ការរៀបចំស្តង់ដាររចនាសម្ព័ន្ធនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសជាបញ្ហាមួយដែលសំខាន់ និងជាកតិ្តយសរបស់ប្រទេសជាតិជាពិសេសការរៀបចំស្តង់ដារសហគមន៍ទេសចរណ៍ក្នុងការធ្វើឲ្យប្រសើរឡើងនូវគុណភាព និងការសហប្រតិបត្តិការក្នុងប្រទេសនីមួយៗនៅក្នុងតំបន់អាស៊ាន។
ភូមិមួយដ៏គួរឱ្យទាក់ទាញនៃ Koh Klang នៅភាគខាងត្បូងនៃប្រទេសថៃ គឺជាកន្លែងលម្ហែកាយ ដែលកំពុងធ្វើការកែលម្អជីវភាពរស់នៅរបស់អ្នកស្រុកតាមរយៈទេសចរណ៍តាមសហគមន៍។
ការជិះទូកលម្ហែតាមបែបប្រពៃណីដែលបានបង្កើតដោយប្រជាជនរស់នៅទីនោះតាមរយៈកំពង់ផែ Chao Fa នៅក្បែរនោះតែរយៈពេលប្រហែល១០នាទីប៉ុណ្ណោះ។ ភ្ញៀវទេសចរអាចរីករាយកម្សាន្តជាមួយទេសភាពនៅជុំវិញតំបន់ Koh Klang ដែលជាសហគមន៍មួយក្នុងចំណោមសហគមន៍ទាំង១៥ ទាំងនៅដីគោក និងនៅលើកោះ។
នៅតំបន់ Koh Klang និងតំបន់២ទៀតដែលនៅលើកោះដែរនោះ មានប្រជាពលរដ្ឋសរុបចំនួន ៥ពាន់នាក់ ដែលកំពុងរស់នៅ និងប្រកបអាជីវកម្មធ្វើស្រែចម្ការ រត់ទូក និងលក់ម្ហួបអាហារតាមភោជនីដ្ឋានតាមលំនាំប្រពៃណីរបស់ពួកគេជាដើម។
ធ្វើដំណើរជុំវិញកោះនេះជាមួយត្រីចក្រយានរបស់អ្នកស្រុកដើម្បីភ្លក្សអាហារម្ហូបអាហារសមុទ្រក្នុងស្រុកស្រស់ៗ ឬរៀនពីរបៀបដើម្បីធ្វើនំនៅតាមផ្ទះប្រជាសហគមន៍អាចជារឿងមួយប្លែកសម្រាប់ភ្ញៀវទេសចរ។
អ្នកស្រី សុផា (Sopha Koh Klang) អាយុ៤៥ឆ្នាំ ជាតំណាងសហគមន៍ម្នាក់ដែលគ្រប់គ្រងការអភិវឌ្ឍទេសចរណ៍ នៅតាមសហគមន៍នៅកោះ Koh Klang នៅក្នុងខេត្ត Krabi បានឱ្យដឹងថា នៅទីនេះមានសហគមន៍ចំនួន១៥ ដែលស្ថិតនៅក្រោមការគាំទ្រពីគម្រោងទេសចរណ៍សហគមន៍ (CBT) នៅក្រសួងទេសចរណ៍ របស់ប្រទេសថៃ។
ក្រៅពីការរក្សាទុកនូវវប្បធម៌ប្រពៃណីក្នុងតំបន់ដូចជាការត្បាញក្រណាត់ និងធ្វើទូក អ្នកស្រី សុផាបានប្រាប់ថា ភ្ញៀវទេសចរនឹងមើលឃើញពីរបៀបដែលប្រជាជននៅតែមានរបៀបរស់នៅតាមមូលដ្ឋានដែលខុសគ្នាពីទីក្រុងដូចជាផ្ទះនៅតាមភូមិ ការស្នាក់នៅតាមផ្ទះសហគមន៍ ជិះម៉ូតូកង់បីដើម្បីមើលសត្វ និង របៀបរស់នៅតាមបែបប្រពៃណីតែមួយគត់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម័យបច្ចុប្បន្ន។
អ្នកស្រីបន្តថាការអភិវឌ្ឍបែបនេះនឹងរួម ចំណែកលើកកម្ពស់ដល់ការរស់នៅតាម បែបប្រពៃណីដល់មនុស្សជំនាន់ក្រោយ។
សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ជាគម្រោងដែលត្រូវបានធ្វើការអភិវឌ្ឍពីក្រសួងទេសចរណ៍ អង្គការនានា និងក្រុមសហគ្រិននៃប្រទេសនីមួយៗក្នុងការរៀបចំសំណង់អចលនទ្រព្យ ដូចជា សំណង់លំនៅឋានរបស់ប្រជាជន សំណង់លំនៅឋានសម្រាប់ភ្ញៀវទេសចរស្នាក់នៅ និងសំណង់ភោជនីយដ្ឋានជាដើម។
លោក Paramatta Chuaykarn ម្ចាស់ផ្ទះសហគមន៍ «Kidthung Cottage» បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «យើងបានបើកដំណើរការផ្ទះស្នាក់នៅសម្រាប់ភ្ញៀវទេសចរបែបនេះត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ដោយឆ្នាំដំបូងគឺការសិក្សា ហើយឆ្នាំទី២ បានបើកដំណើរជាផ្លូវការ។ យើងមានភ្ញៀវជាក្រុមៗជារៀងរាល់សប្តាហ៍ដែលពួកគេស្រឡាញ់ និងចង់ស្វែងយល់ពីបទពិសោធក្នុងស្រុករបស់យើងនៅក្នុងសហគមន៍»។
លោកបានប្រាប់ថា ការអភិវឌ្ឍលើការស្នាក់នៅតាមផ្ទះមាន ៣ប្រភេទ គឺផ្ទះសំណាក់ ដោយស្នាក់នៅជាមួយអ្នកភូមិ ប្រភេទបាងហ្គាឡូ ដែលសង់ជាខ្ទមថ្មីសម្រាប់ភ្ញៀវ និងផ្ទះដែលមានការតុបតែងរចនាលម្អដោយភ្ញៀវស្នាក់នៅជាមួយម្ចាស់ផ្ទះ។
លោកបានបន្តថា បន្ទាប់ពីការអភិវឌ្ឍនៃវិស័យទេសចរណ៍បានមកដល់ភូមិ Koh Klang អ្វីៗត្រូវបាន ផ្លាស់ប្តូរដោយសារតែការអភិវឌ្ឍលំនៅឋាន ភោជនីយដ្ឋាន និងរចនាសម្ព័ន្ធផ្លូវថ្នល់របស់សហគមន៍មានលក្ខណៈល្អប្រសើរជាងមុន។
លោកបានបន្ថែមថា ៖ «ខ្ញុំមើលឃើញថា ការទាក់ទាញនៅទីនេះគឺជាអ្វីដែលយើងមានរួចហើយ ហើយខ្ញុំរំពឹងថា អ្នកភូមិអាចរក្សារបៀបរស់នៅផ្ទាល់ខ្លួនរបស់យើងនៅពេលដែលការអភិវឌ្ឍ និងការវិនិយោគបែបនេះបានដើរទន្ទឹមគ្នា»។
យោងតាមអគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ប៊ូ ចន្ទសេរី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កម្ពុជាបានចាប់ផ្តើមវិស័យអេកូទេសចរណ៍តាមសហគមន៍ជាច្រើនឆ្នាំមកហើយ។ ឧទាហរណ៍មួយនៃសហគមន៍អេកូទេសចរណ៍ គឺតំបន់ចំបក់ជាសហគមន៍មួយដែលមានភូមិចំនួន៩ភូមិនៅជុំវិញនោះ។
លោកថា ៖ «ក្រសួងទេសចរណ៍ និងអង្គការមួយចំនួនបានរៀបចំគម្រោងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ក្នុងការអភិវឌ្ឍជាមួយសហគមន៍មូលដ្ឋានចំនួន ៥៦ នាពេលថ្មីៗនេះ»។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីសាស្ត្រាចារ្យ Chavanee Tongroach អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានធ្វើជាអធិបតីក្នុងការបើកដំណើរការកម្មវិធីរបស់ Asean Travel Journo Camp នៅទីក្រុងបាងកក បានមានប្រសាសន៍ថា ៖ «ខ្ញុំគិតថា សហគមន៍អាស៊ានមានទំនាក់ទំនងល្អជាមួយគ្នា ហើយគ្រប់ប្រទេសទាំងអស់គួរតែមានស្តង់ដារអភិវឌ្ឍន៍តំបន់ទេសចរណ៍ដើម្បីបំពេញតាមស្តង់ដារ និងគុណភាពដើម្បីធ្វើការរួមគ្នាក្នុងការអភិវឌ្ឍលើវិស័យជាច្រើន»។
កញ្ញា Pansita Sasirawuth មន្ត្រីផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមសហគ្រិន Local Alike នៃប្រទេសថៃ បានឲ្យដឹងថា ប្រជាជនដែលរស់នៅ Koh Klang ធ្លាប់មានកម្មវិធីទេសចរណ៍តាំងពី៤ឆ្នាំមុន។ ដូច្នេះ ពួកគាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយពីការអភិវឌ្ឍសហគមន៍បែបនេះ។
កញ្ញាបន្តថា៖ «ការបង្កើតរួមគ្នា» អាចជាចម្លើយពីបទពិសោធរបស់យើងពីព្រោះ អ្នកធ្វើដំណើរទេសចរណ៍ ជាកត្តាជំរុញដ៏សំខាន់ដែលធ្វើឱ្យសហគមន៍មានការលូតលាស់អភិវឌ្ឍន៍ទេសចរណ៍កាន់តែប្រសើរឡើង។
កញ្ញា Pansita បានបន្ថែមថា ៖ «យើងចង់ឃើញពួកគេពង្រឹងសមត្ថភាពទេសចរណ៍ ហើយពួកគេអាចគ្រប់គ្រងសហគមន៍ និងភូមិស្ថានរបស់ពួកគេឱ្យមាននិរន្តរភាព»៕
កញ្ញា មួង វណ្ឌី អ្នកយកព័ត៌មាននេះ បានធ្វើដំណើរទៅប្រទេសថៃដើម្បីចូលរួមក្នុងកម្មវិធី ASEAN Travel Journo Campដែលបានរៀបចំដោយសមាគមអ្នកកាសែតប្រទេសថៃ និង AirAsia ប្រទេសថៃ។