ក្រុមហ៊ុនអចលនទ្រព្យពីប្រទេសជប៉ុន សិង្ហបុរី ហុងកុង និងចិនដីគោកបានពង្រីកទុនវិនិយោគរបស់ខ្លួនមកក្នុងទីផ្សារអចលនទ្រព្យប្រទេសថៃ ដោយផ្តោតលើគម្រោងខុនដូ នៅតាមទីតាំងក្បែរៗហេដ្ឋារចនាសម្ព័ន្ធមធ្យោបាយធ្វើដំណើរសំខាន់ៗដែលអ្នកធ្វើដំណើរត្រូវការស្នាក់អាស្រ័យ។
ការវិនិយោគទាំងនេះកំពុងតែកើតមានឡើងស្របពេលដែលរដ្ឋាភិបាលថៃគ្រោងនឹងពង្រីកគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលនឹងមានតម្លៃរាប់ពាន់លានកោដិបាតក្នុងរយៈពេល៥ឆ្នាំទៀត។
បើយោងតាមលោក Toshiyuki Hoshino នាយកប្រតិបត្តិជាន់ខ្ពស់ និងនាយកប្រតិបត្តិគ្រប់គ្រងទូទៅនៃការិយាល័យកណ្តាល International Business Headquarters របស់ក្រុមហ៊ុន Tokyu Corp បានឲ្យដឹងថា៖ «ប្រទេសថៃមានគម្រោង ដែលជួយបង្កើនខឿនសេដ្ឋកិច្ចយ៉ាងច្រើន ហើយប្រទេសនេះត្រូវបានគេចាត់ទុកថាជាប្រទេសបណ្តុំសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងបណ្តាប្រទេសនៅតាមបណ្តោយទន្លេមេគង្គខណៈពេលដែលទីក្រុងបាងកក បានបន្តទាក់ទាញវិនិយោគិនជាច្រើនក្នុងនាមជាប្រទេសសេដ្ឋកិច្ចនាំមុខគេមួយ»។
លោកថ្លែងថា កត្តាទាំងអស់នោះ«នាំមកនូវតម្រូវការលំនៅឋានដែលមាននិរន្តរភាព និងជាលទ្ធផលយើងបានពង្រីកទុនវិនិយោគរបស់ខ្លួនក្នុងប្រទេសថៃចាប់តាំងពីឆ្នាំ២០១៤ ហើយបានសម្រេចចិត្តសហការជាមួយ Sansiri Plc. ដើម្បីអភិវឌ្ឍគម្រោងលំនៅឋាននៅទីក្រុងបាងកក»។
Tokyu Corp មិនមែនជាក្រុមហ៊ុនជប៉ុនតែមួយនោះទេ ដែលបានពង្រីកទុនវិនិយោគរបស់ខ្លួនក្នុងទីផ្សារអចលនទ្រព្យប្រទេសថៃ។
ក្រុមហ៊ុនផ្សេងទៀតបានធ្វើដូចគ្នានេះដែរចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ ហើយពួកគេភាគច្រើនពង្រីកមុខជំនួញរបស់ខ្លួនក្នុងទីផ្សារអចលនទ្រព្យតាមរយៈការសហការចាប់ដៃគ្នាជាមួយវិនិយោគិនអចលនទ្រព្យថៃ។
លោក Hiroki Mitsumata ប្រធានការិយាល័យប្រចាំទីក្រុងបាងកករបស់ក្រុមហ៊ុន Japan External Trade Organisation បានថ្លែង កាលពីពេលថ្មីៗកន្លងទៅនេះថា វិនិយោគិនជប៉ុនចាប់អារម្មណ៍លើការពង្រីកវិនិយោគទុនរបស់ខ្លួនក្នុងប្រទេសថៃពិសេសលើផ្នែកបដិសណ្ឋារកិច្ចអចលនទ្រព្យ ឱសថលក់រាយ វិស័យឌីជីថល និងបច្ចេកវិទ្យាខ្ពស់ផងដែរ។
ជាក់ស្តែងប្រទេសថៃ បានក្លាយជាប្រទេសគោលដៅដ៏ធំបំផុតទី២ របស់ជប៉ុន សម្រាប់ការវិនិយោគក្នុងបណ្តាប្រទេសអាស៊ាន បន្ទាប់ពី សិង្ហបុរី ចាប់តាំងពីចុងឆ្នាំ ២០១៥ កន្លងមក នេះបើយោងតាមក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន។ ដើមទុនសរុបចូលគ្នារបស់ជប៉ុន ចូលមកក្នុងទីផ្សារប្រទេសថៃមានចំនួន ៥៥កោដិដុល្លារ។
ក្រុមហ៊ុន Board of Investment (BOI) បានរាយការណ៍ថា ប្រទេសជប៉ុន គឺជាប្រទេសដែលធ្វើការវិនិយោគផ្ទាល់ធំជាងគេរបស់ប្រទេសថៃ (Foreign direct investor-FDI) ដែលមានចំណែកដល់ទៅ ៣៩ ភាគរយ នៃទុនវិនិយោគផ្ទាល់សរុប បន្ទាប់មកគឺប្រទេសសិង្ហបុរីមានចំនួន ១២ ភាគរយ ចិនដីគោក ៧ ភាគរយ ហុងកុង ៦ ភាគរយ តៃវ៉ាន់ ៥ ភាគរយ និងប្រទេសផ្សេងៗទៀត ៣៦ ភាគរយ។
ក្រុមហ៊ុនមកពីបណ្តាប្រទេសផ្សេងទៀតរួមទាំងហុងកុង សិង្ហបុរី និងចិនដីគោកផងនោះ ក៏បានពង្រីកទុនវិនិយោគរបស់ខ្លួនក្នុងទីផ្សារអចលនទ្រព្យប្រទេសថៃ។ ភាគច្រើនគឺគេផ្តោតលើគម្រោងអភិវឌ្ឍន៍ខុនដូដែលស្ថិតនៅជិតស្ថានីយដឹកអ្នកដំណើរធំៗដែលគេមើលឃើញពីតម្រូវការទីផ្សារខ្ពស់។
ក្រុមហ៊ុនថៃ ស្វាគមន៍រាល់ការវិនិយោគទាំងអស់។
លោក Pairoj Watanavarodom ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន WJSP Property Plc.បានថ្លែងកាលពីពេលថ្មីៗកន្លងទៅនេះថា ៖ «យើងចាប់ដៃគូសហការជាមួយក្រុមហ៊ុនចិននៅពេលដែលយើងមើលឃើញនូវឱកាសល្អក្នុង ការផ្សព្វផ្សាយផលិតផលរបស់យើងទៅកាន់តែជិតប្រជាជនចិន ដែលចាប់អារម្មណ៍ ចង់ទិញលំនៅឋានក្នុងប្រទេស ថៃ ក៏ព្រោះតែដៃគូរបស់ យើងនឹងនៅតែបន្តគាំទ្រទាំងផ្នែកទីផ្សារ និងទុនវិនិយោគ»។
ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកត្រូវតែផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីជោគជ័យក្នុងទីផ្សារថ្មីនេះបាន ក៏ដោយសារបច្ចុប្បន្នអចលនទ្រព្យមានតម្លៃខ្ពស់ និងមានហានិភ័យខ្ពស់។
លោក Prasert Taedullayasatis ប្រធានសមាគមខុនដូថៃ (Thai Condominium Association) និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Pruksa Real Estate Plc បានថ្លែងថា ៖ «ក្រុមហ៊ុនអចលនទ្រព្យថៃត្រូវតែផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីចូលរួមសហការជាមួយក្រុមហ៊ុនបរទេសហើយក៏ចូលរួមជាមួយក្រុមហ៊ុនដៃគូប្រទេស ថៃ ដើម្បីអភិវឌ្ឍគម្រោងលំនៅឋានរបស់ពួកគេបន្ថែម»។
លោក Prasert ថ្លែងបន្តថា ពួកគេត្រូវការថវិកាកាន់តែច្រើនថែមទៀតដើម្បីនាំគម្រោងទៅកាន់ទីផ្សារបានគឺត្រូវការដើមទុនកាន់តែច្រើន និងការសហការផ្នែកទីផ្សារដើម្បីបង្កើនការរីកចម្រើនមុខជំនួញរបស់ខ្លួន។ «ហានិភ័យចំពោះការរកស៊ីមានការកើនឡើងខ្ពស់ជាងមុនរួមទាំងការរឹតបន្តឹងតាមធនាគារលើការផ្តល់ឥណទានរំលស់ផ្ទះ និងការប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារនេះ។
តាមការស្រាវជ្រាវរបស់ក្រុមហ៊ុនឈ្មួញកណ្តាល JLL បានរកឃើញថា វិនិយោគិនអាស៊ីបានពង្រីកដើមទុនរបស់ខ្លួននៅក្រៅប្រទេស ដែលជាអ្នកចំណាយដើមទុនធំបំផុតចំនួន ៥ ក្នុងចំណោម ១០ នាក់។
ការវិនិយោគជាលក្ខណៈអន្តរតំបន់បានកើនឡើងដល់ ១៩,៥០ កោដិដុល្លារ ក្នុងត្រីមាសទី ២ ក្នុងឆ្នាំ ២០១៧ នេះ ដែលជាចំនួនកើន ៧១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅអាស៊ីបាស៊ីហ្វិក ចរន្តប្រាក់បានកើនឡើងដល់ ៣១ កោដិដុល្លារ ក្នុងត្រីមាសទី ២ ក្នុងឆ្នាំនេះ ដែលជាចំនួនកំណើន ៦ ភាគរយ គិតពីត្រីមាសទី១នេះ។ ចំនួនដើមទុនវិនិយោគឆ្លងតំបន់បានកើនឡើង ៦១ កោដិដុល្លារ គិតត្រឹមដំណាច់ឆមាសទី១ក្នុងឆ្នាំនេះ៕