេះ បញ្ហាប្រឈមជាច្រើនបានកើតមានផងដែរ ដូចជា ការបង្ហូរកាកសំណល់ទឹកសម្អុយចូលក្នុងសមុទ្រ ដែលទាមទារឲ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចូលរួមសហការ ដើម្បីធ្វើឲ្យការអភិវឌ្ឍខេត្តនេះដំណើរការរីកចម្រើនប្រកបដោយនិរន្តរភាព ។
លោកបន្តថា ៖« បញ្ហាអនាម័យ និងបរិស្ថានជាបញ្ហាក្តៅ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បំផុត ដើម្បីកុំឲ្យការទៅដល់របស់ភ្ញៀវជាការបំផ្លាញ ដែលវានឹងអាចធ្វើឲ្យបាត់បង់ចំណូលទាំងអស់គ្នា ប្រសិនជាយើងមិនយកចិត្តទុកដាក់ » ។ លោកបន្តថា ៖« ឧទាហរណ៍ជាក់ស្តែង នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នៅពេលមានសណ្ឋាគារកើនឡើងចំនួន២ម៉ឺនបន្ទប់ ការបំពុលបរិស្ថានកាន់តែធ្ងន់ធ្ងរ » ។
យោងតាមមន្ត្រីអាកាសចរណ៍ស៊ីវិលនៃ ព្រលានយន្តហោះអន្តរជាតិកងកេងបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ ជើងហោះហើរដែលបានចុះចតមានចំនួនជាង២ពាន់ជើង និងមានភ្ញៀវទេសចរចំនួនប្រមាណ១៣ម៉ឺននាក់ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ភ្ញៀវទេសចរធ្វើដំណើរតាមយន្តហោះមកកាន់ខេត្តនេះកើនឡើង១០០% ។
ការកើនឡើងនេះដោយសារកម្ពុជាមានសុខសន្តិភាព សុវត្ថិភាព ធ្វើឲ្យភ្ញៀវទេសចរមាន ទំនុកចិត្តមកលេងកម្សាន្តខេត្តតំបន់ឆ្នេរសមុទ្រមួយនេះ ។ ម្យ៉ាងទៀត ខេត្តព្រះសីហនុ មានសក្តានុពលជាច្រើន ដូចជា តំបន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឆ្នេរខ្សាច់សស្អាតពីធម្មជាតិ ព្រៃ កោងកាង តំបន់កោះទាំង៣២ និងជីវចម្រុះបាតសមុទ្រ ដែលត្រូវបានអភិវឌ្ឍន៍ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ។
តាមរបាយការណ៍ក្រសួងទេសចរណ៍ រយៈពេល៦ខែដើមឆ្នាំ២០១៧ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជាមានចំនួនជាង២,៦លាននាក់ កើនឡើងជិត១៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ក្នុងនោះតាមផ្លូវអាកាសចំនួនជាង១,៦លាននាក់ ។ ចំណែកតំបន់ឆ្នេរសមុទ្រទទួលបានទេសចរអន្តរជាតិចំនួន៤០៣.៩៧៦នាក់ កើនឡើង១៣,១% ៕