ទីផ្សារអាផាតមិននៅកម្ពុជា នាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗដោយសារការផ្គត់ផ្គង់បានកើនឡើងជាលំដាប់ ដែលជាហេតុធ្វើឲ្យអត្រាជួលជាទូទៅក្នុងវិស័យនេះធ្លាក់ចុះមួយចំនួន។
របាយការណ៍របស់ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ដែលបង្ហាញកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ចំនួនអគារអាផាតមិននៅក្នុងរាជធានីភ្នំពេញបានកើនឡើងប្រមាណ ២០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ។ ទន្ទឹមនឹងចំនួននៃការកើនឡើងនេះក៏បានធ្វើឲ្យអត្រានៃការជួលស្នាក់នៅក៏ដូចជាជួលសម្រាប់បើកការិយាល័យផ្សេងៗមានការថយចុះប្រមាណ៨ភាគរយ។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ដែលបានវិនិយោគលើវិស័យនេះផ្ទាល់នៅតែមានសុទិដ្ឋិនិយមដោយលោកឧកញ៉ាបាននិយាយកាលពីថ្ងៃអង្គារថា ការផ្គត់ផ្គង់អាផាតមិនមានការកើនឡើងច្រើន ខណៈដែលអត្រាជួលបានថមថយតិចតួចតែទោះបីជាយ៉ាងណាបញ្ហាទាំងអស់នេះមិនមានសញ្ញាអ្វីដែលគួរឲ្យព្រួយបារម្ភនោះទេ។
លោកឧកញ៉ា នួន រិទ្ធី មានប្រសាសន៍ថា ៖ “ខ្ញុំនៅតែមើលឃើញសញ្ញាវិជ្ជមានក្នុងវិស័យនេះ ព្រោះចំនួនជន បរទេសចូលមកកម្ពុជានៅតែបន្តកើនឡើងពិសេសក្រុមអ្នកវិនិយោគ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានយល់ស្របនឹងការលើកឡើងខាងលើ ដោយអ្នកនាងបាននិយាយថា អត្រាជួលអាផាតមិននៅកម្ពុជានាពេលនេះមិនបានធ្លាក់ចុះនោះទេ។
អ្នកនាងប្រាប់ទៀតថា បច្ចុប្បន្នមានខុនដូ មួយចំនួនត្រូវបានគេយកមកបំប្លែងសម្រាប់ដាក់ជួលផងដែរ ដោយខុនដូសម្រាប់ជួលភាគច្រើនមានតម្លៃទាបជាងសេវាអាផាតមិន គឺតម្លៃជួលប្រមាណ ១៥ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់រយៈពេល ១ ខែ ចំណែកសេវាអាផាតមិន មានតម្លៃចន្លោះពី ១៨ ទៅ ២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
របាយការណ៍ CBRE Cambodia បានរកឃើញថា ចំនួនអាផាតមិន គិតត្រឹមដំណាច់ឆ្នាំ២០១៦ មានចំនួន៦,៥០០យូនីត និងឆ្នាំ២០១៧ មានចំនួន១,២០០យូនីត បន្ថែមទៀតត្រូវបានដាក់ចូលទីផ្សារ។
អ្នកនាង សុធីតា បន្តថា ៖ “នៅឆ្នាំនេះសេវាអាផាតមិន អាចនឹងមានភាពប្រកួតប្រជែងខ្លាំងលើតម្លៃ គុណភាព សេវាកម្ម និងការគ្រប់គ្រង”។
នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បានប្រាប់ឲ្យដឹងដែរថា សេវាអាផាតមិន នៅតែមានអត្រាជួលខ្ពស់ ប៉ុន្តែសម្រាប់អាផាតមិន ដែលស្ថិតនៅតំបន់ឆ្ងាយៗ និងមានសេវាកម្មមិនសូវល្អ មិនមានបំពាក់សម្ភារទំនើបៗ និងតំបន់ជុំវិញមិនមានហេដ្ឋារចនាសម្ព័ន្ធងាយស្រួល ពិតជាពិបាករកអតិថិជន។ សម្រាប់អាផាតមិន ដែលស្ថិតនៅក្នុងតំបន់បឹងកេងកង ១ គឺនៅតែមានអតិថិជនជួលពេញៗ ដោយអ្នកជួលភាគច្រើនជាមន្ត្រីអង្គទូត នាយកក្រុមហ៊ុនធំៗ និងអ្នកបម្រើការងារអង្គការអន្តរជាតិ។
អាផាតមិន នៅតំបន់បឹងកេងកង១ភាគច្រើនជាអាផាតមិន កម្រិត A និង A Plus។ ចំណែកអ្នកជួលអាផាតមិន នៅតំបន់ទួលទំពូង ភាគច្រើនជានាយកក្រុមហ៊ុន និងជាគ្រូបង្រៀននៅសាលាអន្តរជាតិធំៗ ព្រោះអាផាតមិននៅតំបន់នេះភាគច្រើនជាកម្រិត B និង C។
អ្នកនាងបន្តថា ៖ “ទោះជាយ៉ាងណា អាផាតមិន កម្រិត A ពិបាករកអតិថិជនជួលបន្តិចដោយសារវាមានតម្លៃថ្លៃ ប៉ុន្តែសម្រាប់អាផាតមិនកម្រិត A Plus និង B គឺនៅតែមានទីផ្សារល្អដដែល។
អ្នកនាងបន្តថា ៖ “អ្នកទាំងនោះភាគច្រើនពួកគេមកធ្វើការនៅទីនេះជាលក្ខណៈគ្រួសារ និងធ្វើការរយៈពេលវែងនៅកម្ពុជា”៕