Hot line: +855 (0)99 283 388
● You are in: Media > Detail News
Phmom Penh Mega Mall ចូល​រួម​កាត់​បន្ថយ ​ការ​ធ្វើ​ដំណើរ​ទៅ​ទិញ​ទំនិញ​នៅ​ក្រៅ​ប្រទេស
Date: 2017-08-17

ការ​មក​ដល់​នៃ​ផ្សារ​ទំនើប​នៅ​ទីក្រុង​ភ្នំពេញ កាន់​តែ​មាន​ច្រើន​ឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នឹង​បើក​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ ឬ​ដើម​ឆ្នាំក្រោយ ប្រសិនជា​គ្មានអ្វី​ប្រែប្រួល​ទេនោះ​។

លោក ស៊ីវ ម៉េង អ្នក​យក​ព័ត៌មាន​អចលនទ្រព្យ​នៃ​កាសែត​ភ្នំពេញ​ប៉ុស្ត៍​បាន​ជួប​ជាមួយ​លោក ROFY OTHSMAN នាយក​គ្រប់គ្រង​ផ្សារ​ទំនើប Parkson Mall នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ជជែក​ពិភាក្សា​ពី​ការបើក​ដំណើរ​ការ និង​ចក្ខុវិស័យ​របស់​លោក​។

អគារ​ផ្សារ​ទំនើប Phnom Penh Mega Mall ដែល​ស្ថិត​នៅ​តាម​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ប៉ុន្តែ​មាន​មហាជន​ភាគ​ច្រើន​បាន​ហៅ​ថា​ Parkson Mall ហើយ​បើ​តាម​ព័ត៌មាន​ផ្លូវ​ការ គឺ​ក្រុម​ហ៊ុន Parkson Mall របស់​ម៉ាឡេស៊ី គ្រាន់​តែ​បាន​ជួល​ទីតាំង​មួយ​ភាគ​ធំ (ប្រមាណ ៥ជាន់) នៃ​អគារ​ផ្សារ​ទំនើប Phnom Penh Mega Mall តែ​ប៉ុណ្ណោះ។

តើ​លោក​ចាប់​ផ្តើម​វិនិយោគ​ផ្សារ​ទំនើប Parkson Mall យ៉ាង​ដូច​ម្តេច​?

ផ្សារ​ទំនើប​នេះ​បាន​បើក​ដំណើរការ​សាងសង់​ កាល​ពី​ចុង​ឆ្នាំ ​២០១២ ដែល​យើង​មាន​គោលដៅ​មិន​ត្រឹមតែ​ជា​កន្លែង​កម្សាន្ត និង​ដើរ​ទិញ​ទំនិញ​របស់​ប្រជាជន​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ តែ​វា​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ផង​ដែរ ពិសេស​ផ្តល់ ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៤ ០០០​ នាក់​ក្នុង​មួយថ្ងៃ ព្រោះ​អគារ ផ្សារ​ទំនើប​នេះ​មាន​ទំហំ​ ១៦៥ ០០០​ ម៉ែត្រការ៉េ បូក​ទាំង​សណ្ឋាគារ​ជាង​ ៥០ ០០០​ ម៉ែត្រ​ការ៉េ និង​មាន​បន្ទប់​ជាង ​៤០០ សរុប​ទាំងអស់​ប្រមាណ​ ២២ ​ម៉ឺន​ម៉ែត្រ​ការ៉េ​។

ផ្សារ​ទំនើប​នេះ​ស្រូប​យក​កម្លាំង​ពលកម្ម ក្នុង​មួយ​វេនៗ​ជាង​ ២ ០០០​ នាក់ ហើយ​មួយ​ថ្ងៃ​ធ្វើកា រ​២​ វេន គឺ​ផ្តល់​ការងារ​ជាង​ ៤ ០០០ ​នាក់​។ នេះ​មិន​ទាន់​គិតពី​ការងារ​ដោយ​ប្រយោល​នៅ​ឡើយ​ទេ​។

​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្ពុជា ពួក​គេ​មិន​ត្រឹមតែ​អាច​មក​កម្សាន្ត​ដើរ​ទិញ​ទំនិញ​ទេ ពួកគេ​ក៏​អាចមក​ស្នាក់នៅ​ផង​ដែរ នេះ​ជា​ផលិតផល​មួយ​ទាក់ទាញ​ទេសចរ ហើយ​រដ្ឋាភិបាល​ក៏​ទទួល​បាន​ចំណូល​ពន្ឋ​ច្រើន​ផង​ដែរ​។

តើ​ផ្សារ​នេះ​មាន​លក្ខណៈ​ពិសេស ​យ៉ាង​ដូច​ម្តេច​?

ផ្សារ​នេះ​នឹង​បើក​ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​ ១០ ​យប់ និង​មាន​កន្លែង​កម្សាន្ត​បើក​រហូត​ដល់​ម៉ោង​ ២​ ទៀបភ្លឺ ដោយ​សារ​ផ្សារ​នេះ​មាន​រោង​ភាពយន្ត​ចំនួន ​៩ មាន​កន្លែង​ហាត់​ប្រាណ កន្លែង​លេង​បូរ៍លីង​មាន​ ៣០ ​លេន និង​មាន​សេវា​កម្សាន្ត​ជាច្រើន​ទៀត ពិសេស​ការ​រៀបចំ​ធ្វើឡើង​តាម​ស្តង់ដា​អន្តរជាតិ​។

តើ​ស្តង់​ក្នុង​ផ្សារ​ទំនើប​នេះ​បាន​ជួល​ជោគជ័យ​ហើយ​ឬ​យ៉ាង​ណា​?

ការ​ជួល​ស្តង់​នៅក្នុង​ផ្សារ​ទំនើប​នេះ ទទួល​បាន​ជោគជ័យ ដោយ​ក្រុមហ៊ុន​ខ្លះ​ជួល​យក​មួយ​ជាន់ៗ​តែម្តង ក្រុមហ៊ុន​ខ្លះទៀត​ជួល​យក ​២ ឬ​ ៣​ ជាន់ ឬ​ ៥​ ជាន់ នៅ​ក្នុង​ផ្សារ​ទំនើប​នេះ​កម្ពស់​៩​ជាន់​។ ផ្សារ​នេះ​អាច​ចត​រថយន្ត​បាន​ប្រមាណ​១៥០០​គ្រឿង និង​ម៉ូតូ​៣០០០​គ្រឿង​។

ជាន់​ក្រោម​នៃ​ផ្សារ​ទំនើប​នេះ​ជា Super Market ជាន់​ទី​ ១ ជា​កន្លែង​លក់​គ្រឿង​ក្រអូប ជាន់​ទី ​២ ជា​កន្លែង​លក់​គ្រឿងក្រអូប​សម្រាប់​នារី ជាន់​ទី​ ៣ ជា​កន្លែង​លក់​សម្លៀក​បំពាក់ ជាន់​ទី​៤ ជា​កន្លែង​លក់​សម្លៀក​បំពាក់​បុរស និង​គ្រឿង​ប្រើប្រាស់​ផ្សេងៗ​ទៀត ជាន់​ទី​៥ ជា​កន្លែង​លក់​ម្ហូប​អាហារ និង​ភេសជ្ជៈ ជាន់​ទី​៦ ជា​កន្លែង​លក់​គ្រឿង​អេឡិច​ត្រូនិក ជាន់​ទី ៧ ជា​កន្លែង​លក់​សម្ភារៈ​ព័ត៌មាន​វិទ្យា ទូរស័ព្ទ​ជាដើម ជាន់​ទី ​៨ ជា​កន្លែង​លក់​គ្រឿង​សង្ហា​រឹម​ផ្សេងៗ​សម្រាប់​លំនៅដ្ឋាន និង​ជាន់​ទី​៩ ជា​រោង​ភាពយន្ត បូរ៍លីង ជាដើម​។

ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ធំៗ​បាន​មក​ដល់​ក្រុង​ភ្នំពេញ​ជា​បន្ត​បន្ទាប់ តើ​លោក​មាន​យុទ្ឋ​សាស្ត្រ​យ៉ាង​ដូច​ម្តេច ដើម្បី​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​នា​ពេល​ខាង​មុខ​?

ផ្សារ​នេះ​ជា​សេវាកម្ម​មួយ​សម្រាប់​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក ដោយ​ពួក​គេ​មិនចាំបាច់​ទៅ​ទិញ​ទំនិញ​នៅក្រៅ​ប្រទេស​ទៀត​ទេ ព្រោះ​ទំនិញ​ល្បីៗ​បាន​មកដល់​ស្រុក​យើង​ហើយ អ៊ីចឹង​សូម​ចាយលុយ​នៅ​ស្រុក​របស់​យើង​ទាំង​អស់​គ្នា​។ នេះ​ជាស​ញ្ញា​មួយ​ដែល​បង្ហាញថា សេដ្ឋកិច្ច​កម្ពុជា​បាន​កើន​ឡើង បង​ប្អូន​ប្រជា​ពលរដ្ឋ​ត្រូវការ​របស់​ទំនើបៗ​។

​កន្លងមក​បងប្អូន​អ្នក​មាន​លទ្ធភាព​ក៏បាន​ទៅ​ទិញ​ទំនិញ​នៅក្រៅ​ប្រទេស អ្នក​មិនមាន​លទ្ធភាព​ក៏​ប្រើប្រាស់​ទំនិញ ឬ​របស់​របរ​ប្រើប្រាស់​ទៅតាម​លំដាប់​ជីវភាព​របស់ខ្លួន ប៉ុន្តែ​ដោយសារ​សេដ្ឋកិច្ច​រីកចម្រើន​ប្រាក់​ចំណូល​ប្រជា​ពលរដ្ឋ​បាន​កើនឡើង​ដែល​អាច​បម្រើ​សេវាកម្ម​ជូន​ប្រជា​ពលរដ្ឋ​បាន​ច្រើន​លំដាប់ ដែល​យើង​អាច​ផ្តល់​ជូន​គាត់​។

អ្វី​ជា​មូលហេតុ​ដែល​លោក​នាំ​យក​ផ្សារ​ទំនើប​ធំ​បែប​នេះ​មក​ស្រុក​ខ្មែរ តើ​លោក​ទិញ​សិទ្ធិ (Franchise ) មកពី​ម៉ាឡេស៊ី ឬ​យ៉ាង​ណា​?

យើង​វិនិយោគ​ដោយ​ខ្លួន​ឯង និង​បាន​នាំ​មក​នូវ​ស្តង់ដារ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ តាម​រយៈ​ការ​សហការ​ជាមួយ​ដៃគូ​វិនិយោគ​មកពី​អន្តរជាតិ​។ នៅ​ប្រទេស​ណា​ក៏​ដោយ ដែល​មាន​ការ​អភិវឌ្ឍ​ច្រើន​លើ​គ្រប់​វិស័យ​បាន​បង្ហាញ​ថា ប្រទេស​ហ្នឹង​មាន​ស្ថិរភាព​នយោបាយ​ល្អ មាន​កំណើន​សេដ្ឋកិច្ច​ល្អ ព្រោះ​បើ​គ្មាន​ចំណុច​ទាំង​២​នេះ យើង​ក៏​គ្មាន​ការចូល​មក​នូវ​ការ​វិនិយោគ​ដែរ​។

វា​បង្ហាញ​ថា​កម្ពុ​ជាមាន​សុខសន្តិ​ភាព ធ្វើ​ឲ្យ​គេ​កក់ក្តៅ​មក​បោះទុន​ធ្វើការ​វិនិយោគ ដោយ​មិន​ព្រួយ​បារម្ភ​អ្វី​ទាំង​អស់​។

Parkson Mall ជា​របស់​អ្នក​វិនិយោគ​ម៉ាឡេស៊ី ដែល​មាន​ជាង​១៥០​ទីតាំង​ក្នុង​ទ្វីបអាស៊ី ដែល​មាន​គោលដៅ​ពង្រីក​ជា​បន្តទៀត​។ ចំណែក​ប្រទេស​កម្ពុជា យើង​ធ្វើ​ប៉ុណ្ណឹង​សិន មុន​សម្រេច​ចិត្ត​ទៅ​វិនិយោគ​នៅ​ទីតាំង​ផ្សេងទៀត​។

តើ​សណ្ឋាគារ​ក្នុង​គម្រោង​នេះ​នឹង​បើក​ដំណើរការ​នៅ​ពេល​ណា​?

ការ​សាងសង់​សណ្ឋាគារ នឹងធ្វើ​ពីលើ​អគារ​របស់​ផ្សារ​ទំនើប​នេះ ព្រោះ​យើង​បានរៀបចំ​គ្រឹះ​សម្រាប់​សាងសង់​រួច​ហើយ ប៉ុន្តែ​រហូតមកទល់​ពេលនេះ​យើង​មិនទាន់បាន​ចាប់ផ្តើម​សាងសង់​នៅឡើយ​ទេ ដោយ​សារ​ក្រុមហ៊ុន​កំពុង​រៀបចំ​រចនា​ប្លង់​របស់​សណ្ឋាគារ​នេះ​។

កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​អ្នក​វិនិយោគទុន​មកពី​ប្រទេស​ម៉ាឡេស៊ី គ្រោង​វិនិយោគ​លើ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អីស្លាម​នៅ​កម្ពុជា តើ​លោក​មាន​ជ្រាប​ទេ ថា​គម្រោង​នោះបាន​ដល់​តំណាក់​កាល​ណា​ហើយ​?

​វា​ស្ថិត​នៅ​ក្នុង​គម្រោង​នៅ​ឡើយ​ទេ មិនទាន់​សម្រេច​ថា នឹង​ធ្វើ​ការ​វិនិយោគ​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ម៉ាឡេស៊ី​រូប​នោះ​បាន​ចាប់​អារម្មណ៍ និង​កំពុង​សិក្សា ថា​តើ​អាច​បង្កើត​មជ្ឈមណ្ឌល​នេះ​យ៉ាង​ដូច​ម្តេច​។ ហេតុ​នេះ​អ្វីៗ​ស្ថិត​ក្នុង​ការ​សិក្សា​នៅឡើយ ដូច្នេះ​យើង​មិន​អាច​ដឹង​ថា ពេលណា​គម្រោង​នោះ​នឹង​ដំណើរ​ការ​នោះទេ​។

វា​ជា​គម្រោង​នៃ​ថវិកា​គរុភណ្ឌ​សាសនា ព្រោះ​នៅ​ក្នុង​បណ្តា​ប្រទេស​កាន់​សាសនា​អ៊ិស្លាម មាន​ទ្រព្យ​សម្បត្តិ​ដែល​បាន​ទុក​ជា​គរុភណ្ឌ​សាសនា​ច្រើន ហេតុ​នេះ​អ្នក​កាន់​កាប់​មូលនិធិ​គរុភណ្ឌ​សាសនា ចង់​យក​ប្រាក់​ទាំង​នោះមក​បង្កើត​សកម្មភាព​ពាណិជ្ជកម្ម ឬ​វិនិយោគ​លើ​វិស័យ​អ្វីមួយ​ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​សង្គម​។

លុយ​គរុភណ្ឌ​សាសនា ជា​ថវិកា​បាន​មក​ពី​ការ​បរិច្ចាគ​របស់​អ្នក​កាន់​សាសនា​អ៊ិស្លាម ដែលមាន​ករណី​ខ្លះ​មហាសេដ្ឋី​ណា​ម្នាក់​បាន​បាត់​បង់ជីវិត ពួកគេ​ក៏បាន​បរិច្ចាគ​ថវិកា​របស់​ពួកគេ​ទាំង​អស់ ឬ​ផ្នែក​ណាមួយ​សម្រាប់​ដាក់​ជាគ​រុភណ្ឌ​នៃ​សាសនា​របស់​ខ្លួន​៕

Source From: http://www.postkhmer.com
Share
Our Partners