Hot line: +855 (0)99 283 388
● You are in: Media > Detail News
អ្នក​វិនិយោគ​អចលនទ្រព្យ​ជប៉ុន ​មាន​សុទិដ្ឋិនិយម​លើ​ទីផ្សារ​កម្ពុជា
Date: 2017-08-24

ក្រុមហ៊ុន​ជប៉ុន CREED ASIA (Cambodia) Co., Ltd. ដែល​ជា​បុត្រសម្ព័ន្ធ​របស់ CREED GROUP បាន​សម្រេច​បោះទុន​វិនិយោគ​ប្រមាណ​ ៦០ ​លាន​ដុល្លារ​អាមេរិក​លើ​គម្រោង​ខុនដូ និង​លំនៅឋាន​នៅ​ទីក្រុង​ភ្នំពេញ​ជា​គម្រោង​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​វិនិយោគ​បរទេស និង​ប្រជាជន​ក្នុង​ស្រុក​។

លោក ស៊ីវ ម៉េង អ្នក​យក​ព័ត៌មាន​ផ្នែក​អចលនទ្រព្យ​នៃ​កាសែត​ភ្នំពេញ​ប៉ុស្ត៍​អចលនទ្រព្យ​បាន​ជួប​សម្ភាសន៍​ជាមួយ​លោក TAKASHI Eguchi អគ្គនាយក​ក្រុមហ៊ុន CREED Asia (Cambodia) Co., Ltd. ដើម្បី​លើក​ឡើង​ពី​ទស្សនវិស័យ និង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ដែល​ជា​បុត្រសម្ព័ន្ធ​របស់ CREED GROUP​។​

តើ​លោក​ចាប់ផ្តើម​គម្រោង​វិនិយោគ​របស់​លោក​នៅ​កម្ពុជា​យ៉ាង​ដូចម្តេច​?

ក្រុមហ៊ុន​របស់​យើង​បាន​សហការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន TRIPLE GEM នៅ​ឆ្នាំ​ ២០១២ និង​បាន​ចាប់ផ្តើម​វិនិយោគ​ខុនដូ Bodaiju Residences នៅ​ឆ្នាំ​ ២០១៣ ដែល​រហូត​មក​ទល់​ពេល​នេះ​យើង​បាន​វិនិយោគ​លើ​គម្រោង​ខុនដូ និង​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី​។

គម្រោង​ទី​ ១ ជា​គម្រោង​ខុនដូ Bodaiju ដែល​រហូត​មក​ទល់ពេល​នេះ​យើង​លក់​បាន​អស់​ជាង ៩០ ​ភាគរយ​ហើយ និង​កំពុង​សាងសង់​អគារ​ចំនួន​ ៣ ក្នុង​ចំណោម​អគារ​ចំនួន​ ៦ នៅ​ក្នុង​គម្រោង​នេះ ប៉ុន្តែ​ការ​សាងសង់​អគារ​ ៣ ​ផ្សេង​ទៀត​យើង​មិន​ទាន់​ចាប់ផ្តើម​ទេ ដោយ​កំពុង​សិក្សា​ស្ថានភាព​ទីផ្សារ​។

តើ​លោក​មើល​ឃើញ​ដូចម្តេច​ចំពោះ​គម្រោង​ខុនដូ​នៅ​កម្ពុជា​?

តម្រូវការ​ខុនដូ​សម្រាប់​ផ្គត់ផ្គង់​ប្រជាជន​ក្នុង​ស្រុក​ពិតជា​មាន​កម្រិត​មែនទែន ប៉ុន្តែ​ខុនដូ​របស់​យើង​លក់​បាន​ច្រើន​សម្រាប់​ជនបរទេស​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន ជប៉ុន កូរ៉េ ចិន​ហុងកុង តៃវ៉ាន់​ជាដើម​។ យើង​មិន​និយាយ​ពី​គម្រោង​ខុនដូ​បាន​ផ្គត់ផ្គង់​លើស​តម្រូវការ​នោះ​ទេ ព្រោះ​យើង​កំពុង​សម្លឹង​មើល​ទីផ្សារ​ដែល​ការ​ផ្គត់ផ្គង់​មាន​ភាព​លើស​តម្រូវការ​។

ប៉ុន្តែ​សម្រាប់​រយៈពេល​ ១០ ​ឆ្នាំ​ខាង​មុខ​ខ្ញុំ​គិត​ថា​ប្រជាជន​ខ្មែរ​នឹង​ផ្លាស់ប្តូរ​របៀប​នៃ​ការគិត​។ ពួកគេ​នឹង​សម្រេច​ចិត្ត​រស់នៅ​តាម​ខុនដូ​ឧទាហរណ៍ ជាក់ស្តែង​ដូចជា​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ប្រជាជន​ចង់​រស់​នៅ​លើ​លំនៅឋាន​ជាប់​ដី ប៉ុន្តែ​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ក្នុង​ទីក្រុង​តម្លៃ​ដី​មាន​តម្លៃ​យ៉ាង​ខ្ពស់​ដែល​ធ្វើ​ពួកគេ​សម្រេច​ចិត្ត​រស់នៅ​តាម​ខុនដូ​។

នៅ​ក្នុង​ទីក្រុង​ហូជីមីញ​ក៏​ដូច​គ្នា​ដែរ​ប្រជាជន​ប្រាថ្នា​រស់នៅ​ផ្ទះ​ជាប់​ដី​ដូច​គ្នា ប៉ុន្តែ​ដោយសារ​ដី​មាន​តម្លៃ​ថ្លៃ និង​ទីក្រុង​កាន់តែ​ចង្អៀត​ពួកគេ​សម្រេច​ចិត្ត​រស់នៅ​តាម​ខុនដូ​។ នាពេល​អនាគត​ប្រជាជន​វ័យ​ក្មេង​នៅ​ទី​នេះ​ពួកគេ​នឹង​រស់​នៅ​តាម​ខុនដូ​ដែល​មាន​ទីតាំង​នៅ​ក្បែរ​ ឬ​កណ្តាល​ទីក្រុង​។

Source From: http://www.postkhmer.com
Share
Our Partners