Hot line: +855 (0)99 283 388
● You are in: Media > Detail News
យល់ដឹងពីជំនួញ៖ អ្នកជំនាញផ្តល់យោបល់ថា ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នអ្នកមានចំណូលទាប និងមធ្យម បើចង់វិនិយោគកុំឲ្យលើស ៣០%នៃចំណូល និងលើកទឹកចិត្ដឲ្យវិនិយោគលើដីធ្លី
Date: 2022-09-19

(ភ្នំពេញ)៖ អ្នកជំនាញលើវិស័យអចលនទ្រព្យដ៏ល្បីមួយរូប នៅក្នុងប្រទេសកម្ពុជា បានផ្តល់យោបល់ដល់អ្នកដែលមានចំណូលទាប និងមធ្យម បើចង់ធ្វើការវិនិយោគ សូមកុំវិនិយោគលើសពី៣០ភាគរយនៃចំណូលប្រចាំខែរបស់ខ្លួន និងលើកទឹកចិត្ដឲ្យវិនិយោគលើវិស័យដីធ្លី ជាងជាការទិញលំនៅដ្ឋាន បើសិនជាពុំមានតម្រូវការចាំបាច់ ក្នុងការទិញមកស្នាក់នៅ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឧកញ៉ា នួន រិទ្ធី អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ KFA បានលើកឡើងថា ពាក់ព័ន្ធនឹងលំនៅដ្ឋាន ជាការពិតក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះ បើសិនជាពុំមានតម្រូវការទិញស្នាក់នៅទេ គឺវិនិយោគមិនសូវចំណេញទេ ដោយសារតែតម្រូវការនៃទិញដូរ ក្នុងស្ថានភាពបែបនេះ មានលក្ខណៈមិនមែនការគាំទ្រច្រើន អំពីស្ថាប័នធនាគារ។

លោកឧកញ៉ា នួន រិទ្ធី បានឲ្យដឹងទៀតថា កន្លងទៅអ្នកទិញលំនៅដ្ឋាន ដែលទិញវិនិយោគដើម្បីចំណេញបាន ដោយសារតែពួកគេអាចខ្ចីពីធនាគារ ដោយមានលុយទិញផ្ទះមួយទៅកក់បានផ្ទះ៥ រួចបង់រំលោះតាមក្រោយ ហើយពេលនោះចំពេលចរន្ដសេដ្ឋកិច្ចល្អ។

លោកបន្តថា ដំណាក់កាលសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល៣ឆ្នាំនេះ និងអូសបន្លាយទៅមុខទៀត គឺមិនទាន់អាចដឹងមុននោះទេ ដោយសារតែជំងឺកូវីដ-១៩ និងវិបត្តិសង្គ្រាម ព្រមទាំងការចែកប្លុកនៃប្រទេសមហាអំណាច ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល និងប៉ះពាល់ដល់លំហូរសេដ្ឋកិច្ចកម្ពុជាផងដែរ។

លំនៅដ្ឋានជាជម្រើសមួយ ហើយមុននឹងគិតពីលំនៅដ្ឋាន ត្រូវគិតអំពីការហូបចុក, ការសិក្សាកូនចៅ។ ក្នុងដំណាក់កាលនេះ ឃើញហើយថា អ្នកសាងសង់ ក៏លក់ពុំមិនសូវបាន ហើយមានចំនួនតិចណាស់ ដែលលក់បាន បើកលក់បានដោយសារតែមានតម្រូវការចាំបាច់ ក្នុងការទិញលំនៅដ្ឋាន។

ដោយឡែកលំនៅដ្ឋានតម្លៃមធ្យម និងទាបឃើញថា ក៏មិនមានទីតាំងនៅទីប្រជុំជន ទីក្រុងផងដែរ ដែលភាគច្រើននៅតំបន់ជ្រាយក្រុង ឬក៏ក្រវាត់ក្រុងជាដើម ដូច្នេះអ្នកខ្លះក៏មិនសូវចង់បាន ដែលតម្រូវការមិនដូច នៅពេលមានសេដ្ឋកិច្ចល្អ ដែលម្នាក់ៗគិតថា នៅកន្លែងណាក៏បាន ដោយគិតថាងាយស្រួលលក់។

លោកថា «ចំពោះអ្នកមានចំណូលទាប និងមធ្យម អាចមានឱកាសទិញដី ដើម្បីចំណេញបានច្រើន ជាងការទិញលំនៅដ្ឋាន ដែលមានតម្លៃទាប និងមធ្យម ដោយសារតែអ្វីៗ អ្នកអភិវឌ្ឍន៍បានគិតគូររួចហើយ ព្រោះថាការរស់នៅលើតម្លៃលំនៅដ្ឋានមធ្យម អាចប្រើពេលចន្លោះទៅ៣-៥ឆ្នាំ ទើបអាចលក់បានចំណាញ ដោយយោងតាមការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយការកើនឡើងថ្លៃផ្ទះ ឡើងថ្លៃដោយសារដី»

លោកឧកញ៉ាបន្តថា ចំពោះអ្នកមានចំណូលទាប និងមធ្យម ក្នុងបញ្ហាប្រឈមនឹងស្ថានភាពសេដ្ឋកិច្ចបែបនេះ បើចង់វិនិយោគ គឺត្រូវចំណាយត្រឹមតែ ១៥-៣០ភាគរយនៃចំណូលដែលទទួលបាន។

លោកសង្កេតមើលឃើញថា អ្នកវិនិយោគខ្លះទិញតាមគេ ដោយចេះតែបោះលុយ ដូច្នេះពេលខ្លះចំតំបន់ ដែលមិនមានសក្ដានុពល១០ឆ្នាំ ក៏មិនទាន់មានហាងឆេងផង។ អ្នកខ្លះវិនិយោគទៅចំដី ដែលស្ថិតនៅក្រោមដែនរបស់រដ្ឋ ដែលនេះជាបញ្ហា។
ជាមួយគ្នានេះ លោកជឿថា ដំណាក់កាលនេះ ធនាគារទាំងអស់ ក៏មានការរឹតបន្ដឹងពាក់ព័ន្ធនឹងហិរញ្ញប្បទាន លើលំនៅដ្ឋាន និងអ្នកវិនិយោគដីធ្លីផងដែរ៕

Source From:
Share
Our Partners