ជាមួយនឹងការងារដែលមានប្រាក់ចំណូលដ៏តិចតួច ប៉ុន្តែប្រហែលមានការងារឈឺក្បាលជាច្រើន ក្នុងនាមជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានធ្វើកិច្ចការជាច្រើនដើម្បីនាំយកទីផ្សារអចលនទ្រព្យកម្ពុជាចូលទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានជួបជាមួយលោក ស៊ីវ ម៉េង អ្នកយកព័ត៌មានផ្នែកអចលនទ្រព្យនៃកាសែតភ្នំពេញប៉ុស្តិ៍អចលនទ្រព្យ ដើម្បីលើកឡើងពីបញ្ហាប្រឈមមួយចំនួនក្នុងវិស័យអចលនទ្រព្យ និងចក្ខុវិស័យរបស់សមាគមនេះនាពេលអនាគត។
បញ្ហាក្រុមហ៊ុនគ្មានអាជ្ញាប័ណ្ណ កំពុងក្លាយជារឿងស្មុគស្មាញដែលត្រូវដោះស្រាយពីសំណាក់រដ្ឋាភិបាល ដើម្បីបញ្ចៀសហានិភ័យសម្រាប់ប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅពេលអនាគត។
មានព័ត៌មានជាច្រើន បានលើកឡើងពីក្រុមហ៊ុនគ្មានអាជ្ញាប័ណ្ណក្នុងវិស័យអចលនទ្រព្យនេះ តើអ្វីជាបញ្ហានៅពីក្រោយរឿងទាំងនេះ?
ក្រុមហ៊ុនមានអាជ្ញាប័ណ្ណដែលខ្ញុំចង់បញ្ជាក់នាពេលនេះ គឺក្រុមហ៊ុនដែលមានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម មានទីស្នាក់ការការិយាល័យ និងមានបុគ្គលិកធ្វើការងារត្រឹមត្រូវច្បាស់លាស់ ទើបហៅក្រុមហ៊ុន។
ប៉ុន្តែសម្រាប់ក្រុមហ៊ុនអចលនទ្រព្យនានា ទាល់តែគាត់ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មច្បាស់លាស់ហើយ និងត្រូវសុំអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច គឺអាជ្ញាប័ណ្ណទិញលក់ជួល អាជ្ញាប័ណ្ណវាយតម្លៃ និងអាជ្ញាប័ណ្ណអភិវឌ្ឍន៍ (ផ្នែកអចលនទ្រព្យ)។
ក្រុមហ៊ុនណាមួយអាចទទួលបានអាជ្ញាប័ណ្ណមួយ ក្នុងចំណោមអាជ្ញាប័ណ្ណទាំងនេះ ទើបចាត់ចូលជាក្រុមហ៊ុនអចលនទ្រព្យស្របច្បាប់ត្រឹមត្រូវ។
អ្វីដែលខ្ញុំឃើញនាបច្ចុប្បន្ន គឺក្រុមហ៊ុនមួយចំនួនមិនបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ហើយលើកស្លាកដាក់ជាក្រុមហ៊ុន។
តាមមើលទៅក្រុមហ៊ុនបែបនេះហាក់ចង់បោកគេតែម្តង។ ជាបញ្ហាគួរឲ្យពិចារណា និងត្រូវគិតឡើងវិញ។ ក៏មានក្រុមហ៊ុនមួយចំនួនបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ហើយបានលើកស្លាកត្រឹមត្រូវថា ជាក្រុមហ៊ុនរកស៊ីផ្នែកដីធ្លី ប៉ុន្តែពេលឆែកនៅក្រសួងសេដ្ឋកិច្ច ពួកគេមិនបានចុះបញ្ជីនោះទេ។
លោកគិតថា មានភាពចាំបាច់ទេ ដែលក្រុមហ៊ុនមួយត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មផង និងនៅតាមក្រសួងមួយចំនួនទៀត?
ខ្ញុំមិននិយាយលម្អិតទេ ប៉ុន្តែនៅពេលអ្នកណាចង់រកស៊ីត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ជាមជ្ឈមណ្ឌលកណ្តាលមួយ ប៉ុន្តែពេលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មហើយ គាត់ចង់រកស៊ីលើផ្នែកអ្វី គឺត្រូវចុះនៅតាមក្រសួងជំនាញពាក់ព័ន្ឋ ឧទាហរណ៍គាត់រកស៊ីផ្នែកទេសចរណ៍ ត្រូវចុះបញ្ជីនៅក្រសួងទេសចរណ៍ ចង់រកស៊ីខាងដីធ្លី ត្រូវសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម។
នៅពេលក្រុមហ៊ុនណាមួយរកស៊ីផ្នែកដីធ្លី តែមិនបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច តើវាមានហានិភ័យយ៉ាងដូចម្តេច?
ពិតជាគ្រោះថ្នាក់ណាស់ បើក្រុមហ៊ុនណាមួយចុះបញ្ជីតែនៅក្រសួងពាណិជ្ជកម្ម ឬមិនបានចុះបញ្ជីនៅក្រសួងណាមួយនោះ។
នៅពេលពួកគេរត់ចោល ឬបោកប្រាស់អតិថិជន ប្រជាពលរដ្ឋនឹងគិតថា ក្រុមហ៊ុនអចលនទ្រព្យសុទ្ឋតែបែបហ្នឹង គឺដូចសុភាសិតមួយលើកឡើងថា ត្រីមួយកន្ត្រកស្អុយមួយ ស្អុយទាំងអស់។
ក្រុមហ៊ុនខ្លះមានតែអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្មទេ តែបានសាងសង់បុរី ឬខុនដូ ដែលជាការខុសឆ្គង ព្រោះបើចង់សាងសង់បុរី ឬខុនដូ គាត់ត្រូវសុំអាជ្ញាប័ណ្ណមួយចំនួនទៀត ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គម្រោងខ្លះបានប្រកាសលក់ហើយ តែគ្មានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចទេ។ តើច្បាប់នៅឯណា? បើចេះតែលក់ៗបែបនេះ? បើជាសំណាងល្អគាត់លក់បានជោគជ័យមិនអីទេ ប៉ុន្តែប្រសិនជាជាប់គាំងដោយសារកត្តាអ្វីមួយ តើអ្នកណាជាអ្នករងគ្រោះ? គម្រោងបែបនេះមានចំនួនច្រើនគួរសម ខ្ញុំមិនច្បាស់ទេ ប៉ុន្តែបើចង់ដឹងថា ក្រុមហ៊ុនណាមានចុះបញ្ជីឬអត់ អាចសួរព័ត៌មាននៅក្រសួងពាណិជ្ជកម្ម បើចង់ដឹងថាបុរី ឬខុនដូណាខ្លះមានអាជ្ញាប័ណ្ណឬអត់ អាចសួរនៅនាយកដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តើប្រជាជនអាចសាកសួរដោយរបៀបណា?
បើពិបាក ប្រជាពលរដ្ឋអាចសាកសួរមកកាន់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យ សមាគមនឹងសាកសួរ ហើយផ្តល់ព័ត៌មានជូនដោយឥតគិតថ្លៃ។ ប្រជាពលរដ្ឋអាចសាកសួរមកសមាគមតាមរយៈលេខទូរស័ព្ទសមាគម០២៣ ៦៣ ២៤ ៨៣៤។
បច្ចុប្បន្នការពុះដីឡូត៍លក់មានការកើនឡើងយ៉ាងផុសផុល តើអតិថិជនគួរពិនិត្យមើលដូចម្តេចខ្លះដើម្បីបញ្ចៀសហានិភ័យ?
ដីឡូត៍នៅពេលមិនទាន់មានរឿង ម្នាក់ៗសប្បាយ តែនៅពេលមានបញ្ហារកអ្នកទទួលខុសត្រូវគ្មាននោះទេ។ ហេតុនេះមុនទិញសូមប្រជាពលរដ្ឋទិញពីម្ចាស់ប័ណ្ណពិតប្រាកដ ព្រោះពេលថ្មីៗនេះមានគម្រោងមួយចំនួន ដែលអ្នកខ្លះទិញដីគេ ១០ហិកតា ក្នុងតម្លៃ៥ដុល្លារមួយម៉ែត្រការ៉េ។ អ្នកទិញដីឡូត៍ពុះលក់ខ្លះ សុំកក់ម្ចាស់ដីតែ ១ម៉ឺនដុល្លារ បន្ទាប់មកក៏សុំឈូសឆាយដី ហើយលើកស្លាកលក់ដី ប្រមូលលុយបានមួយចំនួន ក៏បានរត់ចោលគម្រោងរបស់ខ្លួន។ អញ្ចឹងបញ្ហានៅសល់គឺម្ចាស់ដី។ ករណីនេះធ្លាប់កើតមានរួចមកហើយ។
ហេតុនេះសូមទិញពីម្ចាស់ប័ណ្ណកម្មសិទ្ធិពិតប្រាកដ ប៉ុន្តែបើមិនប្រាកដក្នុងចិត្តសូមសួរមេភូមិ មេឃុំ ឬចៅសង្កាត់ ឬការិយាល័យសុរិយោដីមូលដ្ឋាន។ បើយើងសួរគេប្រាប់ហើយ កុំឲ្យដូចពាក្យគេលើកឡើង គោបាត់ហើយទើបធ្វើរបង ព្រោះបើយើងមើលជាទូទៅបច្ចុប្បន្ននេះទាល់តែមានរឿងហើយទើបនាំគ្នាដោះស្រាយ។ ហេតុអ្វីមិនព្រមការពារកុំឲ្យមានរឿងជាមុន?
ងាកមកមើលវិស័យអចលនទ្រព្យកម្ពុជានាពេលនេះ តើស្ថានភាពអចលនទ្រព្យជាទូទៅមានសភាពយ៉ាងដូចម្តេចឆ្នាំនេះ?
ស្ថានភាពអចលនទ្រព្យឆ្នាំនេះ មិនមានបញ្ហានោះទេ ប៉ុន្តែយើងឃើញមានអ្នកដាក់លក់ច្រើនជាងអ្នកទិញ ហើយចលនានៃការទិញលក់នៅតែមានសភាពដូចធម្មតា ប៉ុន្តែបញ្ហាតម្លៃកំពុងចោទ ព្រោះអ្នកលក់អាចទារប៉ុន្មានក៏បានដែរ តែវាក៏ធ្វើឲ្យពួកគេលក់កន្លះឆ្នាំ ឬមួយឆ្នាំមិនដាច់។ លក់យ៉ាងម៉េចដាច់ បើគាត់លក់លើសហាងឆេងទីផ្សារពាក់កណ្តាល ឬមួយគុណនឹងពីរឯណោះ។
ស្ថានភាពបច្ចុប្បន្នអ្នកទិញគឺជាស្តេច ព្រោះអ្នកលក់១០នាក់ មានអ្នកទិញតែម្នាក់ទេ ឬមានអ្នកទិញម្នាក់ក្នុងចំណោមអ្នកលក់១០០នាក់ ហេតុនេះអ្នកទិញមានជម្រើសច្រើន។
តើមានបញ្ហាអ្វីរវាងភ្នាក់ងារអចលនវត្ថុនានា ដែលកំពុងធ្វើអាជីវកម្មហាក់ដូចមិនសូវស៊ីចង្វាក់គ្នា?
មានបញ្ហាមួយកើតឡើង គឺវិស័យដីធ្លីកំពុងបំពុលដោយអ្នកកំពុងធ្វើការងារក្នុងវិស័យនេះ អ្នកខ្លះដើរតួជាភ្ញៀវយកព័ត៌មានពីក្រុមហ៊ុនផ្សេង ហើយបំប៉ោងព័ត៌មាន។ ខ្ញុំធ្លាប់ស្នើឲ្យរាល់ការទិញលក់ដីធ្លី ទាល់តែមានវាយត្រារបស់ក្រុមហ៊ុនអចលនទ្រព្យមួយមក ដើម្បីដឹងថាតម្លៃអចលនទ្រព្យនោះមានតម្លៃប៉ុន្មានពិតប្រាកដ អ្នកណាជាម្ចាស់ពិតប្រាកដ?។ ខ្ញុំធ្លាប់ស្នើហើយ តែគេមិនធ្វើ តើយើងធ្វើដូចម្តេច?
តើអំឡុងឆ្នាំ២០១៨ ស្ថានភាពអចលនទ្រព្យអាចមានអ្វីគួរឲ្យបារម្ភឬទេ?
ឆ្នាំ២០១៨ មិនមានអ្វីគួរឲ្យបារម្ភនោះទេ ប៉ុន្តែតម្លៃដីធ្លីមិនកើនឡើងនោះទេ ហើយវាស្ថិតក្នុងសភាពទ្រឹង។ ជាពេលដែលមានអ្នកដាក់លក់ច្រើន ជាងអ្នកទិញ ហើយចាប់ពីឆ្នាំនេះទៅ មិនសូវមានគម្រោងថ្មីកើតមាននោះទេ តែមានតែការសាងសង់គម្រោងធំៗដែលមិនទាន់សាងសង់បញ្ចប់។
ស្ថានភាពពេលនេះ តម្លៃបានឡើងខ្ពស់ចាល់នៅក្នុងទីផ្សារ។ បច្ចុប្បន្នអ្នកចង់ទិញ គឺទិញមិនបាន ដោយសារតម្លៃខ្ពស់ពេក។ ករណីខ្លះម្ចាស់អចលនទ្រព្យដាក់លក់ មានអ្នកទៅសួររហូតដល់ ១០០ នាក់ តែជាង ៩០ នាក់ជាអ្នកគួកជេ ហើយនៅពេលមានគេទៅសួរច្រើនបែបនេះ ម្ចាស់អចលនទ្រព្យទាំងនោះបានទារឡើងថ្លៃខ្ពស់ ដោយសារគិតថាអចលនទ្រព្យរបស់ខ្លួនល្អ ក៏ចេះតែទារឡើងថ្លៃ។ ក្នុងស្ថានភាពដូច្នេះ អ្នកលក់ក៏លក់មិនចេញ អ្នកទិញក៏ទិញមិនបាន។
តើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរធ្វើដូចម្តេចដើម្បីបញ្ចៀសហានិភ័យក្នុងវិស័យនេះ?
ខ្ញុំធ្លាប់ស្នើទៅក្រសួង សុំឲ្យបង្កើតច្បាប់មួយ ដើម្បីកំណត់រាល់ការទិញលក់ ត្រូវដាក់ស្លាករបស់ក្រុមហ៊ុនអចលនទ្រព្យ ដែលមានជំនាញច្បាស់លាស់ធ្វើការវាយតម្លៃឲ្យបានត្រឹមត្រូវ ដើម្បីធ្វើឲ្យប្រាកដថា អចលនទ្រព្យនៅទីតាំងណាមួយមានតម្លៃប៉ុន្មាន? សមស្របតាមស្ថានភាពទីផ្សារពិតប្រាកដ។ ការអនុវត្តបែបនេះកុំឲ្យម្ចាស់អចលនទ្រព្យដាក់តម្លៃតាមការចង់បាន។ ខ្ញុំធ្លាប់ស្នើទៅក្រសួងច្រើនដងហើយ តែមិនមានការឆ្លើយតប។
ងាកមកការងារសមាគមនាពេលថ្មីៗនេះ មានការលេចឮថាលោកនឹងបើកសាលាបង្រៀនជំនាញផ្នែកអចលនទ្រព្យ?
នៅថ្ងៃសុក្រចុងសប្តាហ៍នេះ យើងនឹងប្រជុំជាមួយសមាជិកសមាគម ដើម្បីពិភាក្សាពីការបង្កើតសាលានេះ ព្រោះការងារនេះមិនមែនធ្វើមួយថ្ងៃបាននោះទេ។
ឥឡូវយើងបានចុះ MoU ជាមួយសមាគមអចលនទ្រព្យម៉ាឡេស៊ីរួចហើយ។ សំណួរនៅទីនេះថា តើយើងមានលុយពីណាបើកសាលានេះ? ហើយបើកដើម្បីអ្វី?
ប្រធានសមាគមមុនៗចង់បើកសាលា តែចង់យកលុយខ្លួនឯងទៅបើក គឺសុទ្ធតែបរាជ័យ ដោយសារក្រុមហ៊ុនសមាជិកមិនបញ្ជូនបុគ្គលិកទៅរៀននោះទេ។
ហេតុនេះគម្រោងសាលាដែលបើកដំណើរការបាន គឺជាសាលារបស់សមាជិកសមាគមទាំងអស់គ្នា ដែលមានជាង ១០០ក្រុមហ៊ុន ហេតុនេះបើក្រុមហ៊ុនមួយបោះទុន១០០០ដុល្លារ យើងអាចបើកសាលាបានហើយ។ វានឹងជាសាលារបស់អ្នកទាំងអស់គ្នា មិនមែនរបស់បុគ្គលណាម្នាក់នោះទេ៕