ក្រុមអ្នកជំនាញ និងអ្នកវិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅតែមានសុទិដ្ឋិនិយមពីដំណើរវិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យនៅឆ្នាំ ២០១៨ នេះ វាជាអ្វីដែលផ្តល់ទំនុកចិត្តក្នុងវិស័យនេះ ខណៈការបារម្ភតិចតួចពីប្រជាពលរដ្ឋកំពុងកើតមាន។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃចន្ទថា ឆ្នាំ ២០១៨ មានវិស័យមួយចំនួននឹងកើនឡើងនូវការផ្គត់ផ្គង់ និងប្រកួតប្រជែងកាន់តែខ្លាំង ដោយចំនួនខុនដូ ១៣ ០០០ យូនីត នឹងដាក់ចូលទីផ្សារនៅឆ្នាំនេះ ដែលធ្វើឲ្យទីផ្សារជួលកើនឡើង។ ចំណែកតម្រូវការអគារការិយាល័យនៅតែល្អប្រសើរ ដោយអគារកម្រិត B និង C មានតម្រូវការខ្ពស់ ខណៈផ្សារទំនើប ក៏កំពុងមានការប្រែប្រួលខ្លាំងផងដែរ ដោយសារផ្សារទំនើបលំដាប់អន្តរជាតិ២ទៀត នឹងបើកដំណើរការក្នុងឆ្នាំនេះ។
អ្នកនាងបន្តថា ៖ «ខ្ញុំគិតថាលំហូរ FDI នៅតែមានស្ថិរភាព មិនធ្លាក់ចុះនោះទេ ហើយទីផ្សារនេះកំពុងមានតម្រូវការស្រូបយកច្រើនដែលធ្វើឲ្យការទិញលក់បុរីនៅតែល្អប្រសើរ»។
អ្នកនាងបន្តថា ៖ «ទីផ្សារបុរីបានងាកមកកាន់តម្លៃសមរម្យ ហើយកម្លាំងទិញនៅតែខ្លាំង ព្រោះបុរីផ្តោតលើប្រជាជនក្នុងស្រុក»។
នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពអចលនទ្រព្យនឹងមិនប្រែប្រួលខ្លាំងនោះទេ ព្រោះចុងឆ្នាំ ២០១៧ មានគម្រោងធំ ២ បានបើកសម្ពោធជាអ្វីដែលផ្តល់ទំនុកចិត្តដល់ទីផ្សារនេះ។ ជាមួយនេះសកម្មភាពនៃការទិញលក់ ជួលនៅក្នុងក្រុមហ៊ុនរបស់យើង នៅតែមានភាពសកម្មទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។
អ្នកនាងបន្តថា ចំណែកទីផ្សារខុនដូនៅតែមានសក្តានុពល ដោយគម្រោងដែលបានសាងសង់កាលពីមុនបានបញ្ចប់ច្រើន ហើយការលក់នៅតែល្អ សម្រាប់គម្រោងដែលមានតម្លៃសមរម្យ ប៉ុន្តែខុនដូតម្លៃខ្ពស់ និង ស្ថិតនៅទីតាំងមិនអំណោយផលជួបការលំបាក។
អ្នកនាងបន្តថា ៖ «បើសិនជាពិនិត្យមើល លំហូរ FDI វិញ ខ្ញុំគិតថា អាចស្ថិតក្នុងសភាពទ្រឹង ឬអាចធ្លាក់ចុះតិចតួច ព្រោះអ្នកវិនិយោគពីអឺរ៉ុបមានការបារម្ភ ប៉ុន្តែ អ្នកវិនិយោគក្នុងតំបន់អាស៊ី ពួកគេនៅតែចូលមកកាន់ទីនេះ»។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងឲ្យដឹងផងដែរថា ឆ្នាំ ២០១៨ គ្មានអ្វីជាឧបសគ្គនោះទេ ព្រោះស្ថានភាពអាចគ្រប់គ្រងបាន ទោះបីវាជាឆ្នាំនៃការបោះឆ្នោតក្តី ប៉ុន្តែបើមើលតម្លៃដីធ្លី ឬអចលនវត្ថុដទៃទៀត នៅតំបន់ខ្លះបានកើនឡើងថ្លៃខ្ពស់ខ្លាំងរួចទៅហើយ ដូច្នេះអ្នកទិញមានតែទិញយកទៅប្រើប្រាស់ ហើយការប្រែប្រួលតម្លៃដីធ្លី វាអាស្រ័យលើដីនោះស្ថិតនៅតំបន់ណាមួយ។
លោកបន្តថា ៖ «តម្លៃដីមិនធ្លាក់ថ្លៃទេ ប៉ុន្តែវាពិបាកលក់បន្តិច ដោយសារចំនួនអ្នកទិញមិនសូវមានសម្ទុះខ្លាំង ហើយវាមិនធ្លាក់ចុះដូចឆ្នាំ២០០៨ទេ ព្រោះឆ្នាំ២០០៨ អ្នកវិនិយោគបានប្រើប្រាស់លុយពីធនាគារ ប៉ុន្តែក្រោយឆ្នាំ២០០៨ អ្នកវិនិយោគភាគច្រើនផ្តោតលើលុយសុទ្ធ»។
លោកបន្តថា ចំណែកទីផ្សារខុនដូវិញមិនមានហានិភ័យនោះទេ ដោយសារមួយរយៈចុងក្រោយនេះ ប្រជាជនក្នុងស្រុកទិញខុនដូកើនឡើងប្រមាណ ៥ភាគរយ នៃការទិញលក់សរុប។
ទោះជាយ៉ាងណាលោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មិនសូវមានសុទិដ្ឋិនិយមច្រើនទេ ទាក់ទងនឹងតម្លៃដីធ្លី និងតម្រូវការទិញលក់ក្នុងវិស័យនេះដោយលោកបានថ្លែងថា តម្លៃដីធ្លីនឹងមានការប្រែប្រួល ព្រោះប៉ុន្មានឆ្នាំនេះអ្នកលក់ជាអ្នកកំណត់តម្លៃ ប៉ុន្តែក្នុងពេលនេះអ្នកទិញជាអ្នកកំណត់តម្លៃជំនួសវិញ ព្រោះមានអ្នកចង់លក់ច្រើន អ្នកទិញតិច ហេតុនេះទីផ្សារ គឺអ្នកទិញជាអ្នកកំណត់តម្លៃ។
លោកបន្តថា បើនិយាយពីខុនដូ គឺចប់ហើយ ព្រោះអ្នកដែលបានសាងសង់ និងអ្នកជាប់គាំងបានបញ្ចប់អស់ហើយ ប៉ុន្តែគម្រោងថ្មីៗប្រកាសសាងសង់ទំនងជាមិនមានច្រើននោះទេ។
លោកបន្តថា ៖ «បើសិនជាមើលលំហូរទុនវិនិយោគផ្ទាល់ពីបរទេស ខ្ញុំគិតថាមិនកើនឡើងទេប៉ុន្តែក៏នឹងមិនធ្លាក់ចុះដែរ»។ លោកបន្ថែមថា ៖ «ចំណែកទីផ្សារលំនៅឋាននឹងនៅតែល្អ ប៉ុន្តែលំនៅឋានតម្លៃសមរម្យមានប្រជាប្រិយភាពជាង»។
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន កម្ពុជា បានថ្លែងឲ្យដឹងថា ជាទូទៅការវិនិយោគក្នុងវិស័យសំណង់ និងអចលនវត្ថុមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែទីផ្សារលំនៅឋានមានតម្លៃខ្ពស់ហាក់ទ្រឹងបន្តិច ប៉ុន្តែលំនៅឋានមានតម្លៃទាបសម្រាប់ប្រជាជនមានជីវភាពមធ្យម នៅតែមានភាពល្អប្រសើរ ហើយការវិនិយោគក្នុងវិស័យនេះ នឹងនៅតែបន្តកើនឡើង ដោយអ្នកវិនិយោគជាតិ អន្តរជាតិ ពិសេសអ្នកវិនិយោគចិន កូរ៉េ ជប៉ុន សិង្ហបុរី ជាដើមនៅតែចូលមកកម្ពុជា។
លោកឧកញ៉ាបន្តថា ៖ «អ្វីៗនៅតែល្អប្រសើរសម្រាប់ឆ្នាំនេះ ទាំងការចាប់ផ្តើមពីអ្នកវិនិយោគក្នុងស្រុក និងលំហូរនៃអ្នកវិនិយោគអន្តរជាតិនានា»៕