រាជធានីភ្នំពេញ ៖ ស្របពេលវិស័យអចលនវត្ថុកម្ពុជាកំពុងរីកចម្រើន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងរៀបចំសេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិថ្មីបន្ថែម ដើម្បីបំពេញចន្លោះខ្វះខាតក្នុងវិស័យអភិវឌ្ឍន៍លំនៅឋាន និងការធ្វើប្រតិបត្តិការរបស់អ្នកប្រកបសេវាកម្មវាយតម្លៃ សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ឱ្យការអនុវត្តមានតម្លាភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈកម្រិតខ្ពស់នាពេលខាងមុខ ។
ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់នេះ លោក សន សៀប នាយកក្រុមហ៊ុន Key Real Estate មានប្រសាសន៍ថា ក្រមសីលធម៌វិជ្ជាជីវៈមានតួនាទីសំខាន់ក្នុងការពង្រឹងគុណភាពការងារភ្នាក់ងារវាយតម្លៃ និងអចលនវត្ថុ ។ ក្រមសីលធម៌វិជ្ជាជីវៈនៅប្រទេសជិតខាង និងប្រទេសរីកចម្រើនក៏មានរួចហើយដែរ ដែលបង្កើតឡើងក្នុងគោលបំណងឱ្យអ្នកវាយតម្លៃអចលនវត្ថុទទួលខុសត្រូវ និងដឹងថា អ្វីដែលត្រូវធ្វើ ឬមិនត្រូវធ្វើ ។
លោកបន្តថា ៖« ក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យអចលនវត្ថុប្រទេសយើង ពិសេសសេវាកម្មវាយតម្លៃអចលនវត្ថុ មិនទាន់មានក្រឹត្យក្រម ឬច្បាប់ណាមួយនៅឡើយទេ ។ សម្រាប់ក្រុមហ៊ុនដែលគេមានក្រមសីលធម៌វិជ្ជាជីវៈនេះល្អ គេយកមកពីខាងក្រៅ ព្រោះតែកម្ពុជាមិនទាន់មានសម្រាប់ដាក់ឱ្យអនុវត្ត ។ ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈនៅកម្ពុជាយើងអាចនិយាយបានថា អាស្រ័យទៅលើក្រុមហ៊ុននីមួយៗផ្សេងគ្នា មានន័យថា កម្រិតនៃការអនុវត្តទូទៅ វាមិនទាន់គ្រប់ជ្រុងជ្រោយទេ » ។
លោកបន្ថែមថា ៖« ខ្ញុំគិតថា រាល់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈបានល្អ វានឹងជួយជ្រោមជ្រែង និងពង្រឹងទំនុកចិត្តអតិថិជនមកពីខាងក្រៅ ដែលប្រើប្រាស់សេវាកម្មវាយតម្លៃអចលនវត្ថុ ។ អីចឹង បើមានក្រមសីលធម៌វិជ្ជាជីវៈចេញជាផ្លូវការ ខ្ញុំជឿជាក់ថា វានឹងល្អសម្រាប់វិស័យវាយតម្លៃអចលនវត្ថុកម្ពុជាទាំងមូល បើទោះបីក្រុមហ៊ុនមួយចំនួនមិនទាន់បានដឹង ឬប្រើប្រាស់នៅក្នុងការងារនេះ នឹងអាចប្រើប្រាស់គ្រប់គ្នា » ។
លោកលើកឡើងថា បើក្រុមហ៊ុនផ្តល់សេវាមិនបានប្រើប្រាស់ក្រមសីលធម៌វិជ្ជាជីវៈ ការអនុវត្តការងារពេលខ្លះមានភាពរប៉ាត់រប៉ាយ មិនច្បាស់លាស់ ។ លើសពីនេះ វាអាចធ្វើឱ្យប៉ះពាល់ជំនឿទុកចិត្តអ្នកប្រើប្រាស់ក្នុង និងក្រៅស្រុក ជាពិសេស វិនិយោគិននៅក្រៅស្រុកមិនហ៊ានចូលមកកម្ពុជា ដោយសារតែយើងធ្វើការមិនបានផ្តោតទៅលើគុណភាពការងារ ។
លោក សន សៀប បញ្ជាក់ថា ៖« ចំពោះខ្ញុំចង់ឃើញក្រមសីលធម៌វិជ្ជាជីវៈឱ្យបានឆាប់ ដើម្បីយកមកអនុវត្តសម្រាប់អ្នកវាយតម្លៃអចលនវត្ថុនៅក្នុងប្រទេសកម្ពុជាយើងកាន់តែលឿន គឺកាន់តែល្អ ដើម្បីលើកស្ទួយវិស័យវាយតម្លៃអចលនទ្រព្យកម្ពុជា » ។
យោងតាមរបាយការណ៍យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥បង្ហាញថា ក្រសួងសេដ្ឋកិច្ចគ្រោងរៀបចំសេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិថ្មីបន្ថែមទៀត ដើម្បីបំពេញបន្ថែមនូវភាពខ្វះខាតក្នុងការគ្រប់គ្រង ៖ ១-វិស័យអភិវឌ្ឍន៍លំនៅឋាន, ២-ការធ្វើប្រតិបត្តិការរបស់អ្នកប្រកបសេវាកម្មវាយតម្លៃ សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនទ្រព្យឱ្យបានតម្លាភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈកម្រិតខ្ពស់។ ច្បាប់ និងបទប្បញ្ញត្តិថ្មីនេះ ក៏នឹងបន្ថែមនូវការបង្កើតឱ្យមានកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ការគោរពនូវលក្ខខណ្ឌតម្រូវរបស់ច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ការកំណត់បទដ្ឋានព័ត៌មាននិងកិច្ចការពារអ្នកប្រើប្រាស់ និងលក្ខខណ្ឌតម្រូវផ្សេងៗ ។
យោងតាមរបាយការណ៍បញ្ជាក់ថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាប័ណ្ណសេវាវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ដល់ក្រុមហ៊ុនចំនួន១៤៩ និងបានចុះត្រួតពិនិត្យក្រុមហ៊ុនទាំងនោះជាប្រចាំ ៕