ជាលទ្ធផលក្នុងចំណោមបេក្ខភាពជាប់ជ័យលាភីចុងក្រោយទាំង៥ ក្នុងនាមជាក្រុមហ៊ុន ដែលបម្រើនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក្រុមហ៊ុនKhmer Foundation Appraisal Co.,Ltd តែមួយគត់ ដែលមានលោកឧកញ៉ា នួន រិទ្ធី ជាស្ថាបនិក និងជាអគ្គនាយកគ្រប់គ្រង ទទួលបានពានរង្វាន់ «ភាពជាសហគ្រិនឆ្នើម»។
មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានប្រចាំនៅគេហទំព័រ Propertyarea.asia កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះថា នៅក្នុងកម្មវិធីប្រកួតដំណ្តើមពាន់រង្វាន់ “ភាពជាសហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៩” មានក្រុមហ៊ុនជាច្រើនដែលបានចូលរួម និងត្រូវឆ្លងកាត់វគ្គជម្រុះចំនួន៥ ក្រោមការត្រួតពិនិត្យល័ក្ខខ័ណ្ឌ និងវិនិច្ឆ័យពីសំណាក់គណៈកម្មការយ៉ាងតឹងរឹង។
ការវាយតម្លៃ និងផ្តល់ពិន្ទុ គណកម្មការបានត្រួតពិនិត្យ និងវាយតម្លៃចាប់តាំងពីដំណាក់កាលដំបូងនៅពេលដាក់ពាក្យ ហើយធ្វើការជម្រុះតាមវគ្គនិមួយៗចំនួន៤វគ្គផ្សេងទៀត រាប់ទាំងវគ្គចុងក្រោយ។ អ្វីដែលជាល័ក្ខខ័ណ្ឌ និងការផ្តល់ពិន្ទុចម្បងជាងគេ គឺការពិនិត្យ និងវាយតម្លៃទៅលើកេរ្តិ៍ឈ្មោះក្រុមហ៊ុន ដែលកំពុងដំណើរការ ការគ្រប់គ្រងប្រកបដោយគុណភាពខ្ពស់ ការថែទាំសេវាកម្ម និងពង្រីកប្រតិបត្តិការនៅលើទីផ្សារបន្ថែមប្រកបដោយប្រសិទ្ធភាព រួមជាមួយនឹងការចែករំលែកជាប្រយោជន៍ដល់សង្គម រួមមានដូចជាការចែកចាយព័ត៌មាន នៅក្នុងវិស័យពាក់ព័ន្ធទៅដល់សាធារណៈជន ការចែករំលែកជាចំណេះដឹងពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យជាដើម។
លោកឧកញ៉ា នួន រិទ្ធីបានមានប្រសាសន៍ថា “នេះគឺជាលើកទី១ហើយដែលក្រុមហ៊ុនរបស់ខ្ញុំចូលរួម ខណៈដែលកម្មវិធីដែលរៀបចំឡើង ដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជាមានអាយុកាល៥ឆ្នាំរួចទៅហើយ”។ លោកឧកញ៉ាបន្តទៀតថា “ភាពជោគជ័យរបស់ក្រុមហ៊ុន KFA ក៏ព្រោះតែអាយុកាលរបស់ក្រុមហ៊ុន ទើបតែបង្កើតរយៈជាង៤ឆ្នាំ ផ្តើមចេញពីក្រុមហ៊ុនផ្តល់សេវាកម្ម និងប្រឹក្សាផ្សេងៗពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យប៉ុន្តែក្នុងរយៈពេលដ៏ខ្លី KFA ទទួលបានជោគជ័យក្នុងប្រតិបត្តិការរបស់ខ្លួន ថែមទាំងបានពង្រីកខ្លួនបន្ថែមពីលើផ្នែកសេវាកម្ម មកជាក្រុមហ៊ុនអភិវឌ្ឍ”។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា អ្វីដែលជាចំណុចខ្លាំងរបស់ក្រុមហ៊ុន KFA ក្រៅពីពង្រីកវិសាលភាព គឺបានចូលរួមបង្កើនធនធានមនុស្សជាច្រើននាក់ រាប់ទាំងការបណ្តុះបណ្តាលផ្តល់នូវចំណេះដឹង ក៏ដូចជាការជួយបង្កើនកម្រិតជីវភាពរបស់ពួកគេ តាមរយៈការផ្តល់ជូនការងារជាច្រើនជូនប្រជាពលរដ្ឋកម្ពុជា។
លោកឧកញ៉ាបន្តថា ការទទួលបានពានរង្វាន់ «ភាពជាសហគ្រិនឆ្នើមវ័យក្មេងនៅកម្ពុជាឆ្នាំ២០១៩» វាមិនមែនជាស្នាដៃរបស់លោកឧកញ៉ាតែម្នាក់ឯងនោះទេ ប៉ុន្តែជាសមិទ្ធផលរួមក្រោមការខិតខំ ប្រឹងប្រែងរបស់គ្រប់សមាសភាពបុគ្គលិក ដែលបម្រើការងារនៅក្នុងក្រុមហ៊ុន KFA ទាំងអស់គ្នា ហើយវានឹងនៅតែបន្តភាពរីកចម្រើនទៅមុខទាំងអស់គ្នាទៀត៕