អគារកម្ពស់ ៤២ជាន់មួយ នៅកណ្ដាលទីក្រុងហូជីមិញ ត្រូវបានក្រុមហ៊ុនគ្រប់គ្រងទ្រព្យរបស់រដ្ឋាភិបាល រឹបអូសធ្វើជាទ្រព្យធានាសម្រាប់បំណុលដែលវិនិយោគិនជំពាក់ប្រមាណជាង ៣០០លានដុល្លារអាមេរិក។
ធនាគារកណ្ដាលរបស់វៀតណាម ថ្លែងថា អគារខ្ពស់ Saigon One Tower ត្រូវបានរឹបអូស បន្ទាប់ពីគម្រោងសាងសង់អគារនេះត្រូវបានផ្អាកអស់រយៈពេលជាច្រើនឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
អគារ៤២ជាន់នេះ មានកម្ពស់ ១៩៥ម៉ែត្រ ត្រូវបានគេរំពឹងថា នឹងក្លាយជាអគារខ្ពស់បំផុតទីបី នៅក្នុងទីក្រុងហូជីមិញ ប៉ុន្តែ អគារនេះត្រូវបានទុកចោលចាប់តាំងពីវិបត្តិវិស័យអភិវឌ្ឍន៍លំនៅដ្ឋានកាលពីឆ្នាំ២០១១។
តាមប្រវត្តិ អគារនេះចាប់ផ្ដើមសាងសង់នៅឆ្នាំ២០០៧ ហើយគ្រោងនឹងរួចរាល់ជាស្ថាពរនៅឆ្នាំ២០០៩ ប៉ុន្តែ ការសាងសង់បានជាប់គាំងតាំងពីឆ្នាំ២០១១មក នៅពេលដែលទីផ្សារលំនៅដ្ឋានក្នុងទីក្រុងនេះបានជួបវិបត្តិ។
អ្នកនាំពាក្យសាលាក្រុង បានឲ្យដឹងកាលពីខែមិថុនាថា ការសាងសង់អគារ Saigon One Tower បានជាប់គាំងដោយសារតែវិនិយោគិនមានទំនាស់នឹងគ្នា និងថា គម្រោងនេះរកបានវិនិយោគិនថ្មីហើយ ៗ ការសាងសង់នឹងបន្តនៅឆ្នាំនេះ។ ប៉ុន្តែ ឥឡូវស្រាប់តែអគារនេះត្រូវក្រុមហ៊ុនគ្រប់គ្រងទ្រព្យរបស់រដ្ឋាភិបាល រឹបអូសទុកជាទ្រព្យធានាបំណុល។
គម្រោងអគារកម្ពស់ ៤២ជាន់ ដែលមានទឹកប្រាក់វិនិយោគ ២២០លានដុល្លារអាមេរិកនេះ គ្រាន់តែជាគម្រោងមួយក្នុងចំណោមគម្រោងដែលជាប់គាំងជាច្រើននៅភាគខាងត្បូងនៃទីក្រុងហូជីមិញ។
ការសាងសង់នៅគម្រោងមួយទៀត គឺមជ្ឈមណ្ឌលលក់គ្រឿងអលង្ការក្នុងទឹកប្រាក់វិនិយោគ ១០០លានដុល្លារ ដែលមានកម្ពស់ ៥៤ជាន់ ស្ថិតចំកណ្ដាលក្រុង ក៏នៅគាំងស្ញេញចាប់តាំងពីឆ្នាំ២០០៤មកម្ល៉េះ ហើយដីមួយកន្លែងទំហំ ៥ពាន់ម៉ែត្រការ៉េ ដែលគេគ្រោងសង់សណ្ឋាគារផ្កាយ ៥ និងអាផាតមិន ក៏បានត្រឹមតែជាកន្លែងចតរថយន្តជាច្រើនឆ្នាំមកហើយដែរ៕