Bitcoin ឥឡូវនេះបានចូលវាយលុកទីផ្សារអចលនទ្រព្យ របស់សហរដ្ឋអាមេរិកហើយពិសេសក្នុងរដ្ឋ Florida តែម្តងដែលបានបើកឱកាសឲ្យវិនិយោគិនបរទេសអាចប្រើវិធីវិនិយោគផ្សេងៗពីការគ្រប់គ្រងរូបិយវត្ថុក្នុងប្រទេសកំណើតខ្លួន ដោយស្របតាមច្បាប់របស់សហរដ្ឋអាមេរិក។
កាលពីចុងឆ្នាំមុន រូបិយវត្ថុបែបឌីជីថលនេះត្រូវបានគេចាត់ទៅក្នុងតារាងជាមធ្យោបាយមួយដែលត្រូវបានប្រើប្រាស់ក្នុងការទូទាត់ទិញលក់អចលនទ្រព្យប្រហែល ៧៥ ភាគរយ ពិសេសនៅរដ្ឋ Florida ភាគខាងត្បូង និងរដ្ឋកាលីហ្វ័រញ៉ា។ នេះបើយោងតាមក្រុមហ៊ុនអចលនទ្រព្យ Redfin។ «ការទទួលយកBITCOIN»នេះគឺជាសារមួយបង្ហាញថា បច្ចុប្បន្នវាត្រូវបានគេដាក់បញ្ចូលទៅក្នុងផ្នែកនៃការផ្សាយពាណិជ្ជកម្មលក់ផ្ទះនៅ Miami រួចមកហើយ។
មានអ្នកលក់ម្នាក់ដែលយករឿងនេះជាធំតែម្តងដោយគាត់បាននិយាយថា នឹងយកការទូទាត់ជា bitcoin តែមួយគត់ សម្រាប់ខុនដូនៅទីប្រជុំជនរបស់គាត់ដែលមានតម្លៃកន្លះលានដុល្លារស្ថិតតំបន់អគារខ្ពស់ៗក្នុងរដ្ឋ Florida។
BITCOINមានតម្លៃកើនឡើង និងថយចុះយ៉ាងគំហុកនារយៈពេលចុងក្រោយនេះ ដោយតម្លៃរបស់វាបានកើនឡើងរហូតដល់ជិត២ម៉ឺនដុល្លារក្នុងមួយ bitcoin កាលពីពាក់កណ្តាលខែធ្នូកន្លងទៅ មុនពេលធ្លាក់ទៅវិញនៅអំឡុងថ្ងៃបុណ្យគ្រិស្តស្មាស់។
នៅដើមឆ្នាំនេះ វាមានតម្លៃប្រហែល១៤,០០០ដុល្លារ។ ការប្រើប្រាស់រូបិយវត្ថុនេះក្នុងវិស័យអចលនទ្រព្យគឺជាការប្រថុយប្រថាន ហើយភ្នាក់ងារមានក្តីព្រួយបារម្ភដោយសារតែតម្លៃរបស់វាមិនមានលំនឹងច្បាស់លាស់។
លោក Jay Parker អគ្គនាយកក្រុម ហ៊ុនភ្នាក់ងារអចលនទ្រព្យ Douglas Elliman នៅ Florida បាននិយាយថា ៖ «ខ្ញុំនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំង ប្រសិនបើក្នុងរយៈពេល១ឆ្នាំទៀតយើងឃើញមានអចលនទ្រព្យដាក់លក់ដោយប្រើBITCOIN»។
បើទោះជាយ៉ាងនេះក្តី រូបិយវត្ថុប្រភេទនេះមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ ជនបរទេសដែលចង់មកវិនិយោគនៅសហរដ្ឋអាមេរិក តែមិនអាចមកវិនិយោគផ្ទាល់បាន។ នេះបើយោងតាមសម្តីសេដ្ឋវិទូ និងអ្នកជំនាញBITCOINលោក Charles Evan នៅសាកលវិទ្យាល័យ Barry។
លោក Evans បានប្រាប់ AFP ថា ៖ «វិនិយោគិនបរទេសដែលមិនចង់ប្រើធនាគារ និងមិនចង់ប្រើរូបិយវត្ថុក្នុងប្រទេសរបស់ខ្លួនហាក់មានការចាប់អារម្មណ៍នឹងវាខ្លាំងរួមទាំងអ្នកដែលកំពុងតែជ្រួលច្របល់នឹងរូបិយវត្ថុឌីជីថលរបស់អាមេរិកមួយនេះ CRYPTOCURRENCY)»។
លោកបានបន្ថែមថា ៖ «រដ្ឋាភិបាលរបស់ប្រទេសទាំងនោះធ្វើការកំណត់ចំនួនទឹកប្រាក់ដែលប្រជាជនខ្លួនអាចផ្ញើចេញទៅក្រៅប្រទេសតាមរយៈប្រព័ន្ធធនាគារ តែ Bitcoin អនុញ្ញាតឲ្យពួកគេអាចទូទាត់ប្រាក់លើសពីការកំណត់ទាំងនេះបាន»។ នេះអាចនិយាយថាជាចំណុចទាក់ទាញមួយសម្រាប់វិនិយោគិនដែលមានភាពសកម្មក្នុងទីផ្សារអចលនទ្រព្យនៅភាគខាងត្បូងនៃរដ្ឋ Florida។
សព្វថ្ងៃនេះមានអតិថិជនបរទេសជិតពាក់កណ្តាលដែលបានទិញអចលនទ្រព្យនៅ Florida ខាងត្បូងដោយភាគច្រើនមកពីអាមេរិកឡាទីន។ បើយោងតាមសមាគមអចលនទ្រព្យជាតិ ឬ National Association of Realtors ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ វិនិយោគិនមកពីប្រទេសវេណេហ្សុ៊យអេឡា ប្រេស៊ីល និងអាហ្សង់ទីន សុទ្ធតែជាអតិថិជនកំពូលៗដែលបានទិញអចលនទ្រព្យក្នុងរដ្ឋនេះ។
លាងលុយ?
BITCOINបើកឱកាសមួយទៀតសម្រាប់ វិនិយោគិនបរទេសមួយចំនួន គឺអនុញ្ញាតឲ្យពួកគេអាចគេចចេញពីច្បាប់មួយចំនួនរបស់អាមេរិក។
លោក Evans បានលើកយកប្រទេសវេណេហ្សុ៊យអេឡាជាឧទាហរណ៍ ដែលវិនិយោគិនបានបំពានទៅលើការកំណត់នៃចំនួនលំហូរសាច់ប្រាក់ចេញ ហើយកំពុងតែប្រឈមនឹងកំណើនដ៏ខ្ពស់ដែលបានកើនលើសពី ២,៦០០ភាគរយ កាលពីឆ្នាំ២០១៧។
លោក Evans បានប្រាប់ទៀតថា ជនជាតិអុីរ៉ង់ក៏ចាប់អារម្មណ៍ខ្លាំងនឹងBITCOIN នេះដែរ ដោយលោកបានលើកឡើងថាបាន«វាយលុកទ្វេដង» លើសពីច្បាប់កំណត់របស់ប្រទេសអុីរ៉ង់ និងរបស់អន្តរជាតិ។ វាគឺជាអាថ៌កំបាំងមួយដែលគ្រប់គ្នាដឹងថា ការលាងលុយមានចំណែកក្នុងទីផ្សារអចលនទ្រព្យក្នុងរដ្ឋ Florida ភាគខាងត្បូង ប៉ុន្តែជាជាងការលាក់បាំងនូវអំពើនេះ bitcoin អាចនឹងជាដំណោះស្រាយសម្រាប់អ្នកលាងលុយបាន។
រូបិយវត្ថុឌីជីថល (cryptocurrency) «អាចជាមធ្យោបាយទូទាត់ប្រាក់មួយសម្រាប់ការលាងលុយធំៗ ព្រោះរាល់ការទូទាត់ដោយប្រើBITCOIN ទាំងអស់ត្រូវបានរក្សាទុកក្នុងប្រព័ន្ធកត់ត្រាការទូទាត់ជាសាធារណៈក្នុង Blockchain»។ នេះបើតាមលោក Evans។
បើទោះបីជា Bitcoin មានការពាក់ព័ន្ធខ្លះនឹងការជួញដូរគ្រឿងញៀន និងការវាយលុកតាមប្រព័ន្ធអនឡាញក្តី Blockchain«បានរក្សាទុកភ័ស្តុតាងជាច្រើន» នេះបើតាមអតីតអ្នកតំណាងឲ្យរដ្ឋ Florida គឺលោក Jose Felix Diaz ដែលបានថ្លែងប្រាប់សារព័ត៌មាន Politico។
លោកនិយាយថា ៖ «ដូច្នេះប្រសិនបើអ្នកធ្វើអ្វីផ្ទុយនឹងច្បាប់ រដ្ឋ និងរដ្ឋាភិបាលសហព័ន្ធ (federal government) មាននូវភ័ស្តុតាងដែលគេបានរក្សាទុកដើម្បីចាប់ខ្លួនអ្នកបាន»។
កាលពីឆ្នាំមុន លោក Diaz បានផ្តល់ការគាំទ្រដល់ច្បាប់កំណត់រូបិយប័ណ្ណមួយក្នុងច្បាប់របស់រដ្ឋ Florida ដែលរួមមានទាំង Bitcoin ដែរសម្រាប់ការប្រឆាំងនឹងការលាងលុយ។
ភ្នាក់ងារអចលនទ្រព្យ Parker ក៏បាន ថ្លែងថា ការលាងលុយដោយប្រើBITCOIN មិនងាយនឹងបង្កឲ្យមានហានិភ័យនោះទេ ព្រោះ «ម្ចាស់អចលនទ្រព្យដែលទទួលការទូទាត់ប្រាក់នោះនឹងតែងតែអាចត្រូវបានគេស្វែងរកឃើញជានិច្ច»។
លោក Parker បានថ្លែងថា ការពេញនិយមក្នុងការទិញលក់អចលនទ្រព្យដោយប្រើ Bitcoin អាចនឹងឆាប់សាបទៅវិញដូចគ្នាទៅនឹង bitcoin ខ្លួនវាផ្ទាល់ផងដែរ។
លោក Parker បញ្ជាក់ថា ៖ «ខ្ញុំគិតថា វាគឺជារូបិយវត្ថុតំណាងមួយ។ វាមិនមានហានិភ័យច្រើនពេលនោះទេ។ ហានិភ័យតែមួយគត់នោះ គឺប្រសិនបើវាធ្លាក់ចុះដល់បាតមុនពេកអ្នកចាយវាយ»។
លោក Parker បន្តថា ៖ «ខ្ញុំគិតជាអ្នកដែល កំពុងតែប្រើBITCOINS ដើម្បីលក់អចលនទ្រព្យរបស់ខ្លួននោះកំពុងតែព្យាយាមប្រើគ្រប់មធ្យោបាយដើម្បីឱ្យអ្នកសរសេរអំពីវា និងដើម្បីឲ្យគេដឹងអំពីការលក់របស់ខ្លួនកាន់តែច្រើន»៕