រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរភាគច្រើននៅមានចម្ងល់ជុំវិញបញ្ហាបង់ពន្ធផ្ទះសម្បែងជូនរដ្ឋ និងពុំដឹងច្បាស់ថា ផ្ទះរបស់ខ្លួនជាប់ពន្ធដែរឬយ៉ាងណា ខណៈអ្នកមួយចំនួនយល់ថា ឲ្យតែមានប្លង់រឹង គឺជាប់ពន្ធទាំងអស់ រីឯអ្នកខ្លះទៀតយល់ថា តម្លៃនៃការបង់ពន្ធគឺរដ្ឋគណនាតាមតំបន់ដែលអចលនទ្រព្យស្ថិតនៅ ។ តើជាក់ស្ដែង ដូចនឹងការលើកឡើងដែរឬយ៉ាងណា ? តើការបង់ពន្ធនោះ រដ្ឋគិតយ៉ាងម៉េច ? ហើយប្រសិនបើមិនបង់ពន្ធ តើមានទោសទណ្ឌ ឬពិន័យដែរឬទេ ?
ដើម្បីជាចំណេះដឹងបន្ថែមជុំវិញបញ្ហាចម្ងល់ខាងលើ សារព័ត៌មានកោះសន្ដិភាព ទំព័រផ្នែកអចលនទ្រព្យ ដែលចេញផ្សាយនៅថ្ងៃនេះ សូមដកស្រង់ប្រសាសន៍លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានបកស្រាយលម្អិតដូចតទៅ ៖
អចលនទ្រព្យទាំងឡាយណាដែលមានទីតាំងស្ថិតនៅភូមិសាស្ត្រ ក្នុងរាជធានីភ្នំពេញទាំង១២ខណ្ឌ និងក្រុងទូទាំង២៤ខេត្ត សុទ្ធសឹងតែជាប់ពន្ធទាំងអស់ ។ ចំណែកនៅតាមស្រុក រាជរដ្ឋាភិបាលមិនទាន់ពង្រីកវិសាលភាពទៅដល់នោះទេ មានន័យថា អត់ជាប់ពន្ធទេ ។
ចំពោះអចលនទ្រព្យដែលជាប់ពន្ធ គឺមានតម្លៃលើសពី១០០លានរៀលឡើងទៅ ឬលើសពី២ម៉ឺន៥ពាន់ដុល្លារអាមេរិកឡើងទៅ (បើគិតលុយ៤ពាន់រៀលក្នុង១ដុល្លារ) ដូច្នេះ តម្លៃនៅក្រោម១០០លានរៀលចុះ គឺមិនជាប់ពន្ធទេ ។
រីឯការបង់ពន្ធអចលនទ្រព្យវិញ រាជរដ្ឋាភិបាលបានបញ្ចុះនូវតម្លៃនៃអចលនទ្រព្យដែលវាយតម្លៃដោយគណៈកម្មការវាយតម្លៃដីធ្លី និងអចលនទ្រព្យ ដែលធ្វើឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការស្នើសុំពីអនុគណៈកម្មការវាយតម្លៃអចលនទ្រព្យពីរាជធានី និងខេត្តនីមួយៗ ។ តម្លៃអចលនទ្រព្យនេះ រាជរដ្ឋាភិបាលបានបញ្ចុះតម្លៃ យកមូលដ្ឋានមកគិតពន្ធតែ៨០%ទេ មានន័យថា មិនគិតពន្ធ១០០%នោះទេ ហើយអត្រានៃពន្ធអចលនទ្រព្យគឺ០,១% ។
ជារៀងរាល់ឆ្នាំ ម្ចាស់អចលនទ្រព្យគឺមានកាតព្វកិច្ចបង់ពន្ធលើអចលនទ្រព្យរបស់ខ្លួន ។ តាមច្បាប់ ម្ចាស់អចលនទ្រព្យត្រូវមកដាក់លិខិតប្រកាសបង់ពន្ធនៅរដ្ឋបាលសារពើពន្ធ ក៏ប៉ុន្ដែអគ្គនាយកដ្ឋានពន្ធដារបានធ្វើការកែលម្អនៃការបង់ពន្ធនេះជាលំដាប់លំដោយ ហើយកន្លងទៅ អគ្គនាយកដ្ឋានពន្ធដារបានអនុញ្ញាតឲ្យម្ចាស់អចលនទ្រព្យមានឱកាសទៅបង់ពន្ធនៅធនាគារដែលបានចុះអនុស្សរណៈជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចជា ធនាគារអេស៊ីលីដា, ធនាគារកាណាឌីយ៉ា, ធនាគារវឌ្ឍនៈ, ធនាគារកម្ពុជាសាធារណៈ និងធនាគារ ANZ Royal ក៏ប៉ុន្ដែប្រសិនបើជាការចុះបញ្ជីដំបូង ម្ចាស់អចលនទ្រព្យត្រូវមកធ្វើការចុះបញ្ជីសារពើពន្ធនៅក្នុងភូមិសាស្ត្រដែលអចលនទ្រព្យរបស់ពួកគាត់ស្ថិតនៅ មានន័យថា ដីធ្លី ផ្ទះសម្បែងរបស់ពលរដ្ឋនៅខណ្ឌណា ពួកគាត់ត្រូវមកចុះបញ្ជីសារពើពន្ធនៅសាខាអគ្គនាយកដ្ឋានពន្ធដារស្ថិតនៅនោះ ហើយបន្ទាប់ពីមានទិន្នន័យក្នុងបញ្ជីហើយ ពួកគាត់អាចទៅបង់ពន្ធនៅធនាគារដែលបានរៀបរាប់ខាងលើណាមួយក៏បាន ព្រោះមានគល់បញ្ជីស្រាប់ ។
ទន្ទឹមនឹងនេះ បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងតែធ្វើកាតជូនម្ចាស់អចលនទ្រព្យ ដើម្បីងាយស្រួលថ្ងៃក្រោយ ពួកគាត់គ្រាន់តែយកកាតនេះទៅធនាគារជាដៃគូខាងលើណាមួយ គឺអាចបង់ពន្ធបានដោយងាយ មិនពិបាកយកឯកសារស្មុគស្មាញ ឬចំណាយពេលយូរទេ ដោយសារតែឯកសារទាំងនោះមាននៅក្នុងគល់បញ្ជីដែលបានបញ្ចូលក្នុងប្រព័ន្ធទិន្នន័យ (Database) អស់ហើយ ។
ថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានធ្វើបច្ចុប្បន្នភាពព័ត៌មានម្ចាស់អចលនទ្រព្យនៅក្នុងរាជធានី និងនៅតាមក្រុងក្នុងខេត្តនានា គឺបានធ្វើជាកាតនេះទៅដល់ផ្ទះពលរដ្ឋតែម្ដង ហើយប្រសិនបើបងប្អូនដែលជាម្ចាស់កម្មសិទ្ធិ ឬម្ចាស់អចលនទ្រព្យ មានបំណងចង់បង់ពន្ធលើអចលនទ្រព្យរបស់ខ្លួន អាចមកធ្វើបច្ចុប្បន្នភាពនៅសាខាពន្ធដារក្នុងភូមិសាស្ត្រនៃអចលនទ្រព្យស្ថិតនៅ ពេលនោះអគ្គនាយកដ្ឋានពន្ធដារនឹងចេញកាតជូនទៅម្ចាស់អចលនទ្រព្យតែម្ដង ។
ជារៀងរាល់ឆ្នាំ អគ្គនាយកដ្ឋានពន្ធដារបានបើកទទួលការបង់ពន្ធអចលនទ្រព្យ ចាប់ពីដើមឆ្នាំនីមួយៗ រហូតដល់ខែកញ្ញា គឺមានរយៈពេល៩ខែ សម្រាប់ឲ្យម្ចាស់អចលនទ្រព្យទាំងអស់មកបង់ពន្ធ ដូច្នេះ នៅសល់តែជាង១ខែតិចតួចប៉ុណ្ណោះ នឹងផុតកាលបរិច្ឆេទនៃការបង់ពន្ធនេះហើយ ។
ប្រសិនបើពលរដ្ឋមកបង់ពន្ធយឺត អគ្គនាយកដ្ឋាននឹងធ្វើការពិន័យ និងការប្រាក់ថែមទៀត ហើយបើសិនចាប់ពីការប្រកាសអនុវត្តបង់ពន្ធតាំងពីឆ្នាំ២០១១មក ម្ចាស់អចលនទ្រព្យមិនមកប្រកាសពន្ធ នឹងមានទោសទណ្ឌទៅតាមច្បាប់ដែលបានចែង មានន័យថា ត្រូវបង់ប្រាក់ទោសទណ្ឌ បូកនឹងពិន័យការប្រាក់ក្នុង១ខែ២% ។
ដូច្នេះ បងប្អូនប្រជាពលរដ្ឋដែលមានអចលនទ្រព្យស្ថិតនៅភូមិសាស្ត្រជាប់ពន្ធទាំងអស់ សូមរូតរះអញ្ជើញទៅបង់ពន្ធអចលនទ្រព្យរបស់ខ្លួន ដើម្បីរដ្ឋទទួលបានចំណូលពន្ធមកអភិវឌ្ឍន៍មូលដ្ឋានវិញ ៕