Hot line: +855 (0)99 283 388
● You are in: Media > Detail News
ឃុំចំនួន ២០ នៃស្រុកមួយចំនួនរបស់ខេត្តកណ្តាលត្រូវបានកាត់មកជាចំណុះរាជធានីភ្នំពេញ
Date: 2022-10-06

ភ្នំពេញ ៖ គិតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានកាត់ឃុំចំនួន 20 នៃស្រុកមួយចំនួនរបស់ខេត្តកណ្តាល ឱ្យធ្វើជាចំណុះនៃខណ្ឌចំនួន 4 របស់ រាជធានីភ្នំពេញ ក្នុងផែនការពង្រីកក្រុងឱ្យកាន់តែមានទំហំធំ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ និងសេដ្ឋកិច្ចសង្គម។

យោងតាមរដ្ឋបាលរាជធានីភ្នំពេញ បាន ឱ្យដឹងថា ខណ្ឌសែនសុខ មានចំនួន 3ឃុំ ដែលត្រូវបានកាត់ចេញពីស្រុកពញាព្ញ ឱ្យធ្វើជាចំណុះរបស់ខ្លួន រួមមានឃុំពញាពន់ ឃុំព្រែកព្នៅ  និងឃុំសំរោង។ ដោយឡែក ខណ្ឌឫស្សីកែវមានចំនួន 2ឃុំ ត្រូវបានកាត់ចេញពី ស្រុកមុខកំពូលរួមមាន ឃុំកោះដាច់  និងឃុំបាក់ខែង។

សម្រាប់ច្បារអំពៅ មាន 4 ឃុំ ដែលត្រូវបានកាត់ចេញពីស្រុកកៀនស្វាយរួមមាន  ឃុំវាលស្បូវ ឃុំព្រែកឯង ឃុំក្បាលកោះ និង ឃុំព្រែកថ្មី។  ជាមួយគ្នានេះ ខណ្ឌដង្កោ មានចំនួន 11ឃុំ ដែលត្រូវបាន កាត់ពីស្រុកកណ្តាលស្ទឹង រួមមាន ឃុំព្រែកកំពឹស ឃុំស្ពានថ្ម ឃុំទៀន ឃុំរលួស និង ឃុំគងនយ និងបាន កាត់ពីស្រុកអង្គស្នួលចំនួន 6 ឃុំ រួមមាន  ឃុំពន្សាំង ឃុំស្នោ ឃុំឪឡឹក ឃុំបឹងធំ ឃុំកំបូល  និង ឃុំកន្ទោក។

នៅក្នុងផែនការអភិវឌ្ឍ និងក្នុងប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ2035 ផ្ទៃដីមួយផ្នែកធំរបស់ខេត្តកណ្តាល នឹងបន្តកាត់ចូលមកជាចំណុះរដ្ឋបាលរាជធានីភ្នំពេញ ។ ដូច្នេះ ផ្ទៃដីរបស់រាជធានីភ្នំពេញនឹងកាន់តែមានទំហំ ខណៈបច្ចុបន្ននេះ មានផ្ទៃដីទំហំប្រមាណ 700 គីឡូម៉ែត្រក្រឡា ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា ទីក្រុងភ្នំពេញកាលពីមុនមានត្រឹមតែ 300 គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ប៉ុន្តែក្រោយប្រទេសមានសុខសន្តិភាព និងការអភិឌ្ឍន៍លើគ្រប់វិស័យ បានធ្វើឱ្យដីរាជធានីភ្នំពេញត្រូវបានពង្រីកជាបន្តបន្ទាប់ និងបានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាជាងមុន។

តាមរយៈការពង្រីកក្រុងនេះ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍លំនៅឋាន និងអចលនវត្ថុ ក៏បានពង្រីកខ្លួនទៅតាមជាយក្រុង និងមួយផ្នែកនៃខេត្តកណ្តាល  ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងប្រជាសាស្រ្ត រួមជាមួយនឹងចលនាមករស់នៅ និងធ្វើការរបស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តចូលមកក្នុងទីក្រុងភ្នំពេញ ៕

Source From:
Share
Our Partners