អ្នកធ្វើដំណើរឆ្លងកាត់ស្តុបត្រង់ចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស និងវិថីព្រះសីហនុនោះពួកគេតែងចោលភ្នែកសម្លឹងមើលអគារ Gold Tower42 ដែលនៅតែឈរយ៉ាងស្ងៀមស្ងាត់ មិនមានសកម្មភាពសាងសង់អ្វីឡើយ។
លោកស្រី គង់ ម៉ាលីន រស់នៅសង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញតែងតែសម្លឹងមើល អគារ Gold Tower42 ដែលបានជាប់គាំងតាំងពីអំឡុងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុឆ្នាំ២០០៨ ។
ប្រសិនជាសាងសង់បញ្ចប់ Gold Tower42 ជាអគារដ៏ស្រស់ស្អាតជាងគេមួយ និងខ្ពស់ជាងគេមួយ និងជាគម្រោង ធំជាងគេមួយសម្រាប់រយៈពេលមុននោះ គឺប្រសិនជាគម្រោងនេះបញ្ចប់ការសាងសង់តាមកាលវិភាគរបស់ខ្លួន។
លោកស្រី ម៉ាលីន បាននិយាយ ថា ៖ «ខ្ញុំមិនដឹងពីមូលហេតុពិតប្រាកដនៃការផ្អាកការសាងសង់អគារនេះទេ ប៉ុន្តែខ្ញុំចង់ឲ្យអគារនេះដំណើរការឡើងវិញមិនចង់ឲ្យគេទុកចោលបែបនេះទេ»។
លោកស្រីបន្តថា ៖ «វាមិនមែនជារូបភាពអាក្រក់ ឬប៉ះពាល់វិស័យនេះនោះទេ ព្រោះបច្ចុប្បន្នមានគម្រោងអគារកប់ពពកជាច្រើនបានលេចឡើងនៅក្រុងភ្នំពេញ»។
ទោះបីជាគម្រោងវិនិយោគអគារ Gold Tower42 បានជាប់គាំង និងធ្វើឲ្យប៉ះពាល់ទំនុកចិត្តមួយផ្នែកពីអតិថិជនក្តី ប៉ុន្តែគម្រោងអចលនទ្រព្យដែលវិនិយោគដោយជនជាតិកូរ៉េធំៗពីរទៀត គឺ BOOYOUNG TOWN និងគម្រោងទីក្រុងរណប CAMKO CITY មិនដេកលក់ដូចគម្រោង Gold Tower42 នោះទេ ព្រោះបច្ចុប្បន្ននេះគម្រោងអចលនទ្រព្យដ៏ធំ គឺ BOOYOUNG TOWN បាននិងកំពុងសាងសង់យ៉ាងសកម្ម និងត្រៀមបញ្ចប់គម្រោងរបស់ខ្លួនដំណាក់កាលទី១ នៅឆ្នាំ២០១៩ខាងមុខ។
ថ្នាក់ដឹកនាំក្រុមហ៊ុន BOOYOUNG TOWN ប្រចាំកម្ពុជា មួយរូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុនបានបញ្ចប់ការជីកដី និងគ្រឹះនៃអគារចំនួន៤នៅក្នុងគម្រោងនេះចាប់តាំងពីខែធ្នូ ឆ្នាំមុន និងបាននិងកំពុងសាងសង់យ៉ាងសកម្មនាពេលនេះ គឺអគារខុនដូ និងផ្សារទំនើបកម្ពស់ ២៣ជាន់ចំនួន៤អគារដែលមានផ្ទះសរុបចំនួន ១ ៤៧៤ យូនីត។
គម្រោងដំណាក់កាលទី១នេះ គ្រោងចំណាយទឹកប្រាក់ ១៦០ លានដុល្លារអាមេរិកនៃគម្រោងវិនិយោគ ១ ០០០ លានដុល្លារអាមេរិកសម្រាប់គម្រោងនេះទាំងមូល។
ផ្សារទំនើបនៅក្នុងគម្រោងនេះមានចំនួន៣ជាន់ និងទំហំ ៤៧,០០០ ម៉ែត្រការ៉េ ដែលផ្សារទំនើបនេះផ្តោតលើសេវាកម្មចម្រុះទាំងហាងលក់ទំនិញមជ្ឈមណ្ឌលវប្បធម៌ ការកម្សាន្ត មន្ទីរពេទ្យ សាលារៀន និងហាងថែរក្សាសម្ឆស្សជាដើម។
ថ្នាក់ដឹកនាំក្រុមហ៊ុនដដែលរូបនោះបានបន្តថា ៖ «ខុនដូនៅក្នុង គម្រោងនេះ យើងផ្តោតការចាប់យកអតិថិជនជាប្រជាជនខ្មែរសុទ្ឋសាធ ហើយតម្លៃផ្ទះរបស់យើងកំពុងស្ថិតក្នុងការពិចារណាយ៉ាងប្រុងប្រយ័ត្ន»។ លោកបន្តថា ៖ «ការប្រកាសលក់ផ្ទះក្នុងគម្រោងនេះ អាចធ្វើឡើងបន្ទាប់ពីបញ្ចប់ការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ ខាងមុខ»។
គម្រោង BOOYOUNG TOWN ស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ គម្រោងនេះប្រៀបដូចជាទីក្រុងរណបមួយ ដែលមានផ្ទៃដី២៣,៥ហិកតា។
ជាមួយគ្នានេះ ទីក្រុងរណប CAMKOCITY ក៏បានចាប់ផ្តើមកម្រើកខ្លួនឡើងវិញផងដែរ ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុន World CITY ដែលជាក្រុមហ៊ុនវិនិយោគ ទីក្រុងរណបដំបូងគេនៅក្រុងភ្នំពេញបានចាប់ផ្តើមសកម្មភាពជាថ្មី។
លោក ខេង សែ ប្រធានគ្រប់គ្រងគម្រោង និងនិតិកម្មនៃក្រុមហ៊ុន World City បានថ្លែងថា កាលពីខែមិថុនាពាក់កណ្តាលឆ្នាំនេះ ក្រុមហ៊ុនបានចាប់ផ្តើមសាងសង់បន្តអគារចំនួនពីរ ក្នុងចំណោមអគារខុនដូចំនួន ៧ ដែលមិនទាន់បានសាងសង់បញ្ចប់។ គម្រោងនេះនឹងគ្រោងបញ្ចប់អគារទាំងពីរនេះនៅខែមីនា ឆ្នាំ ២០១៨ ខាងមុខនេះ។ អគារចំនួនពីរនេះមានផ្ទះសរុបចំនួន ៧៩ យូនីត។
លោកបន្តថា ៖ «ក្នុងពេលជាមួយគ្នានេះក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាជាមួយដៃគូផ្សេងទៀតនៅប្រទេសកូរ៉េ ដើម្បីចាប់ផ្តើមសាងសង់គម្រោង ផ្សេងៗទៀតក្នុងទីក្រុងរណបនេះ»។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងថា ប្រសិនជាម្ចាស់គម្រោង Gold Tower 42 អាចបញ្ជាក់ពីព័ត៌មានពីការវិវឌ្ឍនៃអគារនេះជាការល្អ ដើម្បីយើងអាចដឹងថា គម្រោងនេះមានការវិវឌ្ឍយ៉ាងដូចម្តេច។
លោកបន្តដោយប្រយ័ត្នប្រយែងថា ៖ «ការធ្វើឲ្យបាត់ទំនុកចិត្ត ឬមិនបាត់ មិនដឹងត្រូវនិយាយបែបណាឡើយ»។
លោក សុខនីម បានបន្តថា ៖ «ធម្មតាអ្នកវិនិយោគកូរ៉េ ជាអ្នក វិនិយោគទី១ ដែលពួកគេចូលមកធ្វើឲ្យទីផ្សារមានការរីកចម្រើន បន្ទាប់មកពួកគេចាកចេញទៅវិញ ក្រោយ ពេលទទួលបានផលចំណេញរួច»។
នាយិកាគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia អ្នកនាង អាន សុធីតា បានថ្លែងថា គម្រោងវិនិយោគអ្វីមួយជាប់គាំង ឬមិនដំណើរការមិនមែនមកពីជន ជាតិណានោះទេ គឺគម្រោងវិនិយោគរបស់ជនជាតិណាក៏ដោយ ពេលមានបញ្ហាអ្វីមួយតែងតែពន្យា ពេលសាងសង់ជារឿងធម្មតា។
អ្នកនាងបន្តថា៖ «អ្វីសំខាន់ គឺយុទ្ឋសាស្ត្ររបស់អ្នកវិនិយោគមានភាពខុសៗគ្នាអ្នកវិនិយោគខ្លះចូលមកទិញដីទុក អ្នកខ្លះចូលមកអភិវឌ្ឍ»។
អ្នកនាងបន្ថែមថា ៖ «អ្វីៗវាអាស្រ័យលើអ្នកវិនិយោគខ្លួនឯងថា មានប្រវត្តិបែបណា មានមូលធនថវិកាគ្រប់គ្រាន់ឬអត់ប៉ុណ្ណោះ»។
អ្នកនាងធីតាបានបន្ថែមថា ៖«ខ្ញុំគិតថា ការជាប់គាំងគម្រោងនេះ វាមិនមែនជាការធ្វើឲ្យបាត់ទំនុកចិត្តលើទីផ្សារនោះទេ»។
អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានបដិសេធមិនអត្ថាធិប្បាយ ដោយប្រាប់ថាជាប់រវល់ប្រជុំ។
លោកស្រី គង់ ម៉ាលីន បានបន្ថែមថា ៖ «យើងរីករាយនូវការមកដល់របស់អ្នកវិនិយោគពីបរទេសដែលបាននិងកំពុងធ្វើឲ្យមុខ មាត់ទីក្រុងភ្នំពេញផ្លាស់ប្តូរ ប៉ុន្តែក្រុមហ៊ុនវិនិយោគនានាក៏គួរតែគិតពីមុខមាត់ខ្លួនឯងផងដែរ»៕