អ្នកស្រី Victoria Alvarez គឺជាស្ត្រីម្នាក់ដ៏សកម្មពោរពេញទៅដោយថាមពល ហើយជាអ្នកគ្រប់គ្រងផ្សារ Seven Sisters Indoor Market នៅតំបន់ភាគខាងជើងនៃក្រុងឡុងដ៍។
នៅព្រឹកមួយនាពេលថ្មីៗកន្លងទៅនេះនាងបានទៅជួបពិភាក្សាជាមួយមិត្តភក្តិរបស់ខ្លួន តែបានប្រញិបប្រញាប់ដើរចូលទៅក្នុងហាងទំនិញមួយកន្លែងក្នុងផ្សារដើម្បីទៅសួរម្ចាស់ហាងម្នាក់ជាជនជាតិអុីរ៉ង់ ក្រែងគាត់មានទំនិញដែលនាងត្រូវការ។ មិនទាន់ស្តាប់ចប់ម្ចាស់ហាងនោះនិយាយចប់ស្រួលបួលផង នាងបានប្រញាប់ចេញទៅហាងប្តូរប្រាក់ និងហាងដឹកជញ្ជូនទំនិញរបស់នាង។
សម្រាប់ Alvarez ដែលជាជនជាតិកូឡុំប៊ី និងបានបើកហាងនៅទីនេះអស់រយៈពេល១៦ឆ្នាំ ព្រមទាំងជាប្រធានសមាគមឈ្មួញទិញលក់ផងដែរនោះផ្សារនេះគឺជាផ្ទះទី២របស់នាងតែម្តង។ អតិថិជនរបស់នាងអាចមកទិញគ្រឿងទេសក៏បាន ឬញ៉ាំអាហារ ឬក៏កាត់សក់ ហើយក៏អាចជួបជាមួយភ្នាក់ងារអចលនទ្រព្យ និងទទួលបានការប្រឹក្សាយោបល់សម្រាប់ការរត់ឯកសារផ្លូវច្បាប់នៅក្នុងផ្សារនេះមួយតែម្តង។ កូនស្រីរបស់នាងបានចំណាយពេលវេលាយ៉ាងច្រើនក្នុងដំណើររីកធំលូតលាស់នៅក្នុងផ្សារនេះ។
អ្នកស្រីថ្លែងថា ៖ «សម្រាប់ខ្ញុំ ឫសគល់គឺមានសារៈសំខាន់បំផុត។ ដូច្នេះហើយទើបផ្សារនេះជាផ្នែកមួយដ៏សំខាន់នៃសហគមន៍នេះ»។
នាងនិយាយថា បច្ចុប្បន្ននាងមានផ្សារ Seven Sisters Indoor Market ដែលជាផ្សារអាមេរិកឡាទីនធំជាងគេបំផុតក្នុងចក្រភពអង់គ្លេស ប៉ុន្តែកំពុងតែប្រឈមនឹងការគំរាមកំហែង ដោយសារតែផ្សារនេះកំពុងស្ថិតក្នុងគម្រោងស្តារក្រុងដ៏ធំបំផុតរបស់អាជ្ញាធរក្រុងឡុងដ៍។
ឈ្មួញ និងអាជីវករបានថ្លែងថា ពួកគេកំពុងតែប្រឈមនឹងការឡើងថ្លៃ ដោយសារតែអាជ្ញាធរក្នុងតំបន់មិនស្តាប់បណ្តឹងរបស់ពួកគាត់នោះទេ ហើយប្រជាជនភាគតិចដែលនិយាយភាសាអេស្ប៉ាញក្នុងរាជធានីនៃប្រទេសនេះនឹងត្រូវបាត់បង់អស់ជាក់ជាមិនខាន។
តំបន់មួយដែលនៅជុំវិញផ្សារនេះដែលមានឈ្មោះថា Tottenham គឺជាតំបន់ចម្រុះដ៏ធំមួយក្នុងទីក្រុងឡុងដ៍ ដែលមានប្រជាជនចម្រុះនិយាយដល់ទៅ ២០០ ភាសាផ្សេងគ្នា។ ខណ្ឌនេះស្ថិតនៅចំកណ្តាល High Road ហើយមានទំហំ៣ម៉ាយល៍ ដែលមានទាំងហាងលក់សាច់ប្រភេទហាឡាល់ និងហាងសម្អាងការជនជាតិ Afro-Caribbean និងហាងកាហ្វេតូចៗ ភោជនីយដ្ឋាន និងផ្សារជាច្រើនដូចផ្សាររបស់ Alvarez ដែរ។
Tottenham ជាខណ្ឌមួយដែលជួបនឹងភាពស្មុគស្មាញខ្លាំងបំផុតក្នុងទីក្រុងឡុងដ៍ ហើយក្រុមប្រឹក្សាអាជ្ញាធរក្នុងតំបន់លើកឡើងថា តំបន់នេះកំពុងត្រូវការការសាងសង់ថ្មី។ ប្រជាជនប្រហែល ១ ម៉ឺននាក់ កំពុងស្ថិតក្នុងបញ្ជីរង់ចាំសម្រាប់ទទួលបានផ្ទះសាធារណៈ។
រីឯអត្រាឧក្រិដ្ឋកម្ម គឺខ្ពស់ជាងអត្រាមធ្យមរបស់ទីក្រុងឡុងដ៍ទៅទៀត។ លើសពីនេះទៅទៀតនោះ ក្រុមអ្នកគាំទ្រគម្រោងស្តារនេះបានលើកឡើងអំពីបាតុកម្ម កាលពីឆ្នាំ ២០១១ ដែលបានចាប់ផ្តើមនៅ Tottenham នោះគឺជាភស្តុតាងមួយដែលសង្កត់បន្ថែមថា បញ្ហាក្នុងតំបន់នេះត្រូវតែមានដំណោះស្រាយសមស្រប។
លោក Mark Brearley សាស្ត្រាចារ្យនៅសកលវិទ្យាល័យ London Metropolitan University ផ្នែកកម្មវិធី Cass Cities បានលើកឡើងថា ៖ «អ្នករស់នៅទីក្រុងឡុងដ៍ មិនមានកន្លែងណាដែលមិនជួបប្រទះនឹងគំនាបនេះនោះទេ។ Tottenham គឺជាគំរូមួយនៃកន្លែងផ្សេងៗទៀតក្នុងទីក្រុងឡុងដ៍»។
ប្រសិនបើគម្រោងនេះដំណើរការទៅមុខ ហើយបើទោះជាវានឹងផ្លាស់ប្តូរនាពេលឆាប់ៗខាងមុខជាមួយនឹងគោលបំណងធ្វើឲ្យតំបន់នេះមានភាពល្អប្រសើរក្តី ក៏ប្រជាជនជាច្រើនកំពុងមានក្តីបារម្ភខ្លាចគេបណ្តេញចេញ។
គម្រោងជាច្រើនកំពុងតែត្រូវបានរៀបចំឡើង។ ក្រុមបាល់ទាត់ក្នុងតំបន់ Premier League ឈ្មោះ Tottenham Hotspur កំពុងតែធ្វើការកែលម្អពហុកីឡដ្ឋានផងដែរ ដែលមានតម្លៃ៧៥០លានផោន ឬមួយកោដិដុល្លារ(មួយពាន់លានដុល្លារ)។ ស្ថានីយរថភ្លើង និងផ្លូវក្រោមដីកំពុងត្រូវបានកែលម្អថ្មី ហើយសាលា និងសេវាសុខភាពកំពុងត្រូវបានធ្វើឲ្យកាន់តែមានភាពល្អប្រសើរខណៈលំនៅឋាន១ម៉ឺនខ្នង កំពុងត្រូវបានគេសាងសង់បន្ថែមថ្មី ហើយផ្សារ Seven Sisters Indoor Market ក៏នឹងត្រូវសាងសង់ថ្មីឡើងវិញដែរ។
លោក Alan Strickland សមាជិកក្រុមប្រឹក្សាអាជ្ញាធរនៅក្នុងតំបន់ដែលរៀបចំគម្រោងស្តារនេះបានលើកឡើង ថា ៖ «នេះជាមហិច្ឆតាដ៏ធំមួយ។ ឧបសគ្គក៏មានទំហំធំខ្លាំងផងដែរ»។
អាជីវករ និងឈ្មួញក្នុងផ្សារនេះ ដែលភាគច្រើនជាជនជាតិកូឡុំប៊ី តែក៏មានជនជាតិប៉េរូ អេក្វាទ័រ ប្រេស៊ីល និងមកពីតំបន់នានានៃទ្វីបអាហ្វ្រិកផងដែរនោះ នឹងត្រូវប្តូរមកផ្លូវម្ខាងទៀតអំឡុងឆ្នាំ២០២០ខាងមុខ ខណៈពេលដែលផ្សារនេះត្រូវបានសាងសង់ថ្មី។ បន្ទាប់ពីនោះ២ឆ្នាំក្រោយមក ពួកគេនឹងអាចរើត្រឡប់ទៅវិញ នេះបើយោងតាមសម្តីរបស់ក្រុមប្រឹក្សាអាជ្ញាធរប្រចាំតំបន់ និង Grainger ដែលជាក្រុមហ៊ុនទទួលបន្ទុកការសាងសង់។
ក្រុមហ៊ុន Grainger ទទួលស្គាល់ថា ថ្លៃឈ្នួលតូបសម្រាប់អាជីវករមួយចំនួននឹងឡើងថ្លៃ ប៉ុន្តែនឹងមានតម្លៃសមរម្យបំផុតបើធៀបនឹងតម្លៃឈ្នួលនៅផ្សារផ្សេងៗ។ ពួកគេសន្យារក្សាការដំឡើងថ្លៃឈ្នួលត្រឹមតែ២ភាគរយប៉ុណ្ណោះ សម្រាប់រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២០តទៅ។
Alvarez មានវ័យ៤៧ឆ្នាំនោះ ក៏បានប្រឆាំងទៅនឹងគម្រោងនេះផង ដែរ។ នាង និងអ្នករួមការងាររបស់នាងចង់ឲ្យមានការធានាច្បាស់លាស់ និងខ្លាំងជាងនេះលើការគ្រប់គ្រងតម្លៃជួលតូប សំណងហិរញ្ញវត្ថុច្រើនជាងនេះ និងតម្លាភាពកាន់តែច្បាស់អំពីគម្រោងនេះ។ ពួកគេបានប្តឹងទៅតុលាការរបស់ចក្រភពអង់គ្លេស ហើយថែមទាំងទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្សឈរនៅខាងពួកគេទៀតផង។
ប្រជាជនក្នុងតំបន់ផ្សេងៗជាច្រើនទៀតក៏បានប្រឆាំងទៅនឹងការផ្លាស់ប្តូរនេះផងដែរ ដែលពួកគេមិនពេញចិត្ត និងចាត់ទុកថា ជាការស្តារដើម្បីស្វែងរកផលចំណេញពីប្រជាជនមានប្រាក់ចំណូលខ្ពស់ជាងមធ្យម។
ផុតពីផ្សារនេះបន្តិចស្ថិតនៅបណ្តោយផ្លូវ High Road ដដែលនោះ បងប្អូនប្រុសភ្លោះដែលបើកហាងមាន់បំពងឈ្មោះ Chick King ក៏មានក្តីបារម្ភផងដែរ។ ហាងរបស់ពួកគេ គឺស្ថិតនៅចំពីមុខកីឡដ្ឋានបាល់ទាត់តាំងពីឆ្នាំ១៩៨១មកម្ល៉េះ។ យ៉ាងណាមិញ ហាងកាហ្វេរបស់ពួកគេដែលមានផ្ទះ និងហាងទំនិញនៅជាប់ៗគ្នានោះ ក៏កំពុងប្រឈមនឹងការវាយកម្ទេចចោលសម្រាប់ធ្វើជាផ្លូវតភ្ជាប់ពីកីឡដ្ឋាននេះទៅស្ថានីយរថភ្លើងដែលនឹងសាងសង់ក្នុងពេលឆាប់ៗនេះផងដែរ។
លោក Alex Tryfonos ជាបងប្អូនភ្លោះនោះបានថ្លែងថា ៖ «សហគមន៍នេះចង់ឃើញភាពប្រសើរ ប៉ុន្តែមិនមែនវាយកម្ទេចតំបន់នេះទាំងមូលចោលនោះទេ»៕