Hot line: +855 (0)99 283 388
● You are in: Media > Detail News
អ្នកជំនាញដីធ្លី៖ តំបន់ជាយក្រុងភាគខាងត្បូងរាជធានីភ្នំពេញ កំពុងមានសក្ដានុពលខ្លាំង និងជាឱកាសល្អសម្រាប់អ្នកវិនិយោគ
Date: 2019-08-13

(ភ្នំពេញ)៖ លោកឧកញ៉ា នួន រិទ្ធី អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុន KFA បានបញ្ជាក់ថា ការហក់ឡើងនូវតម្លៃអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ គឺស្ទើរតែជុំវិញក្រុងទៅហើយ ដែលមានចម្ងាយប្រមាណជាង៣០គីឡូពីទីក្រុងភ្នំពេញ ក៏ប៉ុន្តែទីតាំងដែលកំពុងមានសក្ដានុពលទាំងបច្ចុប្បន្ន និងអនាគត គឺជាទីតាំងនៅភាគខាងត្បូងរាជធានីភ្នំពេញ ព្រោះថានៅទីនោះមានទីប្រជុំជនធំ និងគម្រោងអភិវឌ្ឍន៍ធំៗ ដែលក៏កើតឡើង។

ការលើកឡើងបែបនេះ របស់លោកឧកញ៉ា នួន រិទ្ធី បានធ្វើឡើងក្នុងកិច្ចសម្ភាស នៃកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ។

លោកបានបញ្ជាក់ថា «មូលហេតុដែលធ្វើឲ្យតម្លៃអចលនទ្រព្យ មានការហក់លោតខ្លាំងបែបនេះ គឺមកពីមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាងសង់ផ្លូវក្រវាត់ក្រុងទី២ ដែលកត្តាមួយជំរុញឲ្យមានការវិវត្តន៍ជាច្រើន។...ដោយឡែកកត្តាជំរុញបន្ថែមទៀតនោះ គឺថ្មីៗនេះ ក៏មានការសម្ពោធផ្លូវក្រវាត់ក្រុងទី៣មួយទៀត ដែលវត្តមានផ្លូវក្រវាត់ក្រុងទី៣នេះហើយ ដែលជាកត្តាជំរុញយ៉ាងខ្លាំង ទៅលើវិស័យអចលនទ្រព្យ នៅតាមតំបន់ជាយក្រុង ក្នុងរាជធានីភ្នំពេញ មានតម្លៃកើនឡើងផងដែរ»

លោកបញ្ជាក់ទៀតថា បើមើលទៅតបន់ភាគខាងជើង ដែលមាននៅខាងព្រែកព្នៅ យើងឃើញថា មានការកកើតច្រើនផងដែរដូចជា លំនៅដ្ឋានផ្សេងៗ ក៏ប៉ុន្តែវាមិនស្ថិតនៅជិតគម្រោងធំៗ ដូចជានៅភាគខាងត្បូងនោះទេ។ ប៉ុន្តែសម្រាប់នៅភាគខាងត្បូង គឺមានគម្រោងធំៗជាច្រើន និងត្រៀមមានគម្រោងធំមួយៗទៀតកើតឡើង គឺការសាងសង់ព្រលានយន្តហោះ។

លោកបានបន្ថែមថា «អ្នកវិនិយោគ បានជ្រើសរើសក្នុងការវិនិយោគ នៅភាគាខាងត្បូងច្រើនជាងភាគខាងជើង ហើយចំពោះនៅភាគខាងលិចវិញ គឺមានការអភិវឌ្ឍស្ទើរតែពេញដីទៅហើយ ហើយពីភ្នំពេញថ្មី មកទំនប់កប់ស្រូវវិញ គឺស្ទើរតែអភិវឌ្ឍន៍សុះដីទៅហើយ ដូច្នេះនៅមានឱកាសតែភាគខាងជើង ខាងកើត និងខាងត្បូង ប៉ុន្តែភាគខាងត្បូង គឺជាភាគដែលមានសក្ដានុពលធំជាងគេ ព្រោះថា នៅតំបន់ភាគខាងត្បូងនោះ មានសក្ដានុពលល្អៗច្រើន និងមានគម្រោងអភិវឌ្ឍន៍ច្រើនជាងភាគខាងជើង និងខាងកើតផងដែរ»

Source From:
Share
Our Partners