Hot line: +855 (0)99 283 388
● You are in: Media > Detail News
លោកឧកញ៉ា នួន រិទ្ធី៖ វិស័យឯកជនបង្ហាញពីភាពសុទិដ្ឋិនិយមលើលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតលើកទី៥៥
Date: 2022-09-21

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group និងជាទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីទស្សនទានផ្ទាល់ខ្លួនប្រកបដោយសុទិដ្ឋិនិយមចំពោះលទ្ធផលក្រោយកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតលើកទី៥៥ ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។ 

លោកឧកញ៉ា នួន រិទ្ធី ដែលស្ថិតនៅក្នុងវិស័យឯកជន និងជាទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា សម្រាប់វេទិកានៃកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ក្រោមការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានដើរតួនាទីយ៉ាងល្អឥតខ្ចោះក្នុងការរៀបចំគ្រប់ផ្នែក គ្រប់ជ្រុងជ្រោយ។ 

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការស្វែងរកដំណោះស្រាយនានា ដើម្បីពង្រឹង និងជំរុញផ្នែកសេដ្ឋកិច្ចតាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (Economic Asean Minister) និងមានការចូលរួមពីបណ្តាធុរកិច្ចកំពូលៗមកពីបណ្តាប្រទេសពាក់ព័ន្ធផ្សេងទៀតជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាវិបត្តិដែលបណ្តាលមកពីសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ីនាពេលបច្ចុប្បន្ន។ 

ដោយឡែក សម្រាប់វិស័យឯកជនដែលដឹកនាំកិច្ចប្រជុំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅខេត្តសៀមរាបគឺត្រូវបានធ្វើឡើងជាច្រើនទម្រង់ និងច្រើនកម្មវិធីរវាងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន និងរវាងអាស៊ានជាមួយបណ្តាប្រទេសដទៃទៀតដែលពាក់ព័ន្ធ រាប់ទាំងសហរដ្ឋអាមេរិកផងដែរ។ 

លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា នៅក្នុងប្រជុំជាច្រើន ទាំងតាមរយៈការប្រជុំពីចម្ងាយ ក៏ដូចជាកិច្ចជំនួបប្រជុំដោយផ្ទាល់ ក្រុមនាមជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន អ្នកឧកញ៉ា គិត ម៉េង បានស្វែករកដំណោះស្រាយ ក៏ដូចជាលើកឡើងនូវយុទ្ធសាស្ត្រ៧ចំណុច រួមមាន ទី១-ដំណើរការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់តាមរយៈ RCEP , ទី២- ការថែទាំសុវត្ថិភាព និងសុខភាព, ទី៣- ការផ្លាស់ប្ដូរថាមពលបៃតង, ទី៤- ការផ្លាស់ប្ដូរឌីជីថល, ទី៥- ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងភាពធន់, ទី៦- ផ្តោតលើការបង្កើតការងាររបស់ MSME , និងទី៧- ការតភ្ជាប់ពាណិជ្ជកម្មឌីជីថល។ 

លោកឧកញ៉ាបានបញ្ជាក់ថា ៖ «ភ្ជាប់ជាមួយនឹងភាពស្វាហាប់ មុតមាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមគោលនយោបាយ និងយុទ្ធសាស្ត្ររួបរួមនៅក្នុងតំបន់អាស៊ាន ក៏ដូចជាការស្តារឡើងវិញនូវសេដ្ឋកិច្ចអាស៊ាន រួមទាំងអាស៊ានបូក អ្នកឧកញ៉ា គិត ម៉េង បានដឹកនាំកិច្ចប្រជុំជាច្រើនជាមួយនឹងការទទួលបានលទ្ធផល និងផ្លែផ្កាគួរជាទីមោទនក្រោមការគាំទ្រពីបណ្តាប្រទេសដែលជាសមាជិកអាស៊ាន រួមទាំងក្រុមធុរកិច្ចដែលមកពីបណ្តាប្រទេសពាក់ព័ន្ធ រាប់ទាំងសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីផងដែរ»។ 

អ្វីដែលជាការគួរឱ្យកត់សម្គាល់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានក៏បានលើកសំណើ ដែលជាស្ពានតភ្ជាប់ក្រុមហ៊ុនធំៗនៅក្នុងតំបន់ ជាពិសេសនៅតាមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចល្អ ដូចជា ប្រទេសកូរ៉េ សហរដ្ឋអាមេរិក ជប៉ុន សហគមន៍អឺរ៉ុបជាដើម។ 

និយាយជារួម កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ពិតជាមានមោទនភាព ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសរួមនឹងគោលនយោបាយជាតិក្នុងវិស័យរដ្ឋ ខណៈដែលក្នុងកិច្ចប្រជុំវិស័យឯកជន មានអ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកវិនិយោគ និងជាធុរជនឆ្នើមនៅក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ ដែលសុទ្ធតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាសមាជិកដែលបានចូលរួមប្រជុំគួរជាទីមោទនបំផុត៕

 

Source From:
Share
Our Partners