Hot line: +855 (0)99 283 388
● You are in: Media > Detail News
អ្នកឧកញ៉ា គិត ម៉េង ៖ សេដ្ឋកិច្ចអាស៊ានបូក ៣ បានដាក់ចេញនូវគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធវិសាមញ្ញ
Date: 2022-09-16

សៀមរាប ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលបាន និងកំពុងដឹកនាំកិច្ចប្រជុំលើកទី ៥៥ EABC Meeting ២០២២ នៅសណ្ឋាគារសុខា ក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានលើកឡើងថា សេដ្ឋកិច្ចអាស៊ានបូក ៣ បានដាក់ចេញនូវគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធវិសាមញ្ញ

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ៖ «សេដ្ឋកិច្ចអាស៊ានបូក ៣ បានដាក់ចេញនូវគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធវិសាមញ្ញ ការជំរុញដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតរបស់ជំងឺកូវីដ-១៩ ប្រកបដោយនិរន្តរភាព ដើម្បីសង្គ្រោះជីវិត និងការពារជីវភាព អាជីវកម្ម ខណៈដែលយើងកំពុងងើបចេញពីវិបត្តិនោះ ប៉ុន្តែឥទ្ធិពលនៃការប៉ះពាល់ទំនងជានៅបន្តមានវត្តមាន និងស៊ីជម្រៅនៅជាមួយយើង។ វិបត្តិកូវីដក៏នឹងក្លាយទៅជាការដាស់តឿនឡើងវិញអំពីសារៈសំខាន់នៃការប្រាស្រ័យគ្នាទៅវិញទៅមករវាងអាស៊ានបូក៣ ជាពិសេសភាពចាំបាច់នៅក្នុងការពង្រឹង និងតភ្ជាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ឲ្យបានដូចកាលពីគ្រាមុនសម័យកូវីដ។

អ្នកឧកញ៉ាបានបន្តថា ៖ «ការបង្កើតតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ភាពជាដៃគូ (RCEP) ដែលចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ បានបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សេដ្ឋកិច្ចក្នុងតំបន់នេះចំពោះពាណិជ្ជកម្មសេរី និងពហុភាគីនិយម ដែលផ្អែកលើច្បាប់ ហើយសំខាន់ផ្តល់នូវឱកាសទាន់ពេលវេលាដើម្បីជួយជំរុញការស្តារឡើងវិញក្រោយការរាតត្បាត។ ពួកយើងជឿជាក់ថានៅក្នុងអំឡុងពេលដ៏លំបាកនេះអាស៊ានបូក៣នឹងសហការគ្នាជាមួយនឹងវិស័យឯកជនដើម្បីបង្កើតបានទៅជាសេដ្ឋកិច្ចមួយដែលមានភាពរឹងម៉ាំ និងកាន់តែខ្លាំងឡើង»។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានដែលកំពុងដឹកនាំកិច្ចប្រជុំលើកទី ៥៥ EABC Meeting ២០២២ ក៏បានបញ្ជាក់ផងដែរថា ក្នុងន័យនេះដែរ ស្ថិតនៅក្រោមការដឹកនាំដោយកម្ពុជាក្នុងនាមជាប្រធាន និងភាគីខាងចិនក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំ EABC គឺផ្តោត យកចិត្តទុកដាក់ទៅលើមូលដ្ឋានគ្រិះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចដែលមានភាពធន់ និងភាពច្នៃប្រឌិតខ្ពស់ ដើម្បីឆ្លុះបញ្ចាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងនេះផងដែរ ហើយ EABC ក៏បានបង្កើតជាកម្មវិធីមួយដែលមានឈ្មោះថា Reconneting East Asia for Dynamic, Inclusive and Sustainable Regional Recovery សម្រាប់ឆ្នាំ២០២២នេះផងដែរ។

តាមរយៈគំនិតផ្ដួចផ្ដើម និងការផ្តល់នូវមតិយោបល់រួមគ្នានៅក្នុងកម្មវិធីនៃកិច្ចប្រជុំដ៏មានសារសំខាន់មួយនេះ នឹងបានឆ្លុះបញ្ចាំងពីបញ្ហានានា ហើយ EABC បានអនុម័តប្រធានបទ «ការតភ្ជាប់អាស៊ីបូព៌ាឡើងវិញសម្រាប់ការងើបឡើងវិញក្នុងតំបន់ថាមវន្ត រួមបញ្ចូលគ្នាប្រកបដោយនិរន្តរភាព» នៅឆ្នាំ២០២២។

ក្រោមប្រធានបទនៃគំនិតផ្តួចផ្តើម និងការផ្តល់អនុសាសន៍ផ្តោតលើផ្នែកសំខាន់ៗចំនួន ៣ គឺការសម្របសម្រួលសង្គមនៃការអនុវត្ត RCEP ការដោះស្រាយប្រកបដោយប្រសិទ្ធភាព និងផលិតភាពទទួលបានពីវិស័យឌីជីថលបែបច្នៃប្រឌិត ហើយចុងក្រោយគឺការកសាងឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ដែលមានភាពធន់សម្រាប់អាជីវកម្មនៅក្នុងតំបន់៕

Source From:
Share
Our Partners